កិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប-អូស្ត្រាលី

អឺរ៉ុបពន្យារពេលពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអូស្ត្រាលីជាលើកទី២


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលីកាលពីចុងសប្ដាហ៍មុននេះ បានអះអាងថា សហភាពអឺរ៉ុបបានសុំពន្យារពេលពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងអូស្ត្រាលី ជាលើកទី២ហើយ ខណៈដែលការពន្យារកាលពីលើកទី១នោះ ត្រូវបានធ្វើឡើងកាលពីដើមខែតុលា។
ទំនិញកុងតឺន័រ អូស្រ្តាលី-អឺរ៉ុប

ការ​ពន្យារពេល​លើក​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​បារាំង ដែល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុង​កង់​បេ​រ៉ា ដែល​បាន​សម្រេច​លុប​ចោល​កុងត្រា​នាវាមុជទឹក​ជាមួយ​បារាំង​តម្លៃ​ដល់​ទៅ ៤០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​អូស្ត្រាលី បែរជា​ទៅ​ទិញ​នាវាមុជទឹក​ថ្មី​ពី​ប្រទេស​សម្ព័ន្ធមិត្ត AUKUS​របស់​ខ្លួន​ទៅ​វិញ​។

លោក ដាន តេ​ហាន (Dan Tehan) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អូស្ត្រាលី​បាន​និយាយ​ថា កិច្ច​ពិភាក្សា​រវាង​អូស្ត្រាលី​ជាមួយនឹង​អឺរ៉ុប​លើក​ទី​១២ ស្ដី​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី គឺ​ត្រូវ​បាន​ពន្យារពេល​ទៀត​ហើយ ដែល​នេះ​គឺជា​ការ​ពន្យារពេល​លើក​ទី​២​ហើយ​នៅ​ក្នុង​ខែតុលា​នេះ​។ បន្ទាប់​ពី​នេះ​ទៅ គេ​ត្រូវ​រង់ចាំ​ដល់​ខែកុម្ភៈ​ឆ្នាំ​២០២២ ទើបនឹង​ដល់​ថ្ងៃ​ត្រូវ​បើក​កិច្ច​ពិភាក្សា​ជា​ថ្មី​ម្ដងទៀត​។

យ៉ាងណា​ក៏​ដោយ​ចុះ គណៈកម្មការ​អឺរ៉ុប​ដែល​ត្រួតពិនិត្យ​គោលនយោបាយ​ពាណិជ្ជកម្ម​សម្រាប់​សហភាព​អឺរ៉ុប​ទាំង​២៧​ប្រទេស បាន​និយាយ​ថា ខ្លួន​មិន​បាន​កំណត់ពេល​ចាប់ផ្ដើម​ចរចា​ពាណិជ្ជកម្ម​ឡើង​វិញ​នៅ​ក្នុង​ខែវិច្ឆិកា​នោះ​ទេ ដោយ​គ្មាន​កាលបរិច្ឆេទ​ថ្មី​កំណត់​សម្រាប់​កិច្ច​ពិភាក្សា​លើក​ទី​១២​នៃ​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​-​អូស្ត្រាលី​នេះ​ដែរ​។ 

គេ​នៅ​ចាំ​បាន​ថា ប្រទេស​អូស្ត្រាលី កាលពី​ខែកញ្ញា បាន​លុប​ចោល​កិច្ចព្រមព្រៀង​ជាមួយ​បារាំង ដើម្បី​បង្កើត​កង​នាវាមុជទឹក ហើយ​បែរ​ទៅ​ជា​បង្កើត​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែ​យ៉ាងតិច​៨​គ្រឿង​ដោយ​ប្រើ​បច្ចេកវិទ្យា​របស់​អា​មេ​រិ​ក និង​អង់គ្លេស​ទៅ​វិញ ក្រោយ​ពី​ប្រទេស​ទាំង​៣​នេះ គឺ​អូស្ត្រាលី អា​មេ​រិ​ក និង​អង់គ្លេស បាន​ចុះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សន្ដិសុខ​ត្រីភាគី​មួយ ដែល​ហៅ​កាត់​ថា AUKUS​។

ក្រោយ​អូស្ត្រាលី​លុប​ចោល​កិច្ចព្រមព្រៀង​នាវាមុជទឹក​ជាមួយ​បារាំង ក៏​បាន​ធ្វើ​ឲ្យ​បារាំង​ក្ដៅស្លឹកត្រចៀក​មិន​តិច​នោះ​ទេ ចំពោះ​ទ​ង្វើ​របស់​អូស្ត្រាលី និង​អា​មេ​រិ​ក ដោយ​បារាំង​ចាត់​ទុក​ថា ខ្លួន​ដូច​ត្រូវ​គេ​យក​កាំបិត​មក​ចាក់​ចំ​ពីក្រោយ​ខ្នង​អ​ញ្ចឹ​ង​ដែរ ហើយ​ក្រុង​បារី​ស ក៏​បាន​ហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​ក្រុង​កង់​បេ​រ៉ា និង​វ៉ា​ស៊ិ​ន​តោន​ឲ្យ​ត្រឡប់​ចូល​ប្រទេស​វិញ​ភ្លាម​ៗ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ប្រទេស​អូស្ត្រាលី​ធ្លាប់​រំពឹង​ទុក​ថា នឹង​បញ្ចប់​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយនឹង​អឺរ៉ុប​នៅ​ចុងឆ្នាំ​២០២២​ខាង​មុខ​នេះ​។ ប៉ុន្ដែ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​កិច្ចចរចា​នេះ អាច​នឹង​បន្ដ​ទៅ​ទៀត​បាន ឬ​មិន​បាន​ទេ ដោយសារ​តែ​អឺរ៉ុប​បាន​ពន្យារពេល​ចរចា​២​លើក​ហើយ​ក្នុង​ខែតុលា​នេះ​។

កន្លង​មក អូស្ត្រាលី​ក៏​បាន​ស្វែងរក​ការ​កែសម្រួល​ទំនាក់ទំនង​ជាមួយ​អឺរ៉ុប និង​បារាំង​ខ្លាំង​ណាស់​ដែរ​នៅ​ប៉ុន្មាន​ស​ប្ដា​ហ៍​ថ្មី​ៗ​នេះ ដោយ​បាន​តែងតាំង​ជំនួយការ​ជាន់ខ្ពស់​របស់​នាយក​រដ្ឋមន្ត្រី លោក ស្កុ​ត ម៉ា​រី​សុ​ន​ឲ្យ​ធ្វើ​ដំណើរ​បេសកកម្ម​ទៅ​កាន់​អឺរ៉ុប​ផង​ដែរ​។

យ៉ាងណាមិញ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​អូស្ត្រាលី ក៏​បាន​ត្រឡប់​ទៅ​កាន់​ក្រុង​កង់​បេ​រាំ​វិញ​ហើយ​ដែរ នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​។ ជាមួយ​គ្នា​នេះ ឯកអគ្គរដ្ឋទូត​រូប​បារាំង នឹង​ធ្វើការ​វាយតម្លៃ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អូស្ត្រាលី ជុំវិញ​ការ​ប៉ះប៉ូវ​នូវ​ទំនាក់ទំនង​ជាមួយនឹង​បារាំង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បើគ្មានការផ្គត់ផ្គង់ពីប្រទេសជិតខាង តើវិស័យថាមពលកម្ពុជាអាចជួបបញ្ហាអ្វីខ្លះ?

ព័ត៌មាន
ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាបានគូសបញ្ជាក់ថា ការទិញលក់ថាមពលរវាងប្រទេសមួយទៅប្រទេសមួយវាជារឿងធម្មតាក្នុងវិស័យថាមពល ដ្បិតវាជាការធ្វើពាណិជ្ជកម្…

ចិនបង្កើនការនាំចូលអគ្គិសនីពីក្រៅប្រទេសកាន់តែច្រើន ដើម្បីបន្ថយសម្ពាធនៃវិបត្តិថាមពល

ព័ត៌មាន
ទិន្នន័យពីអាជ្ញាធរគយចិនបង្ហាញថា ខ្លួនបានបង្កើនការនាំចូលអគ្គិសនីពីប្រទេសកូរ៉េខាងជើង រុស្ស៊ី និង មីយ៉ាន់ម៉ា ចំពេលដែលប្រទេសខ្លួនមានការខ្វះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ