យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា នៅ ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងបន្តកើនក្នុងរង្វង់ ៦% ហើយអត្រាអតិផរណាត្រូវបានព្យាករថា នឹងថយចុះមកកម្រិតទាបវិញ ក្នុងអត្រា ២,៥% ដោយសារថ្លៃប្រេងឥន្ធនៈអាចថមថយក្នុងបរិការណ៍នៃកំណើនយឺតជាងមុននៃសេដ្ឋកិច្ចពិភពលោក និងភាពប្រសើរឡើងនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ក្នុងនោះ វិស័យសំណង់ និងអចលនទ្រព្យ ដែលស្ថិតក្នុងចំណោមវិស័យជន្ទល់សេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជានោះ ត្រូវបានរំពឹងថា នឹងកើនឡើងក្នុងកម្រិតទាប ដោយសារតែវិស័យនេះ នៅបន្តរងផលប៉ះពាល់ ជាពិសេសសំណង់ប្រភេទប្រណីត ដែលបម្រើដល់តម្រូវការអនិវេសជន ត្រូវទាមទារពេលវេលា ដើម្បីអាចវិលមករកស្ថានភាពដូចដើម។ បើតាមធនាគារជាតិ សម្រាប់សំណង់លំនៅឋានកាលពីឆ្នាំ២០២២ បានកើនឡើងជិត ១% ដោយសារកំណើនតម្រូវការក្នុងស្រុក ជាពិសេសសំណង់លំនៅឋានដែលមានតម្លៃទាប និងមធ្យម។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុប បានកត់សម្គាល់ឃើញថា ថ្វីដ្បិត នៅឆ្នាំ២០២២ វិស័យសំណង់និងអចលនទ្រព្យ បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ក៏ពិតមែន តែវិស័យនេះមិនប៉ះពាល់ខ្លាំងពេកនោះទេ ដោយនៅតែមានសកម្មភាព និងបន្តរួមចំណែកយ៉ាងសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា។ លើសពីនោះ អ្នកឧកញ៉ា សៀ ឫទ្ធី ក៏បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមផងដែរ ជុំវិញស្ថានភាពវិស័យសំណង់និងអចលនទ្រព្យ នៅឆ្នាំ២០២៣នេះ ថានឹងមានភាពល្អប្រសើរជាងឆ្នាំ២០២២។
ស្រដៀងគ្នានេះ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុ វិស័យសំណង់ និងអចលនទ្រព្យកម្ពុជានៅឆ្នាំឆ្នាំ២០២៣នេះ នឹងមានភាពប្រសើរឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ជាច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រធានសមាគមរូបនេះ ជឿជាក់ថា ការបើកប្រទេសចិនឡើងវិញ មិនត្រឹមតែជំរុញឲ្យប្រទេសកម្ពុជា អាចទាក់ទាញអ្នកទេសចរ នោះទេ តែក៏ធ្វើឲ្យកម្ពុជា កាន់តែមានឱកាសក្នុងការស្រូបទាញអ្នកវិនិយោគចិន ឲ្យចូលមកវិនិយោគនៅកម្ពុជា ផងដែរ។
របាយការណ៍ប្រចាំឆ្នាំ២០២២របស់ធនាគារជាតិបង្ហាញថា គម្រោងសំណង់ដែលទទួលបានការអនុម័តបានថយចុះ ២,៦% ខណៈទុនវិនិយោគ បានធ្លាក់ចុះដល់ជាង៤៥% បើធៀបនឹងឆ្នាំ២០២១។ កំណើននៃវិស័យសំណង់ ត្រូវបានធនាគារជាតិអះអាងថា គឺមានការចូលរួមយ៉ាងសំខាន់ពីសកម្មភាពលក់លំនៅដ្ឋានដែលមានតម្លៃទាប និងមធ្យម។ ក្នុងនោះ ការលក់លំនៅដ្ឋានប្រភេទផ្ទះល្វែង វីឡាភ្លោះ និងទោល ត្រូវបានប៉ាន់ស្មានថាកើនឡើងប្រមាណ ៨០% ខណៈការលក់ខុនដូ ដែលមានទីផ្សារពឹងផ្អែកខ្លាំងលើជនបរទេសនោះ គឺមានការធ្លាក់ចុះរហូតដល់ ជាង៥៨%ឯណោះ.
ដោយឡែក សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅឆ្នាំ២០២២វិញ មានការកើនឡើង ៤,២% បើធៀបនឹងឆ្នាំ២០២១ ក្នុងនោះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធានីភ្នំពេញកើនឡើង ៤% និងតាមបណ្ដាខេត្តបានកើនឡើង ៧%៕