យោងតាមការស្ទង់មតិលើក្រុមហ៊ុនចំនួន ២៦០ នៃសភាជាតិ ដែលស្ថិតក្រោមឆ័ត្រនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅហុងកុងបានបង្ហាញថា ពួកគេមានផែនការនឹងផ្លាស់ប្ដូរទីតាំងទាំងស្រុងចេញពីហុងកុង ខណៈ២៤%ទៀតថា ពួកគេមានបំណងចាកចេញពីហុងកុង និង ៣៤% ទៀតលើកឡើងថា ពួកគេនៅមិនទាន់ប្រាកដនៅឡើយ។ និងមានអ្នកត្រូវបានស្ទង់មតិប្រហែល ១៧% និយាយថា ពួកគេ គ្មានបំណងផ្លាស់ប្តូរប្រតិបត្តិការរបស់ពួកគេចេញពីហុងកុងនោះឡើយ។ ការលើកឡើងរបស់ ក្រុមហ៊ុនអឺរ៉ុបទាំងនេះ គឺធ្វើឡើងនៅគ្រាដែលអាជ្ញាធរហុងកុងមានការរឹត្បិតខ្លាំង ទៅលើវិធានការទប់ស្កាត់កូវីដ១៩ ខណៈដែលមេរោគរាតត្បាតនេះ កំពុងតែរីករាលដាលកាន់តែខ្លាំងនៅហុងកុង។
ដើម្បីអនុវត្តស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលចិន ទីក្រុងហុងកុងបានជាប់គាំងទៅនឹងការគ្រប់គ្រងការធ្វើដំណើរ ដ៏តឹងរ៉ឹងបំផុតមួយចំនួនរបស់ពិភពលោក ខណៈប្រទេសជាច្រើននៅអាស៊ី និងកន្លែងផ្សេងទៀតកំពុងបើកព្រំដែនរបស់ពួកគេ។ ប្រការនេះ បានធ្វើឱ្យមានការប៉ះពាល់ដល់ក្រុមហ៊ុនអន្តជាតិ ដែលមានប្រតិបត្តិការនៅហុងកុង ព្រោះកន្លងមកតំបន់នេះធ្លាប់តែជាមូលដ្ឋាន នៃការតភ្ជាប់យ៉ាងងាយស្រួលនៃការដោះដូរពាណិជ្ជកម្ម តាមរយៈ ការចលនាប្រាក់ មនុស្ស និងទំនិញ។
សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) បាននិយាយថា យុទ្ធសាស្ត្រ សូន្យ-កូវីដ កំពុងធ្វើឲ្យអាជីវកម្មនៅហុងកុងមានការចំណាយខ្ពស់ណាស់។ ការឆ្លើយតបរបស់ក្រុមហ៊ុនដែលចូលរួមស្ទង់មតិបានបង្ហាញថា ពាក់កណ្តាលនៃក្រុមហ៊ុននៅក្នុងទីក្រុងហុងកុងកំពុងជួបនូវការចំណាយលើបុគ្គលិកខ្ពស់ខុសពីធម្មតា និងគ្រោងផ្លាស់ប្តូរទីតាំងប្រតិបត្តិការរបស់ពួកគេចេញពីទីក្រុងហុងកុងផងដែរ។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី ១៨ ខែមករា ដល់ថ្ងៃទី ៥ ខែកុម្ភៈកន្លងទៅនេះ។
គួរកត់សម្គាល់ថា ចំពេលមានការប្រកាសដោយ សភាពាណិជ្ជកម្មអឺរ៉ុប និង ភាគីផ្សេងទៀតពីការផ្លាស់ប្តូទីតាំងប្រតិបត្តិការរបស់ពួកគេ មេដឹកនាំហុងកុងលោកស្រី Carrie Lam ក្នុងសប្តាហ៍នេះបាននិយាយថា លោកស្រីនឹងលុបចោលបម្រាម ដែលបានដាក់នៅដើមខែមករាលើអ្នកដំណើរដែលចូលមកទាំងអស់ពីប្រទេសបារាំង ចក្រភពអង់គ្លេស និងប្រទេសចំនួនប្រាំពីរផ្សេងទៀត ដោយកាត់បន្ថយរយៈពេលដាក់ធ្វើចត្តាឡីស័កមកនៅត្រឹមមួយសប្តាហ៍វិញ ហើយនឹងចាប់ផ្តើមរៀបចំផែនការបន្ធូរបន្ថយការរឹតត្បិតនៅក្នុងតំបន់ដូចគ្នាដែរ ។
គួរបញ្ចាក់ថា ទីក្រុងហុងកុងកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ ១៩ ដែលស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ដោយអត្រាការចាក់វ៉ាក់សាំងទាបក្នុងចំណោមប្រជាពលរដ្ឋវ័យចំណាស់។ យ៉ាងហោចណាស់មាន មនុស្សច្រើនជាង៥ ពាន់នាក់នៅហុកុងបានស្លាប់ដោយសារកូវីដ១៩ ចាប់តាំងពីខែមករាមក។ អ្នកជំនាញសុខភាពសាធារណៈមួយចំនួនជឿថា ពាក់កណ្តាលនៃប្រជាជនហុងកុងជាង ៧លាននាក់បានឆ្លងមេរោគកូវីត ១៩ ក្នុងរយៈពេលបីខែកន្លងមកនេះ៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន