កញ្ញាត្រូវមហាជនស្គាល់ថា ជាអ្នកផ្ដល់ប្រឹក្សាដោះស្រាយវិបត្តិស្នេហា គ្រួសារ ឬការងារ ដល់យុវជនខ្មែរ។ ថ្មីៗនេះ កញ្ញាបានបើកកម្មវិធីទូរទស្សន៍ហ្វេសប៊ុក DJ NANA TV ខណៈដែលនិន្នាការទូរទស្សន៍នៅលើបណ្ដាញព័ត៌មានសង្គមកើនឡើងយ៉ាងគំហុក។
ខាងក្រោមនេះ ជាសម្ភាសន៍ខ្លីរវាង Cambonomist ជាមួយកញ្ញា នាង សុវាតនា (DJ NaNa)៖
Cambonomist៖ ហេតុអ្វីបានជាបង្កើតកម្មវិធីទូរទស្សន៍ ហ្វេសប៊ុក នេះឡើង ?
DJ NaNa៖ ខ្ញុំបង្កើតកម្មវិធីទូរទស្សន៍ហ្វេសប៊ុកនេះឡើង ដោយសារខ្ញុំគិតថា វាជាទីផ្សារថ្មីមួយ ជាឱកាសថ្មី និងម្យ៉ាងទៀត ខ្ញុំមានមូលដ្ឋានអ្នកគាំទ្រស្រាប់នៅលើបណ្ដាញព័ត៌មានសង្គម បូករួមផ្សំនឹងពិសោធន៍និងជំនាញខ្លះដែលបានរៀនសូត្រពីការងារនៅស្ថានីយទូរទស្សន៍ធំៗនាពេលកន្លងមក។ មួយវិញទៀត ខ្ញុំស្គាល់មនុស្ស ស្គាល់ក្រុមដែលអាចធ្វើកិច្ចការនេះបានល្អ ដូច្នេះក៏នាំគ្នាបង្កើតវាឡើង។
Cambonomist៖ តើត្រូវការអ្វីខ្លះ ទើបអាចបង្កើតកម្មវិធីទូរទស្សន៍ហ្វេសប៊ុកនេះបាន ?
DJ NaNa៖ និយាយទៅ ខ្ញុំមានគំនិតនិងប្រធានបទល្អៗទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទៅ ជាពិសេស យុវជន។ ហើយមិត្តភក្ដិខ្ញុំគាត់មានបច្ចេកទេសថតវីដេអូស្តង់ដារ និងមានក្រុមជួយគ្នាទៅវិញទៅមកបីបួននាក់។ យើងធ្វើការរួមគ្នា ក៏អាចបង្កើតវាឡើងបាន។ ដំបូង យើងផលិតជាវីដេអូគ្លីបអប់រំខ្លីៗប៉ុណ្ណោះ។ ក្រោយមក ខ្ញុំចង់ថតជា show (ជាកម្មវិធី) ដោយមានក្រុមហ៊ុនឧបត្ថម្ភកម្មវិធី ពេលនោះ គឺយើងត្រូវការឧបករណ៍ច្រើន ហើយក្រុមការងារក៏ត្រូវការច្រើននាក់។ យើងក៏ជួលឧបករណ៍ ជួលធនធានមនុស្សពូកែៗ ដូចគ្នានឹងផលិតកម្មធំៗដែរ។ ក្រុមផលិតរបស់យើងមានគ្នាសរុបទាំងអស់ប្រមាណ ២៥នាក់។
Cambonomist៖ តើកញ្ញាផ្ដោតសំខាន់លើប្រធានបទអ្វីខ្លះ ?
DJ NaNa៖ ប្រធានបទ គឺអាស្រ័យលើប្រិយមិត្តផ្ញើមក ហើយយើងក៏លៃលកធ្វើទៅតាមអ្វីដែលអ្នកមើលចង់មើល។ ដោយឡែក ចំពោះ show វិញ យើងជ្រើសយកប្រធានបទដែលពាក់ព័ន្ធខ្លះទៅនឹង នឹងផលិតផលរបស់គេដែរ ប៉ុន្តែ អ្នកឧបត្ថម្ភមិនមែនជាអ្នកកំណត់ប្រធានបទឲ្យយើងធ្វើនោះទេ គឺយើងសម្រេចខ្លួនឯង។ Show ដំបូងគេបង្អស់ គឺអំពី «ស្នេហានិងការងារ»។
Cambonomist៖ តើចាប់ផ្ដើមចេញផ្សាយតាំងពីពេលណាមក និងរហូតមកទល់ពេលនេះ ការគាំទ្រយ៉ាងដូចម្ដេចដែរ ?
DJ NaNa៖ ដោយសារខ្ញុំមានទំព័រ DJ Nana Tips ស្រាប់ វាជាមូលដ្ឋានរឹងមាំដើម្បីជួយជំរុញឲ្យមានអ្នកមើល និងចូលចិត្តទូរទស្សន៍ Dj Nana TV។ ទើបបង្កើតបានបីខែ មានអ្នកចូលចិត្ត ឬ Likes ចំនួន 118K (មួយសែន មួយម៉ឺន ប្រាំបីពាន់)។ ចំពោះគ្លីបវីដេអូវិញ ក្នុងមួយសប្ដាហ៍ យើងផ្សាយទៅដល់មនុស្សប្រហាក់ប្រហែលមួយលាននាក់ អ្នកមើលអ្នក comment សកម្ម ២៤ម៉ឺននាក់។
Cambonomist៖ តើអ្នកណាខ្លះជួយឧបត្ថម្ភទូរទស្សន៍នេះ? ឧបត្ថម្ភដោយរបៀបម៉េច?
DJ NaNa៖ ឥឡូវនេះ យើងមានក្រុមហ៊ុនផលិតផលមួយចំនួនដែលជួយឧបត្ថម្ភ ដូចជា គ្រឿងសម្អាង ផលិតទឹកដោះគោកូនក្មេង និងមនុស្សធំ ជាដើម។ ចំពោះតម្លៃឧបត្ថម្ភប៉ុន្មាន ខ្ញុំសូមមិនបញ្ចេញទេ។ ជាងនេះទៀត យើងកំពុងមានក្រុមហ៊ុនធំៗខ្លះទៀតកំពុងចរចាគ្នា តែសុំមិនទាន់បញ្ចេញឈ្មោះក្រុមហ៊ុនទេ។
Cambonomist៖ តើកញ្ញាចូលចិត្តអ្វីជាងគេអំពីការងារហ្នឹង?
DJ NaNa៖ អ្វីដែលខ្ញុំចូលចិត្ត គឺខ្ញុំមានសេរីភាព គិតអ្វីធ្វើហ្នឹង។ យើងមានគំនិត មានអ្នកគាំទ្រ និងមានទំនុកចិត្តពីអ្នកឧបត្ថម្ភកម្មវិធី។
Cambonomist៖ ចុះបេសកកម្មសង្គមវិញ តើកញ្ញានៅបន្តដដែល ឬផ្ដោតតែកម្មវិធីដែលមានការឧបត្ថម្ភ?
DJ NaNa៖ បេសកកម្មគឺនៅដដែល ទោះបីផ្សាយពាណិជ្ជកម្មក្ដី ក៏ប្រធានបទយើងផ្ដោតទៅលើបញ្ហាសង្គមដែរ។ វាជាអត្តសញ្ញាណរបស់ខ្ញុំ គឺ ណាណា ធ្វើរឿងសង្គមដើម្បីអ្នកមើល។ អ្នកមើល គឺជាអ្នកគាំទ្រដ៏សំខាន់របស់ខ្ញុំ។
Cambonomist៖ តើកត្តាអ្វីដែលកញ្ញាគិតថា នាំឲ្យប្រិយមិត្តគាំទ្រកញ្ញា?
DJ NaNa៖ ខ្ញុំគិតថា របៀបខ្ញុំនិយាយ គឺសាមញ្ញងាយស្ដាប់ងាយយល់។ ហើយប្រធានបទខ្ញុំនិយាយ គឺសុទ្ធតែរឿងពិតរបស់អ្នកគាំទ្រ ដូច្នេះទើបពួកគាត់គាំទ្រខ្ញុំ៕
អំពីកញ្ញា នាង សុវាតនា (DJ NaNa)
ជាអតីតបុគ្គលិកអង្គការសង្គមស៊ីវិល ធ្វើកិច្ចការទាក់ទងនឹងយុវជននិងស្ត្រី ការពង្រឹងសមត្ថភាព (១០ឆ្នាំដំបូងនៃអាជីពការងារ) តាំងពី២០០៤មក។ កញ្ញាធ្វើការងារជាពិធីការិនីវិទ្យុ តាំងពីឆ្នាំ២០០៩ រហូតមកដល់សព្វថ្ងៃ។ គេស្គាល់ កញ្ញា ណាណា គឺដោយសារកម្មវិធី ដោះស្រាយវិបត្តិ តាមវិទ្យុ។ ផ្នែកទូរទស្សន៍វិញ កញ្ញាធ្លាប់ធ្វើពិធីការិនីទូរទស្សន៍ MyTV, PNN, Khmer Mekong Film និងជា ពិធីការិនីសម្រាប់កម្មវិធីផ្លូវការ។ កញ្ញា នាង សុវាតនា បញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ នៅកម្ពុជា៕