មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប លោក ចូសែប បូរែល បានឲ្យដឹងថា សហភាពអឺរ៉ុបទាំងមូលនឹងផ្តើមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើ ក្រុមយោធាភូមាទាំងអស់ ដែលមានជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារថ្ងៃទី១កុម្ភៈ។
ជាមួយគ្នានេះសហភាពអឺរ៉ុបក៏នឹងដកហូតយកមកវិញនូវថវិកាជំនួយអភិវឌ្ឍន៍ខ្លះ ដែលសហភាពអឺរ៉ុបគិតថា បានផ្តល់ផលប្រយោជន៍ឲ្យរបបសឹក។
យ៉ាងណាមិញ សហភាពអឺរ៉ុប បានបង្ហាញពីជំហរមនុស្សធម៌ដល់ពលរដ្ឋភូមា តាមរយៈការគូសបញ្ជាក់ថា ខ្លួននឹងមិនផ្អាកការធ្វើពាណិជ្ជកម្មដោះដូរទំនិញជាមួយភូមានោះឡើយ។ មិនបញ្ឈប់ពាណិជ្ជកម្មរវាងគ្នា ក៏ដោយសារតែអឺរ៉ុបមើលឃើញថា វាអាចនឹងប៉ះពាល់ខ្លាំងដល់ប្រជាជនទូទៅ។
សូមរំឭកជូនផងដែរថា អឺរ៉ុបមិនមែនជាអ្នកទី១នោះទេ ក្នុងការប្រកាសដាក់ទណ្ឌកម្មលើក្រុមយោធា ដែលនៅពីក្រោយការធ្វើរដ្ឋប្រហារនៅភូមា ពោលគឺកន្លងមកក៏មានដែរ ទណ្ឌកម្មគ្រប់រូបភាពផ្សេងៗគ្នា ពីសំណាកបណ្តាប្រទេសធំៗក្នុងលោកដូចជា អាមេរិក អង់គ្លេស កាណាដា ញ៉ូសេលេន បូករួមទាំងធនាគារពិភពលោកផងដែរ ដែលថ្មីៗនេះបានសម្រេចផ្អាកការផ្តល់ជំនួយដល់ភូមា។
ដោយឡែក ប្រទេសផ្សេងៗទៀត រួមមានប្រទេសមួយចំនួននៅអាស៊ានផងដែរ ក៏បាននិងកំពុងបន្តទទូច និងអំពាវនាវឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ខណៈបាតុកម្មក្នុងប្រទេសហាក់មានសភាពហឹង្សាឡើងៗ ក្រោយមានការបង្ក្រាបពីយោធា ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាបន្តបន្ទាប់៕