អ៊ីស្រាអែល

EU ចង់ពឹងអ៊ីស្រាអែលឲ្យជួយ ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើការនាំចូលថាមពលពីរុស្ស៊ី


ពេលនេះសហភាពអឺរ៉ុបកំពុងតែសំឡឹងឃើញប្រទេសអ៊ីស្រាអែល ដើម្បីជួយប្លុកនេះ ក្នុងការកាត់បន្ថយការពឹងផ្អែកទាំងស្រុង លើការនាំចូលថាមពលពីរុស្ស៊ី ក្រោយពីរុស្ស៊ីបានបង្កសង្គ្រាមឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ នេះបើតាមប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបលោកស្រី អ៊ឺស៊ូឡា វ៉ុន ឌឺ ឡេយ៉េន (Ursula von der Leyen) បានបញ្ជាក់អះអាងនៅថ្ងៃទី ១៤មិថុនា។
photo_2022-06-16_14-15-47
ដោយ

ប្រមុខនាយកប្រតិបត្តិសហភាពអឺរ៉ុបលោកស្រី ឌឺ ឡេយ៉េន បាននិយាយក្នុងសន្និសីទព័ត៌មានរួមមួយ ជាមួយនាយករដ្ឋមន្ត្រីអ៊ីសា្រអែលលោក ណាហ្វតាលី បេនណិត នៅថ្ងៃទី១៤មិថុនា ថា សហភាពអឺរ៉ុបចង់បង្កើនកិច្ចសហប្រតិបត្តិការថាមពលជាមួយប្រទេសអ៊ីស្រាអែល។

លោកស្រី ឌឺឡេយ៉េន បានបន្ថែមថា សហភាពអឺរ៉ុប (EU) គឺជា "អតិថិជនដ៏ធំបំផុត និងសំខាន់បំផុត" របស់ប្រទេសរុស្ស៊ី ក្នុងការផ្គត់ផ្គង់ថាមពល ប៉ុន្តែការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានជំរុញឱ្យប្លុកនេះងាកចេញពីការនាំចូលឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី ហើយក៏បានសំឡឹងឃើញការជំរុញបង្កើនការនាំចូលឧស្ម័នធម្មជាតិពីប្រទេសដែលស្ថិតនៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើតគឺអ៊ីស្រាអែលផងដែរ។

ប្រធានសហភាពអឺរ៉ុបរូបនេះបានបន្ថែមទៀតថា ប្រទេសអឺរ៉ុបទាំង ២៧ ជាមួយនឹងប្រទេសអ៊ីស្រាអ៊ែល និងអេហ្ស៊ីបគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយនៅសប្ដាហ៍នេះ ដើម្បីឲ្យអ៊ីស្រាអែលនឹងនាំចេញឧស្ម័នធម្មជាតិតាមបំពង់បង្ហូរទៅកាន់ប្រទេសអេ ហ្ស៊ីប ជាកន្លែងដែលឧស្ម័ននេះនឹងបំប្លែងទៅជាឧស្ម័នធម្មជាតិរាវ ឬហៅថា LNG បន្ទាប់មកបញ្ជូនបន្តទៅតាមរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់នេះ។

លោកស្រី ឌឺឡេយ៉េន បាននិយាយថា វាមានសារៈសំខាន់ណាស់សម្រាប់សហភាពអឺរ៉ុប ហើយលោកស្រីពិតជាអរគុណខ្លាំងណាស់ ដែលសហភាពអឺរ៉ុប និងអ៊ីស្រាអែលកំពុងពិភាក្សាពីគម្រោងដ៏គួរឱ្យចាប់អារម្មណ៍នេះ ហើយអ៊ីស្រាអែលមានឆន្ទៈក្នុងការបង្កើនការចែកចាយឧស្ម័នទៅកាន់សហភាពអឺរ៉ុបតាមរយៈប្រទេសអេហ្ស៊ីបបែបនេះ។

រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែលលោកស្រី ការីន អែលហារ៉ា (Karin Elharrar) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រីនឹងធ្វើដំណើរទៅកាន់ទីក្រុងគែរនៅប្រទេសអេហ្ស៊ីបដើម្បីរៀបចំសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីរវាងអ៊ីស្រាអែល សហភាពអឺរ៉ុប និងអេហ្ស៊ីប។

លោក Bennett នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានស្វាគមន៍ចំពោះអ្វីដែលលោកហៅថាជាគន្លងផ្លូវដ៏"រឹងមាំនិងវិជ្ជមាន"នៅក្នុងទំនាក់ទំនងអ៊ីស្រាអែលជាមួយសហភាពអឺរ៉ុបដោយលោកបានបន្ថែមថា "ពាណិជ្ជកម្ម ការច្នៃប្រឌិត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកំពុងកើនឡើង"។

លោក បេនណិត បាននិយាយទៀតថា បន្ទាប់ពីបានផ្លាស់ប្តូរពីអ្នកនាំចូលសុទ្ធទៅជាអ្នកនាំចេញឧស្ម័នក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសអ៊ីស្រាអែលកំពុងធ្វើការងារដើម្បីផលិតឧស្ម័នបន្ថែមទៀត ពីដែនទឹករបស់ខ្លួននៅភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ។

ក្នុងកិច្ចប្រជុំដាច់ឡែកមួយទៀតជាមួយលោក បេនណិត កាលពីថ្ងៃអង្គារ លោក ម៉ារីយ៉ូ ដ្រាហ្គី (Mario Draghi) នាយករដ្ឋមន្ត្រីអ៊ីតាលីបាននិយាយថា ប្រទេសរបស់លោកក៏កំពុងសម្លឹងរកមើលការកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើឧស្ម័នរបស់រុស្ស៊ីផងដែរ ដោយធ្វើការជាមួយអ៊ីស្រាអែល និងទទួលបានធនធានឧស្ម័នពីប្រទេសស្ថិតនៅសមុទ្រមេឌីទែរ៉ាណេនេះផងដែរ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ក្រុមអ្នកបើកបរឡានដឹកទំនិញនៅកូរ៉េខាងត្បូងបានត្រឡប់ចូលធ្វើការវិញហើយ ក្រោយពីធ្វើកូដកម្មជាង១សប្ដាហ៍

ក្រោយពីបានធ្វើកូដកម្មតវ៉ាអស់រយៈពេលជាង១សប្ដាហ៍ នៅទីបំផុត ក្រុមសហជីពបើករថយន្តដឹកទំនិញនៅប្រទេសកូរ៉េខាងត្បូងបានត្រឡប់ទៅធ្វើការងារវិញហើយនៅថ្…

«លើសពីពានរង្វាន់» អ្នកស្នេហាកីឡាបាល់ទាត់កម្ពុជាទទួលបានឱកាសដ៏កម្រ ដើម្បីទទួលបទពិសោធន៍ពីព្រឹត្តិការណ៍ FIFA World Cup™ Trophy Tour នាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា

អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជារាប់ពាន់នាក់បាននាំគ្នាមកទទួលយកបទពិសោធន៍អស្ចារ្យពីពានបាល់ទាត់ពិភពលោក “FIFA World Cup™ Trophy” ជាមួយក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ