មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ បានបញ្ជាក់ថា ប្រទេសនៅអឺរ៉ុប ដែលនាំចូលផ្លែដូងពីប្រទេសថៃ បានចាប់ផ្ដើមយល់ពីការអនុវត្តបែបយូរយារមកហើយ របស់កសិករដាំដូងនៅក្នុងប្រទេសថៃដែលបង្រៀនសត្វស្វាឲ្យឡើងបេះផ្លែដូង ដោយទង្វើនេះ បានជំរុញឲ្យអរ៉ុបបានដាក់បម្រាមការនាំចូលដូងពីប្រទេសថៃអស់មួយរយៈ។ ប៉ុន្ដែ ក្រោយពីបានស្វែងយល់ពីរឿងនេះ អឺរ៉ុបបានចាប់ផ្ដើមយល់ និងបានដឹងច្បាស់ថា ការបង្រៀនសត្វស្វាឲ្យឡើងបេះផ្លែដូងនេះ គឺជាការអនុវត្តបែបប្រពៃណីយូរមកហើយ ហើយមានកសិករចំនួនតិចតួចប៉ុណ្ណោះ ដែលនៅមានអនុវត្តការប្រមូលផលដូងរបៀបនេះ។ ដូច្នេះហើយ ទើបជំរុញឲ្យអឺរ៉ុបនឹងដកចេញនូវបម្រាមនាំចូលផ្លែដូងពីប្រទេសថៃ នេះចេញវិញនៅពេលឆាប់ៗនេះ។
គេនៅចាំបានថា ដោយមានរបាយការណ៍មួយរបស់អង្គការមួយឈ្មោះ ភីតា (PETA) ដែលបានចោទប្រកាន់ថា កសិករថៃ បានរំលោភបំពានលើសត្វស្វា ក្នុងការបង្រៀនពួកវាឲ្យឡើងបេះផ្លែដូងនៅលើដើមជំនួសមនុស្ស។ ក្រោយពីមានការរាយការណ៍បែបនេះ អាជីវករអឺរ៉ុប ដែលលក់ដូងនាំចូលពីប្រទេសថៃបានសម្រេចឈប់ទិញផ្លែដូងពីថៃមកលក់បន្ដ។ ទោះយ៉ាងណា អគ្គនាយកនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រៅប្រទេសរបស់ថៃ លោក សម្តេច ស៊ូសមប៊ូន បាននិយាយថា យុទ្ធនាការទូលំទូលាយរបស់អាជ្ញាធរថៃ បានបង្ហាញថា សត្វស្វាតិចតួចណាស់ដែលបានចូលរួមក្នុងការប្រមូលផលផ្លែដូងតាមបែបប្រពៃណីនេះ ហើយសត្វស្វាទាំងនោះ មិនត្រូវបានគេរំលោភបំពានអ្វីឡើយ។ លោកស៊ូសមប៊ូន បន្ថែមថា ផ្លែដូងភាគច្រើនដែលត្រូវបាននាំចេញទៅនោះ គឺត្រូវបានបេះប្រមូលផលដោយកម្លាំងមនុស្ស ដោយសារតែដើមដូងទាំងនោះ មានកម្ពស់ទាបៗទេ ខណៈដែលសត្វស្វាត្រូវបានអ្នកភូមិមួយចំនួន ប្រើសម្រាប់ឡើងបេះដូងដើមចាស់ៗ ខ្ពស់ៗប៉ុណ្ណោះ។
បើតាមមន្ត្រីជាន់ខ្ពស់របស់ថៃរូបនេះ ក្រោយពីមានការពន្យល់បែបនេះ ខាងមន្ត្រីពាណិជ្ជកម្មនិងអ្នកលក់រាយនៃសហភាពអឺរ៉ុបបានបង្ហាញពីការយោគយល់របស់ពួកគេវិញ និងអាចទទួលយកផ្លែដូងពីប្រទេសថៃទៅលក់នៅអឺរ៉ុបជាថ្មីម្ដងទៀតបាន។
រាជរដ្ឋាភិបាលថៃ ក៏បានបដិសេធចំពោះរបាយការណ៍របស់អង្គការ Peta ផងដែរ ដោយបញ្ជាក់ថា មិនមានសត្វស្វាឯណាត្រូវបានយកមកប្រើឲ្យឡើងបេះផ្លែដូងសម្រាប់ខ្នាតជាឧស្សាហកម្ម ក៏ដូចជាសម្រាប់ឧស្សាហកម្មនាំចេញនោះទេ។ រាជរដ្ឋាភិបាលថៃ ក៏បានស្នើឲ្យមានការស៊ើបអង្កេតចំពោះដំណើរការផលិតកម្មរបស់ខ្លួន លើទំនិញនាំចេញទៅអឺរ៉ុបផងដែរ។
កាលពីឆ្នាំមុន ប្រទេសថៃ បានផលិតផ្លែដូងប្រមាណ៨០ម៉ឺន ៦ពាន់តោន និងបាននាំចេញទឹកដោះគោដូងមានតម្លៃប្រមាណជាង៣៩០លានដុល្លារអាមេរិក៕