គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ពន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយ កម្មកសិកម្ម ហៅកាត់ថា (SAAMBAT) គឺជាការវិនិយោគ ក្នុងភាពជាដៃគូ ក្នុងទឹកប្រាក់ចំនួន ១២២ លានដុល្លារ (១០៥ លានអឺរ៉ូ) ពីមូលនិធិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម(IFAD) ធនាគារវិនិយោគអឺរ៉ុប(EIB) និងរាជរដ្ឋាភិបាលកម្ពុជា ។ គម្រោង SAAMBAT ត្រូវបានរៀបចំឡើង ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវផ្លូវជនបទ ការតភ្ជាប់ទំនាក់ទំនង ទូទាំងប្រទេស ការលើកកម្ពស់ភាពធន់នឹងគ្រោះធម្មជាតិ និងការឆ្លើយតបចំពោះបញ្ហាខ្វះស្បៀងតាមរដូវ។
ក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណង តាមប្រព័ន្ធអនឡាញ បានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី៤ ខែតុលា កន្លងទៅ ដោយមានការចូលរួមពីលោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប(EIB) និងជាមន្ត្រីទទួលបន្ទុកប្រតិបត្តិការធនាគារ EIB នៅកម្ពុជា លោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជា។
លោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប(EIB) និងជាមន្ត្រីទទួលបន្ទុកប្រតិបត្តិការធនាគារ EIB នៅកម្ពុជា បាននិយាយថា EIB មានមោទនភាពយ៉ាងខ្លាំង ចំពោះការបន្តរួមចំណែក ក្នុងការងើនឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ពីជំងឺរាតត្បាតកូវីដ-១៩ និងដល់ការអភិវឌ្ឍបៃតងប្រកបដោយនិរន្តរភាព និងយូរអង្វែងផងដែរ របស់ប្រទេសកម្ពុជា។ អនុធនាគាររូបនេះ ក៏បានគូសបញ្ជាក់ដែរថា ជំនួយរបស់សហភាពអឺរ៉ុបនេះ គឺជាជំហានមួយទៀត ឆ្ពោះទៅរកភាពជាដៃគូ កាន់តែជិតស្និទ រវាងសហភាពអឺរ៉ុប និងកម្ពុជា ហើយសំខាន់ជាងនេះ នឹងជះឥទ្ធិពលផ្ទាល់ទៅលើគុណភាពជីវិត របស់ប្រជាជនកម្ពុជា រាប់សែននាក់។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកថា ជំនួយឥតសំណងនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការ ពន្លឿនការអភិវឌ្ឍន៍ដោយចីរភាពនៃសហគមជនបទ នៅកម្ពុជា ក៏ដូចជា ការស្ដារឡើងវិញពីការរាតត្បាតសាកលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា តាមរយៈគម្រោងនេះ នឹងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមទីជនបទ ប្រមាណ ២០ម៉ឺនគ្រួសារ និងបង្កើតការងារ ចំនួន ៤ពាន់៥រយកន្លែង ពិសេសសម្រាប់យុវជន និងការបង្កើតសហគ្រាសខ្នាតតូច និងមធ្យមថ្មី ចំនួន ៥រយកន្លែង ទូទាំងប្រទេសកម្ពុជា៕