មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ជឿជាក់ថា ចរន្តភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជានឹងមានកំណើនល្អប្រសើរបន្ថែមទៀត បន្ទាប់ពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលទើបតែលើកលែងការធ្វើតេស្តរកមេរោគកូវីដ-១៩សម្រាប់អ្នកដំណើរចូលមកកម្ពុជា ខណៈអ្នកជំនាញទេសចរណ៍វិញវាយតម្លៃថា វិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកភាពល្អប្រសើរដូចពេលមិនទាន់មានការឆ្លងរាតត្បាតជំងឺកូវីដ-១៩វិញ ក្នុងរយៈពេល៣ទៅ៤ឆ្នាំខាងមុខនេះ។
ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍កត់សម្គាល់ឃើញថា ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជាមានស្ថានភាពល្អប្រសើរជាបណ្តើរៗតាំងពីរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ និងបន្ធូរបន្ថយការរឹតបន្តឹងវិធានការកូវីដ-១៩ជាបន្តបន្ទាប់ រហូតឈានដល់លើកលែងការធ្វើតេស្តសម្រាប់អ្នកដំណើរចូលមកកម្ពុជាជាដើម។ ទោះយ៉ាងណា ឯកឧត្តម អះអាងថា ទោះបីកម្ពុជាមានការបន្ធូរបន្ថយ និងលើកលែងវិធានការកូវីដ-១៩ តែភ្ញៀវទេសចរបរទេសចូលមកកម្ពុជាពុំមានកំណើនគួរឲ្យកត់សម្គាល់នោះទេ។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅមានភ្ញៀវទេសចរបរទេសជាង៤ម៉ឺននាក់បានធ្វើដំណើរចូលមកកម្សាន្តនៅកម្ពុជា ប៉ុន្ដែឯកឧត្តមរំពឹងថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាទើបតែលើកលែងការធ្វើតេស្តសម្រាប់អ្នកដំណើរបរទេសនេះ វាជួយជំរុញកំណើនភ្ញៀវទេសចរឲ្យមកកម្សាន្តនៅកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត។
ពាក់ព័ន្ធបញ្ហានេះដែរលោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានចាត់ទុកការលុបចោលការធ្វើតេស្តសម្រាប់អ្នកដំណើរចូលមកកម្ពុជា វាជាក្តីសង្ឃឹមមួយបន្ថែមទៀតសម្រាប់វិស័យទេសចរណ៍កម្ពុជា។ ព្រោះថាយន្តការនេះជាមេដែកមួយក្នុងការជួយស្រូបទាញភ្ញៀវទេសចរបរទេសឲ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនថែមទៀត។ ប៉ុន្តែសម្រាប់ ធួន ស៊ីណាន បើទោះកម្ពុជាមានយន្តការល្អប្រសើរជាងប្រទេសក្នុងតំបន់អាស៊ានក៏ដោយ តែកម្ពុជានឹងមិនទទួលបានជោគជ័យតាមផែនការឡើយ បើប្រទេសក្នុងតំបន់អាស៊ានមិនឯកភាពគ្នា និងមានគោលនយោបាយរួមពាក់ព័ន្ធវិធានការកូវីដ-១៩។
ជាមួយគ្នានេះលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាកត់សម្គាល់ឃើញថា ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈចរន្តភ្ញៀវទេសចរក្របខណ្ឌក្នុងស្រុកក៏មានស្ថានភាពល្អប្រសើរឡើងវិញដែរ បន្ទាប់ពីបានធ្លាក់ចុះ មួយរយៈក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងមានសន្ទុះកើនឡើង។ អ្នកជំនាញរូបនេះអះអាងថា វិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនមិនបានបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជានោះទេ ហើយអ្នកជំនាញរូបនេះវាយតម្លៃថា វិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកប្រក្រតីភាពឡើងវិញ ក្នុងរយៈពេល៣ទៅ៤ឆ្នាំខាងមុខនេះ។
គួររំលឹកថា ក្រោយពិភពលោករួមទាំងកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩វាបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរសកល រួមទាំងកម្ពុជា។ វិបត្តិកូវីដ-១៩ នេះ បានធ្វើឲ្យអាជីវកម្មជាច្រើនត្រូវបង្ខំចិត្តផ្អាកការរកស៊ីបណ្តោះអាសន្ន និងខ្លះបិទទ្វារជាអចិន្ត្រៃយ៍ ដែលធ្វើឲ្យបុគ្គលិក និងកម្មករក្នុងវិស័យនេះត្រូវបាត់បង់ការធ្វើ។ ប៉ុន្តែបច្ចុប្បន្នវិស័យទេសចរណ៍នៅកម្ពុជាហាក់មានភាពល្អប្រសើរឡើងវិញ ពិសេសទេសចរណ៍ក្របខណ្ឌផ្ទៃក្នុង៕