បើមិនមានអ្វីប្រែប្រួលទេ លិខិតបញ្ជាក់កូវីដ-១៩ នឹងត្រូវអឺរ៉ុបអនុម័តឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះហើយ ដើម្បីបើកឲ្យមានការធ្វើដំណើរនៅក្នុងតំបន់អឺរ៉ុបឡើងវិញ។ លិខិតបញ្ជាក់កូវីដ-១៩ សម្រាប់ការធ្វើដំណើរនេះ គឺនឹងអនុញ្ញាតសម្រាប់ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩រួច, អ្នកជាសះស្បើយពីកូវីដ-១៩ និងអ្នកដែលមានលទ្ធផលតេស្ដអវិជ្ជមានកូវីដ-១៩ អាចធ្វើដំណើរឆ្លងកាត់ព្រំដែននៃប្រទេសនៅក្នុងសហភាពអឺរ៉ុប ដែលកន្លងមកធ្លាប់តែមានការរឹតត្បិតកាធ្វើដំណើរតឹងរឹង និងបានធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍តំបន់នេះយ៉ាងគំហុកនៅក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ។
អនុប្រធានគណៈកម្មការអឺរ៉ុប បាននិយាយថា ការបើកឲ្យមានការធ្វើដំណើរឡើងវិញនេះ គឺជាកិច្ចការអាទិភាព ដែលអឺរ៉ុបត្រូវធ្វើសម្រាប់ពលរដ្ឋរបស់ខ្លួន ហើយកិច្ចការទាក់ទងនឹងការធ្វើលិខិតបញ្ជាក់កូវីដ-១៩ សម្រាប់ការធ្វើដំណើរនេះ នឹងបញ្ចប់នៅមុនថ្ងៃឈប់សម្រាកនារដូវក្ដៅនេះ។ អឺរ៉ុបក៏សង្ឃឹមថា ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងតំបន់របស់ខ្លួននឹងសម្រេចបានពេញលេញ នៅក្នុងពេលឆាប់ៗនេះដែរ។
ថ្មីៗនេះ អឺរ៉ុបក៏បានដាក់ចេញនូវគម្រោងសាកល្បងនៅតាមប្រទេសមួយចំនួន សម្រាប់រយៈពេល២សប្ដាហ៍ ដើម្បីតេស្ដមើលពីដំណើរការនៃបច្ចេកវិទ្យា សម្រាប់បម្រើដល់ការធ្វើដំណើរនៅពេលខាងមុខនេះ។
ជាមួយគ្នានេះដែរ
សហភាពអឺរ៉ុបក៏កំពុងធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយនឹងអាមេរិក
អង្គការសុខភាពពិភពលោក និង អ្នកពាក់ព័ន្ធផ្សេងទៀត
ដើម្បីធ្វើយ៉ាងណាជំរុញឲ្យមានការអនុញ្ញាតប្រើប្រាស់លិខិតបញ្ជាក់កូវីដ-១៩
របស់អ្នកដំណើរ អាចប្រើប្រាស់បានកាន់តែទូលំទូលាយថែមទៀត
ពោលគឺអាចឲ្យពលរដ្ឋអាមេរិកចូលមកក្នុងទឹកដីសហភាពអឺរ៉ុបបានផងដែរ។
សូមបញ្ជាក់ថា នៅសហភាពអឺរ៉ុបកំពុងពន្លឿននូវយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនខ្លាំងណាស់ដែរ ដោយបច្ចុប្បន្នអឺរ៉ុបមានការចាក់វ៉ាក់សាំងបាន ២០០លានដូសហើយ ខណៈដែលអត្រាឆ្លងក៏កំពុងមានការធ្លាក់ចុះដែរ។ ទន្ទឹមគ្នានេះ តំបន់អឺរ៉ុប ក៏កំពុងបើកដំណើរការឡើងវិញនូវទីក្រុង និង ឆ្នេរសមុទ្រមួយចំនួនដែលកំពុងបង្កើននូវក្ដីសង្ឃឹមកាន់តែខ្លាំងសម្រាប់វិស័យទេសចរណ៍នៅអំឡុងថ្ងៃឈប់សម្រាកនៅរដូវក្ដៅនេះ។
មន្ត្រីជាន់ខ្ពស់គណៈកម្មការអឺរ៉ុប បាននិយាយថា ការបើកឲ្យមានការធ្វើដំណើរឡើងវិញ មិនមែនសំខាន់តែសម្រាប់ប្រទេស ដែលពឹងផ្អែកលើវិស័យទេសចរណ៍នោះទេ ប៉ុន្ដែ វាគឺសំខាន់សម្រាប់តំបន់អឺរ៉ុបទាំងមូល ហើយវា គឺជាសញ្ញាបង្ហាញពីសេរីភាពនៃការធ្វើដំណើរ និងការចល័តបន្លាស់ទីនៅក្នុងសហភាពអឺរ៉ុប៕