កោះតៃវ៉ាន ដែលចិនតែងចាត់ទុកថា ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននោះ មិនធ្លាប់មានទំនាក់ទំនងផ្លូវការជាមួយប្រទេសណាមួយ នៅតំបន់អឺរ៉ុបនោះទេ ប៉ុន្តែកោះមួយនេះ តែងរក្សាទំនាក់ទំនងល្អ និងស៊ីជម្រៅជាមួយអ្នកប្រជាធិបតេយ្យ និងសមាជិកសភាអឺរ៉ុបជាដើម។
ក្នុងសេចក្តីថ្លែងការណ៍ពីថ្នាក់ដឹកនាំកោះតៃវ៉ាន់ បានគូសបញ្ជាក់ថា គណៈប្រតិភូអឺរ៉ុប នេះគឺជាគណៈប្រតិភូផ្លូវការដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលសភាអឺរ៉ុបបានបញ្ជូនទៅកាន់កោះតៃវ៉ាន់ ហើយទស្សនកិច្ចនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់។
គណៈប្រតិភូដែលដឹកនាំដោយសមាជិកសភាអឺរ៉ុប មកពីប្រទេសបារាំង លោក Raphael Glucksmann នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកោះតៃវ៉ាន់ ជុំវិញការគំរាមកំហែង ការប្រឈមមុខដាក់គ្នា ការប្រឆាំងរួមជាមួយនឹងព័ត៌មានមិនពិត និងការវាយប្រហារតាមអ៊ីនធឺណិតជាដើម។គួរជម្រាបថា ទស្សកិច្ចដ៏កម្រនេះធ្វើឡើងមិនយូរប៉ុន្មានបន្ទាប់ពីថ្នាក់ដឹកនាំកោះតៃវ៉ាន់ លោក Joseph Wu បានធ្វើដំណើរទស្សកិច្ចដ៏កម្រមួយដូចគ្នាកាលពីខែមុន ទៅកាន់ទឹកដីអឺរ៉ុប។ ទន្ទឹមនឹងនេះ សភាអឺរ៉ុបកាលពីខែមុនដដែល បានអនុម័តភាពជាដៃគូរថ្មីមួយ ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែមានភាពស៊ីជម្រៅជាមួយកោះតៃវ៉ាន់ រួមទាំងការពិនិត្យមើលកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីផងដែរ។
ប្រការនេះបានបង្កកំហឹងក្រេវក្រោធខ្លាំងណាស់ពីសំណាក់ទីក្រុងប៉េកាំង ដោយបានអះអាងថា អឺរ៉ុបកំពុងធ្វើឲ្យប៉ះពាល់ទំនាក់ទំនងជាមួយចិនហើយ។ គេនៅចាំបានថា ពេលនោះ ចិនថែមទាំងបានបរិហារចំៗទៅកាន់ប្រទេសឆេក ដែលបានទទួលថ្នាក់ដឹកនាំតៃវ៉ាន់ ឲ្យមកទស្សនកិច្ចទៀតផង។ ចិនបានបានប្តេជ្ញាថា នឹងចាត់វិធានការប្រឆាំងស្របច្បាប់ ជាមួយនឹងប្រទេសឆេកថែមទៀតផង។
សូមបញ្ជាក់ថា គណៈប្រតិភូអឺរ៉ុបនឹងបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣វិច្ឆិកានេះតទៅ ហើយពួកគេក៏នឹងជួបជាមួយមេដឹកនាំកោះតៃវ៉ាន់ គឺលោកស្រី សៃ អ៊ីងវេន ផងដែរនៅក្នុងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕