លោក ស៊ិន ចន្ធី ប្រធានសមាគម ភស្តុភាកម្មកម្ពុជាបានលើកឡើងនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២០ ថា គិតចាប់តាំងពីខែសីហាមកតម្លៃសេវាកម្មដឹកទំនិញតាមកប៉ាល់ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ចាប់ផ្តើមកើនឡើងតម្លៃខ្ពស់ជាបន្តបន្តាប់មិនធ្លាប់មាន ដោយបានកើនឡើងថ្លៃរហូត ៣ទៅ ៤ដង ធៀបនឹងថ្លៃកាលពីពេលធម្មតា។
លោកបញ្ជាក់ថា ការកើនឡើងថ្លៃសេវាកម្មដឹកជញ្ជូននេះបាននឹងកំពុងធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃនាំចូលទំនិញវត្ថុធាតុដើមពីប្រទេសចិន នៅក្នុងទីផ្សារប្រទេសកម្ពុជាដោយបានកើនឡើងថ្លៃទៅតាមថ្លៃដឹកជញ្ជូនផងដែរ។
លោក ស៊ិន ចន្ធី បានឲ្យដឹងទៀតថា ការកើនឡើងថ្លៃសេវាកម្មដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីចិនមកកម្ពុជា ក៏ដូចទៅនឹងប្រទេសមួយចំនួននាពេលនេះ ដោយសារតែ បញ្ហាកូវីដផ្ទុះឡើងដំបូងនៅប្រទេសចិន ធ្វើឲ្យក្រុមហ៊ុននៅប្រទេសចិនមួយចំនួនបានកាត់បន្ថយសកម្មភាពអាជីវកម្មផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក និងខ្លះទៀតក៏បានកាត់បន្ថយបុគ្គលិកផងដែរ។ ប៉ុន្តែ មកដល់ពេលនេះ ចិនអាចគ្រប់គ្រងស្ថានការណ៍កូវីដនេះបានចាប់តាំងពីខែ សីហាមក ចិនស្រាប់តែសម្រុកនាំចេញទំនិញយ៉ាងគំហុកតែម្តង ដែលជាហេតុធ្វើឲ្យដំណើរការនាំចេញស្ទះព្រោះខ្វះកប៉ាល់ ដូច្នេះ ភ្លាមៗនោះតម្លៃសេវាកម្មដឹកជញ្ជូនក៏ចាប់ផ្តើមឡើងថ្លៃខ្ពស់យកតែម្តងទៅ។
លោកអះអាងបន្តថា តម្លៃនេះគឺមិនធ្លាប់មានឡើយធៀបនឹងថ្លៃកាលពេលធម្មតាដែលជាទូទៅ១កុងទ័រនឺ ថ្លៃ ៦០០ដុល្លារ ប៉ុន្តែឥឡូវតម្លៃដឹកជញ្ជូននេះ បានកើនរហូតខ្ទង់ ២.០០០ដុល្លារ ពោលគឺកើនឡើង៣ដង។ ប៉ុន្តែយ៉ាងណាសង្ឃឹមថា ថ្លៃដឹកជញ្ជូនទំនិញនេះ នឹងមិនអូសបន្លាយយូរឡើយ ដោយគិតថា អាចធ្លាក់ថ្លៃមកធម្មតាវិញ នៅអំឡុងខែកុម្ភៈឆ្នាំ២០២១ ព្រោះដល់រដូវ ដែលចិនបន្ថយការនាំចេញវិញ។
លោកស៊ិន ចន្ធី បានឲ្យដឹងទៀតថា ថ្លៃសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹកនេះ គឺបានកើនឡើងថ្លៃតែមកពីប្រទេសចិនប៉ុណ្ណោះ ខណៈថ្លៃសេវាដឹកជញ្ជូនទំនិញនាំចូលតាមផ្លូវទឹកពីប្រទេសផ្សេងៗទៀតគឺនៅរក្សាតម្លៃធម្មតា។ លោកបន្តថា ក្នុងពេលជាមួយគ្នានេះថ្លៃសេវាកម្មដឹកជញ្ជូនទំនិញពីកម្ពុជាទៅប្រទេសចិនតាមផ្លូវទឹកក៏មានការកើនឡើងដែរ តែពុំមានការកើនឡើងខ្លាំង ដូចពីចិនមកកម្ពុជាឡើយពោលគឺកើនត្រឹម ២ដងប៉ុណ្ណោះ។
យ៉ាងណា តាមការអះអាងរបស់ ប្រធានសមាគម ភស្តុភាកម្មកម្ពុជា បើទោះបីជាមានការកើនឡើងថ្លៃដឹកជញ្ជូនទំនិញពីប្រទេសចិនតាមផ្លូវទឹកមានការកើនឡើងក៏ដោយចុះ ក៏វិស័យដឹកជញ្ជូននៅកម្ពុជាពេលនេះនៅតែដំណើរការសកម្មភាពល្អជាធម្មតា៕