ការថយចុះនេះ ត្រូវអ្នកជំនាញមើលឃើញថា គឺដោយសារនៅដើមឆ្នាំនេះមានការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម គួបផ្សំមានការរឹតដ្បិតនៅតាមច្រកព្រំដែនចិន-វៀតណាមក្រោមវិធានការកូវីដ-១៩ ដែលធ្វើឲ្យទំនិញកម្ពុជានាំចូលទៅចិនតាមច្រកវៀតណាមមានការរាំងស្ទះ។ បើទោះបីជា បរិមាណនាំចេញចេកមានការថយចុះនៅខែមករាកន្លងទៅនេះក្ដី ប៉ុន្ដែតម្លៃផ្លែចេកស្រស់នៅឆ្នាំនេះហាក់មានភាពល្អប្រសើរជាងឆ្នាំមុន ហើយអ្នកជំនាញក្នុងវិស័យកសិកម្មជឿជាក់ថា ទីផ្សារផ្លែចេកស្រស់របស់កម្ពុជានឹងមានភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ខាងមុខនេះ។
របាយការណ៍ ដែលផ្តល់ដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញឲ្យឃើញថា នៅខែមករា ដើមឆ្នាំ២០២២ កន្លងទៅ កម្ពុជាសម្រេចបានការនាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារអន្តរជាតិជាង២ម៉ឺន៥ពាន់៤រយតោន មានការថយចុះជិត៣៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផ្លែចេកស្រស់របស់កម្ពុជាភាគច្រើននាំចេញទៅកាន់ទីផ្សារចិន ដែលមានរហូតជាង២ម៉ឺន៥ពាន់២តោន ខណៈទៅទីផ្សារវៀតណាមមានជាង១៧៣តោន។
ពាក់ព័ន្ធការថយចុះនេះត្រូវបាន ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួយកសិកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជាអះអាងថា គឺដោយសារនៅដើមឆ្នាំ២០២២ មានការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ដែលធ្វើឲ្យក្រុមហ៊ុនផ្អាកការនាំចេញ ដោយសារប្រទេសទាំងពីរឈប់សម្រាករយៈពេលវែងក្នុងឱកាសនេះ។ ម្យ៉ាងទៀត ចិនបានបិទ និងរឹតបន្តឹងការនាំចូលទំនិញពីវៀតណាមក្រោយរកឃើញមេរោគកូវីដ-១៩ នៅលើផ្លែឈើស្រស់ ដែលធ្វើឲ្យទំនិញរបស់កម្ពុជា ដែលនាំចូលទៅចិនតាមច្រកវៀតណាមមានការរាំងស្ទះ។
អ្នកជំនួញកសិកម្មដ៏ល្បីល្បាញរូបនេះ សង្កត់ធ្ងន់ថា ទោះបីបរិមាណនាំចេញផ្លែចេកស្រស់ពីកម្ពុជាទៅកាន់ទីផ្សារចិននិងវៀតណាមនៅដើមឆ្នាំនេះមានការថយចុះក៏ពិតមែន តែតម្លៃហាក់មានភាពល្អប្រសើរជាងឆ្នាំមុន។
ប៉ុន្តែបើយើងក្រឡេកទៅមើកការនាំចេញផលិតផលកសិកម្មទាំងមូលឃើញថា ការនាំចេញកសិផលពីកម្ពុជាទៅកាន់ទីផ្សារគោលដៅចំនួន៤២ប្រទេសនៅខែមករា ដើមឆ្នាំ២០២២ សម្រេចបានជាង៩៣ម៉ឺន៦ពាន់តោន កើនឡើងជាង១៥% បើធៀបនឹងខែមករា ឆ្នាំ២០២១ ដែលសម្រេចបានត្រឹមជាង៨០ម៉ឺនតោន។ នេះបើតាមរបាយការណ៍ដែលផ្តល់ដោយឯកឧត្តម វេង សាខុន៕