ជុំវិញបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏ដូចជា សមាគមស្វាយចន្ទីកម្ពុជា ក៏បានអំពាវនាវឲ្យ ប្រជាកសិករត្រៀមខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលអាចនឹងកើត មានជាយថាហេតុ នៅក្នុងវិស័យកសិកម្មកម្ពុជា។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា បាតុភូតអ៊ែលនីណូ គឺជាគ្រោះធម្មជាតិ ដែលបង្កឲ្យមានគ្រោះរាំងស្ងួតនៅបណ្ដាប្រទេសមួយចំនួន ដូចជា ថៃ វៀតណាម រួមទាំង ប្រទេសកម្ពុជា ផងដែរ។ ឥទ្ធិពលបាតុភូតនេះ នឹងធ្វើឲ្យដំណាំភាគច្រើនកើតមានជំងឺ ហើយបណ្ដាលឲ្យថយចុះនូវទិន្នផលដំណាំផ្សេងៗ ជាពិសេសប្រភេទដំណាំ ដែលមិនធន់នឹងអាកាសធាតុ តែម្ដង។ បើតាមលោក អួន ស៊ីឡុត បាតុភូត អ៊ែលនីណូ នឹងមានឥទ្ធិពលមកលើតំបន់អាស៊ីអាគ្នេយ៍ចាប់ពី ខែតុលា ២០២៣ ដល់ ខែមិថុនា ឆ្នាំ២០២៤ ដោយបង្កឲ្យមានភាពក្តៅស្ងួតអូសបន្លាយ ខ្វះទឹក ក្នុងដីគ្មានសំណើម ដើម្បីជួយរុក្ខជាតិឲ្យលូតលាស់ល្អ និងបង្កឲ្យមានកត្តាចង្រៃបំផ្លាញដំណាំស្វាយចន្ទី ដូចជា ចៃស ដង្កូវគ្រប់ប្រភេទ ស្រមើល និងពីងពាងក្រហម ជាដើម។ ប្រធានសមាគមរូបនេះបន្ថែមថា បាតុភូតនេះអាចនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទិន្នផលស្វាយចន្ទី ក៏ដូចជា ដំណាំដទៃ ប្រសិនមិនមានវិធានការទប់ស្កាត់ និងដោះស្រាយឲ្យបានទាន់ពេលវេលា។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី លោកបានសង្កត់ធ្ងន់ថា ចំពោះដំណាំស្វាយចន្ទី នឹងមិនសូវប៉ះពាល់ធ្ងន់ធ្ងរនោះទេ ព្រោះចន្ទីគឺជាប្រភេទដំណាំ ដែលធន់នឹងអាកាសធាតុ។ ម្យ៉ាងវិញទៀត សមាគមស្វាយចន្ទី បានត្រៀមខ្លួនជាស្រេចនូវវិធានការ និងដំណោះស្រាយមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ផងដែរ។
ជុំវិញបញ្ហានេះ លោកជំទាវ អឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានគូសបញ្ជាក់ថា កន្លងមក ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ធ្លាប់បានជូនដំណឹងរួចមកហើយដល់ប្រជាកសិករឲ្យមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនចំពោះឥទ្ធិពលនៃបាតុភូតអ៊ែលនីណូមកលើប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះបន្តថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយបាតុភូតអ៊ែលនីណូ អាចនឹងជះឥទ្ធិពលមកលើប្រទេសកម្ពុជា និងបណ្ដាប្រទេសមួយចំនួនទៀតក្នុងតំបន់ ដែលនឹងប៉ះពាល់ដល់ដំណាំ និងទិន្នផលដំណាំដោយចៀសពុំរួច។ ក៏ប៉ុន្តែ ទន្ទឹមនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងមន្ទីកសិកម្មគ្រប់បណ្ដារាជធានីខេត្តបានបន្តធ្វើការយ៉ាងជិតស្និទជាមួយប្រជាកសិករ ដែលប្រឈមរងផលប៉ះពាល់ត្រូវការជំនួញ និងបច្ចេកទេសផ្សេងៗ។ យ៉ាងណាក៏ដោយ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ រំពឹងថាឥទ្ធិពលបាតុភូតអ៊ែលនីណូនេះ នឹងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំប្រជាកសិករនោះទេ។ ម្យ៉ាងវិញទៀត ប្រសិនកសិករជួបនូវបញ្ហាប្រឈម ក៏ពិតមែន ការចំណាយរបស់កសិករនឹងមិនកើនខ្ពស់ពេកនោះទេ ដោយសារបច្ចុប្បន្ន តម្លៃជី-ថ្នាំកសិកម្ម ហាក់មានថយចុះ បើធៀបទៅនឹងរយៈពេលនៃការរាតត្បាតជំងឺកូវីដ១៩។
យ៉ាងណាក៏ដោយ បើតាមការណែនាំរបស់លោក អួន ស៊ីឡុត ដំណោះស្រាយចំពោះបាតុភូតអ៊ែលនីណូ លើដំណាំស្វាយចន្ទី មានគន្លឹះសំខាន់ៗមួយចំនួន ដូចជា ត្រូវតែងមែកចន្ទីឲ្យសមល្មម ដើម្បើឲ្យដើមអាចចែកទឹកដល់គ្រប់ជ្រុងជ្រោយ យ៉ាងយូរក្នុងចុងខែកក្កដា ២០២៣។ បន្ទាប់មកត្រូវដាក់ជីគល់ឲ្យសមមាត្រនឹងដើម ដើម្បីផ្តល់កម្លាំងនិងសន្សំថាមពលដើម ឲ្យបានយ៉ាងយូរត្រឹមខែសីហា ២០២៣។ លើសពីនោះ កសិករត្រូវប្រើវិធីសាស្ត្រមួយត្រួយចេញផ្កា ដូចជា ប្រើវិធីជម្រុះស្លឹកចន្ទី ដែលមានអាយុចាប់ពី ៧ឆ្នាំឡើងទៅ ហើយត្រូវធ្វើឲ្យបានក្នុងខែតុលា២០២៣។ បន្ថែមលើនោះ ត្រូវរៀនស្គាល់និងប្រើថ្នាំកសិកម្មឲ្យត្រឹមត្រូវតាមធាតុសកម្ម នឹងមុខសញ្ញាសត្វល្អិតបំផ្លាញ ជាសវាងភាពស៊ាំដល់សត្វល្អិតនិង ការចំណាយច្រើនឥតប្រយោជន៍៕