តាមការរាយការណ៍របស់សារព័ត៌មាន VN Express បានឲ្យដឹងថា សភាជាតិវៀតណាមក្នុងពេលជាមួយគ្នានេះ ក៏បានសម្រេចអនុម័តលើកិច្ចព្រមព្រៀងការការពារការវិនិយោគអឺរ៉ុប-វៀតណាមផងដែរ ដោយក្នុងនោះ មានសមាជិកសភា ៩៤,៦២% បានបោះឆ្នោតគាំទ្រលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមនេះ ខណៈដែលកិច្ចព្រមព្រៀងការការពារការវិនិយោគអឺរ៉ុប-វៀតណាម មានការបោះឆ្នោតគាំទ្រ ៩៥,៦៥%។ កិច្ចព្រមព្រៀងនេះ អាចនឹងចូលជាធរមាននៅក្នុងខែកក្កដាខាងមុខនេះ។
ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម ដែលបានចំណាយពេល ៨ឆ្នាំ ដើម្បីចរចានោះ វៀតណាមនឹងលុបបំបាត់ពន្ធគយរហូតដល់ ៩៩% នៃទំនិញនាំចូលពីអឺរ៉ុបនៅរយៈពេល ១០ឆ្នាំ ហើយអឺរ៉ុបនឹងលុបបំបាត់ពន្ធគយនាំចូលទំនិញពីវៀតណាមជាង ៩៩នៅរយៈពេល ៧ឆ្នាំ។
សម្រាប់ចក្រភពអង់គ្លេស កិច្ចព្រមព្រៀងនេះ នឹងត្រូវអនុវត្តចាប់ពីពេលដែលវាចូលជាធរមានរហូតដល់ចុងឆ្នាំនេះ និងអាចពន្យារពេលរហូតដល់ ២៤ខែ ទៅតាមអ្វីដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងរវាងអង់គ្លេស និងអឺរ៉ុប ដោយប្រទេសនេះ បានសម្រេចចាកចេញពីប្លុកសហភាពអឺរ៉ុប។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមនេះ គឺជាកិច្ចព្រមព្រៀងមួយដែលមានភាពទូលំទូលាយ និងមានអត្ថប្រយោជន៍ទៅវិញទៅមកស្របតាមបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយវាត្រូវបានអនុម័តដោយក្រុមប្រឹក្សាអឺរ៉ុបកាលពីខែមីនាកន្លងទៅនេះ។
នៅពេល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមចូលជាធរមាននៅខែក្រោយនេះ ភ្លាមៗនោះអឺរ៉ុបនឹងលុបចោលពន្ធនាំចូលប្រមាណ ៨៥,៦% នៃបន្ទាត់ពន្ធគយ ដែលមានប្រមាណ ៧០,៣% នៃការនាំចេញរបស់វៀតណាមទៅកាន់អឺរ៉ុប។ ជាបន្ដបន្ទាប់ទៀត ក្នុងរយៈពេល ៧ឆ្នាំ អឺរ៉ុប នឹងលុបចោលពន្ធគយ រហូតដល់ ៩៩,២% ដែលស្មើនឹង ៩៩,៧% នៃការនាំចេញរបស់វៀតណាមទៅអឺរ៉ុប។ នៅសល់ ០,៣% នឹងផ្ដល់កូតាពន្ធគយទៅឲ្យវៀតណាម ជាមួយនឹងពន្ធនាំចូលស្មើសូន្យភាគរយតែម្ដង។
បើតាមការរាយការណ៍របស់សារព័ត៌មាន Nikkei Asian Review បានឲ្យដឹងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមនេះ អាចនឹងជួយឲ្យប្រទេសជិតខាងកម្ពុជាមួយនេះកាន់តែមានភាពទាក់ទាញថែមទៀត ក្នុងក្រសែភ្នែកជាទិសដៅវិនិយោគរបស់រោងចក្រធំៗ ដែលកំពុងគិតចង់រើចេញពីប្រទេសចិន។
កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុប និងវៀតណាមនេះ គឺជាកិច្ចព្រមព្រៀងទី២ហើយ ដែលអឺរ៉ុបបានធ្វើជាមួយនឹងប្រទេសក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ហើយវាក៏ជាកិច្ចព្រមព្រៀងកម្រមួយដែរ ដែលអឺរ៉ុបធ្វើជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍។
លោក Nicolas Audier ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប បានបញ្ជាក់ថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប វៀតណាមនេះ គឺរឹតតែសំខាន់ឡើងមិនធ្លាប់មានឡើយនាពេលឥឡូវនេះ ខណៈដែលសង្គ្រាមពាណិជ្ជកម្ម និងការផ្ទុះរាលដាលជាសកលនៃមេរោគរាតត្បាត រំខានដល់ប្រតិបត្តិការជាធម្មតារបស់អាជីវកម្ម ក្នុងទំហំដែលមិនធ្លាប់មាន។ ការធ្វើពាណិជ្ជកម្មសេរី យុត្តិធម៌ និងមានមូលដ្ឋានច្បាប់ គឺជាផែនទីបង្ហាញផ្លូវ ដើម្បីកំណើនសេដ្ឋកិច្ច ហើយវៀតណាម នឹងទទួលបានអភ័យឯកសិទ្ធិចូលទៅកាន់ទីផ្សារអឺរ៉ុប ដែលមានអ្នកប្រើប្រាស់ប្រហែល ៥០០លាននាក់ ដែលពួកគេគឺជាអ្នកដែលចង់ធ្វើជំនួញ និងវិនិយោគនៅក្នុងប្រទេសដែលរឹងមាំ មានសន្ដិសុខ និងវិបុលភាព នៅចំកណ្ដាលបេះដូងនៃតំបន់អាស៊ីនេះ»។
អឺរ៉ុប គឺជាទីផ្សារនាំចេញធំបំផុតទី២ របស់វៀតណាមកាលពីឆ្នាំ២០១៩ បន្ទាប់ពីសហរដ្ឋអាមេរិក ដោយការនាំចេញទៅអឺរ៉ុប សម្រេចបានជាង ៤១ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១% ធៀបនឹងឆ្នាំ២០១៨។
ធនាគារពិភពលោក បានមើលឃើញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមនេះ នឹងជួយជំរុញផលិតផលក្នុងស្រុកសរុបរបស់វៀតណាមប្រមាណ ២,៤% និងជំរុញដល់ការនាំចេញ ១២% នៅឆ្នាំ២០៣០ ហើយវាក៏នឹងជួយឲ្យពលរដ្ឋវៀតណាមរាប់រយពាន់នាក់ នឹងចាកផុតពីភាពក្រីក្រផងដែរ៕