ការឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន ក្រោយពីមានភាពតានតឹងកើនឡើងជាច្រើនឆ្នាំហើយនោះ វាបានជំរុញឱ្យបណ្តាប្រទេសអឺរ៉ុបមួយចំនួនប្រញាប់ប្រញាល់ពង្រឹងការការពាររបស់ពួកគេ។
លោក ភីធឺ ឌី វ៉េហ្សេម៉េន (Pieter D. Wezeman) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តូកហូម ហៅកាត់ថាស៊ីព្រី (SIPRI) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា តាមពិតទៅ ការនាំចូលអាវុធជាសាកលបានធ្លាក់ចុះរួចទៅហើយ។ ប៉ុន្តែបើមើលដោយឡែក ការនាំចូលអាវុធទៅកាន់តំបន់អឺរ៉ុបបានកើនឡើងយ៉ាងខ្លាំងទៅវិញដោយសារតែភាពតានតឹងរវាងប្រទេសរុស្ស៊ី និងបណ្ដារដ្ឋអឺរ៉ុបដទៃទៀត។
វិទ្យាស្ថានស្រាវជ្រាវ SIPRI បានកំណត់ពីអាវុធសំខាន់ៗមួយចំនួនដែលមានកំណើននាំចូលច្រើន រួមមាន យន្តហោះចម្បាំង នាវាចម្បាំង រថក្រោះ កាំភ្លើងធំ កាំជ្រួចមីស៊ីល និងប្រព័ន្ធការពារធុនធ្ងន់ផ្សេងៗទៀតផងដែរ។
បណ្ដារដ្ឋនៅអឺរ៉ុបដែលមានសម្ព័ន្ធភាពជាមួយអង្គការណាតូដឹកនាំដោយសហរដ្ឋអាមេរិកបានបង្កើនការនាំចូលអាវុធរបស់ពួកគេចំនួន ៦៥% បើធៀបនឹងរយៈពេល៥ឆ្នាំមុន។ ប៉ុន្តែនៅទូទាំងពិភពលោក ការដឹកជញ្ជូនអាវុធជាអន្តរជាតិបានធ្លាក់ចុះជាង ៥ %។ នេះបើយោងតាមវិទ្យាសា្ថនស្រាវជ្រាវ SIPRI ។
សហរដ្ឋអាមេរិក គឺជាប្រទេសនាំចេញអាវុធច្រើនធំបំផុតលំដាប់ទី១ក្នុងពិភពលោក ចំណែកឯប្រទេសរុស្ស៊ីគឺស្ថិតនៅក្នុងលំដាប់ទី២ នៅក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ។
ការនាំចេញអាវុធរបស់សហរដ្ឋអាមេរិកបានកើនឡើង ១៤% ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧ ហើយសហរដ្ឋអាមេរិកមានចំនួន ៤០% នៃការនាំចេញអាវុធជាសកលខណៈដែលចំណែកទីផ្សារនាំចេញអាវុធរបស់រុស្ស៊ីវិញ បានធ្លាក់ចុះពី ២២% មកនៅត្រឹម ១៦% ប៉ុណ្ណោះ។
លោក ស៊ីម៉ុន ធី វ៉េហ្សេម៉េន (Siemon T. Wezeman) អ្នកវិភាគនៅវិទ្យាស្ថាន SIPRI បាននិយាយថា ការឈ្លានពានទៅលើអ៊ុយក្រែនទំនងជាមូលហេតុចម្បងមួយដែលបានធ្វើឱ្យការនាំចេញអាវុធរបស់រុស្ស៊ីធ្លាក់បែបនេះ ដោយហេតុតែរុស្ស៊ីពេលនេះកំពុងផ្តល់អាទិភាពដល់ការផ្គត់ផ្គង់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ ចំណែកតម្រូវការពីរដ្ឋផ្សេងទៀតក៏នៅតែមានកម្រិតទាបនៅឡើយដែរដោយសារតែការដាក់ទណ្ឌកម្មពាណិជ្ជកម្មទៅលើប្រទេសរុស្ស៊ី។
នៅក្នុងឆ្នាំ២០២២ វិទ្យាស្ថាន SIPRI បានព្រមានថា ឃ្លាំងអាវុធនុយក្លេអ៊ែរជាសកលទំនងជានឹងកើនឡើងនៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ៕
អត្ថបទ ៖ សុខ ជា