ការលើកឡើងបែបនេះ ពីអ្នកជំនាញផ្នែកសុខាភិបាល ធ្វើឡើងនៅស្របពេលដែល អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលតាមប្រទេសនីមួយៗគួរប្រយុទ្ធប្រឆាំងនឹងការឡើងថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ តាមរយៈការកំណត់គោលដៅផ្តល់ជំនួយឲ្យបានច្បាស់លាស់ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ជាជាងផ្តល់ជំនួយដែលប្រឈមនឹងហានិភ័យបន្ថែមលើបញ្ហាហិរញ្ញវត្ថុសាធារណៈ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ការកើនឡើងតម្លៃអាហារ និងថាមពល ដែលមួយផ្នែកបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន អាចសម្លាប់មនុស្សរាប់លាននាក់ទាំងដោយផ្ទាល់ និងដោយប្រយោល។ នេះបើតាមការអះអាងរបស់ លោក Peter Sands នាយកប្រតិបត្តិនៃមូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់។
អ្នកជំនាញរូបនេះពន្យល់ថា វិបត្តិកង្វះខាតស្បៀងអាហារ អាចសម្លាប់មនុស្សតាមពីរបៀប។ ទីមួយគឺ មនុស្សគ្មានអាហារសម្រាប់បរិភោគទាល់តែសោះ ហើយនឹងស្រេកឃ្លានដល់ដាច់ពោះស្លាប់។ របៀបទីពីរ គឺនៅពេលដែលខ្វះខាតស្បៀងអាហារ ដូចនេះមនុស្សមួយចំនួនធំនឹងទទួលបានអាហារូបត្ថម្ភមិនគ្រប់គ្រាន់ ជាហេតុបណ្តាលឱ្យពួកគេកាន់តែងាយរងគ្រោះ ទៅនឹងជំងឺឆ្លងនានាដែលកំពុងមានវត្តមានស្រាប់ ដូចជាជំងឺកូវីដ១៩ជាដើម។
លោក Sands បាននិយាយទៀតថា បច្ចុប្បន្ននេះការវិនិយោគ គឺជាតម្រូវការចាំបាច់ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីត្រៀមជួយរៀបចំសម្រាប់ផលប៉ះពាល់ ដែលបង្កឡើងពីការខ្វះខាតស្បៀងអាហារ ហើយគេក៏ត្រូវបញ្ចូលវាជាផ្នែកមួយនៃការផ្តល់មូលនិធិសកលផងដែរ។
គួរជម្រាបថា អង្គការមូលនិធិសកលដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវប្រទេសស្វីសនេះ មានបំណងរៃអង្គាសប្រាក់ចំនួន ១៨ពាន់លានដុល្លារ ដើម្បីបង្កើនគុណភាពប្រព័ន្ធសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសំខាន់ៗ។ បច្ចុប្បន្នមូលនិធីទើបប្រមូលបានប្រាក់មួយភាគបីនៃគោលដៅ របស់ខ្លួនសម្រាប់ឆ្នាំ២០២៤-២០២៦ប៉ុណ្ណោះ។
ដោយឡែក មូលនិធិរូបិយវត្ថុអន្តរជាតិ IMFឯណោះវិញ ក៏បានផ្តល់អនុសាសន៍ដែរថា រដ្ឋគួរតែផ្តល់ជំនួយដល់ជនដែលងាយរងគ្រោះពីបញ្ហាកង្វះខាតស្បៀងអាហារតែម្តងទើបជាការប្រសើរ។ យ៉ាងណាមិញ មូលនិធិរូបិយវត្ថុអន្តរជាតិបានរកឃើញថា មានជាងពាក់កណ្តាលនៃ១៣៤ប្រទេស បានដាក់ចេញការឧបត្ថម្ភធន ឬការកាត់បន្ថយពន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងតម្លៃស្បៀងអាហារ និងប្រេង ដែលបង្កឡើងដោយសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។
ប៉ុន្ដែ IMF ផ្តល់យោបល់ថា អ្នកបង្កើតគោលនយោបាយគួរតែអនុញ្ញាតឱ្យតម្លៃប្រែប្រួលទៅតាមទីផ្សារសកលចុះ មិនចាំបាច់បន្ថយពន្ធដើម្បីទម្លាក់ថ្លៃឡើយ ប៉ុន្តែត្រូវងាកមកការពារពលរដ្ឋដែលងាយរងគ្រោះ ពីផលប៉ះពាល់ខាងលើ តាមរយៈការឧបត្ថម្ភធនជំនួសវិញ ទើបជាការប្រសើរ៕