ថ្លែងអំឡុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យទី២៦ខែធ្នូ ប្រធានក្រុមហ៊ុន Evergrande លោក ហ៊ុយ កាយាន (Hui Ka Yan) បានសង្កត់ធ្ងន់ថា គ្មានបុគ្គលិកណាម្នាក់នៅ Evergrande ចុះញមនឹងឧបសគ្គដែលកំពុងកើតឡើងនោះទេ។ លោក កាយាន អះអាងទៀតថា បុគ្គលិកនៅក្នុងក្រុមហ៊ុននេះ បានតស៊ូទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យការលក់អាចបន្តទៅមុខ និងបានឆាប់រួចខ្លួនពីបំណុល។
Evergrande ជាក្រុមហ៊ុនអចលនទ្រព្យជំពាក់បំណុលច្រើនជាងគេលើលោក ដល់ទៅជាង ៣០០ពាន់លានដុល្លារ ជួបបញ្ហាហរិញ្ញវត្ថុធ្ងន់ធ្ងរ ខ្វះថវិកាសងបណ្ណបំណុលក្រៅប្រទេស ខ្វះប្រាក់ទូទាត់ថ្លៃសម្ភារៈសំណង់ និងមិនអាចប្រគល់ផ្ទះជូនអតិថិជនបានទាន់ពេល។
យ៉ាងណាមិញ នៅអំឡុងកិច្ចប្រជុំប្រធានក្រុមហ៊ុន Evergrande គឺ លោក ហ៊ុយ កាយាន បាននិយាយថា ការដ្ឋានសំណង់នឹងចាប់ផ្តើមពេញលេញឡើងវិញ ហើយគ្រោងនឹងសាងសង់ឲ្យបានសម្រេច ១១៥គម្រោង ដែលស្មើនឹងចំនួនអចលនទ្រព្យចំនួន ៣ម៉ឺន៩ពាន់យូនីត ត្រឹមខែធ្នូឆ្នាំនេះ។
គួរកត់សម្គាល់ថា ការលើកឡើងនេះធ្វើឡើងមួយថ្ងៃ ក្រោយនិយ័តករជាន់ខ្ពស់ក្រុងប៉េកាំងអះអាងប្រាប់សារព័ត៌មានចិន ស៊ីនហួថា រដ្ឋាភិបាលចិននឹងរក្សាគោលនយោបាយអចលនវត្ថុរបស់ខ្លួនឱ្យជាប់លាប់ និងមានស្ថិរភាព ស្របពេលដែលគេនឹងពង្រឹងការសម្របសម្រួលក្នុងវិស័យនានា រួមមាន ហិរញ្ញវត្ថុ ការគ្រប់គ្រងដីធ្លី និងទីផ្សារឲ្យបានល្អ ដើម្បីផ្តល់លំនឹងដល់វិស័យអចលនទ្រព្យ និងសម្រួលដល់អ្នកទិញឲ្យទទួលបានអចលនទ្រព្យដែលខ្លួនទិញបានទាន់ពេលវេលា។
បន្ថែមពីលើនេះ កាលពីពេលថ្មីៗនេះ ធនាគារកណ្តាលរបស់ប្រទេសចិនបាននិយាយថា ខ្លួននឹងការពារសិទ្ធិស្របច្បាប់របស់អ្នកទិញផ្ទះ ព្រមទាំងបំពេញតម្រូវការរស់នៅរបស់ពួកគេឲ្យបានប្រសើរជាងមុន ដោយសន្យាថា នឹងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព នៃទីផ្សារអចលនទ្រព្យក្នុងប្រទេស។
បើតាមរបាយការណ៍ដែលបង្ហាញដោយ Evergrande ក្រុមហ៊ុនមួយនេះ បានចាប់ផ្តើមបន្តកិច្ចសហប្រតិបត្តិការជាមួយជាង ៨០% នៃក្រុមហ៊ុនតុបតែងផ្នែកខាងក្នុងផ្ទះ ហើយថែមទាំងបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីៗចំនួនជិត៧ពាន់កិច្ចសន្យា ជាមួយក្រុមហ៊ុនអ្នកផ្គត់ផ្គង់សម្ភារៈថែមទៀតផង៕