លោក ង្វៀន ត្រុងកៀន អនុប្រធានសមាគមស្បៀងអាហារវៀតណាម បាននិយាយថា មានក្រុមហ៊ុនជាច្រើន នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បិ៍សប្ដាហ៍មុននេះ ជាមួយនឹងក្រសួងឧស្សាកម្ម និងពាណិជ្ជកម្ម បានរាយការណ៍ថា ស្ដុកអង្ករនៅក្នុងប្រទេសវៀតណាមមានច្រើនណាស់ ទាំងនៅជាមួយក្រុមហ៊ុន និងកសិករ។
អ្នកជំនាញ បញ្ជាក់ថា ការព្យួរការនាំចេញអង្ករ នឹងធ្វើឲ្យប៉ះពាល់ទាំងក្រុមហ៊ុន និងកសិករ។
សាស្ត្រាចារ្យមួយរូប ពីសកលវិទ្យាល័យ Nam Can Tho គឺលោក Vo Thong Xuan បានយល់ស្របចំពោះការលើកឡើងរបស់សមាគមស្បៀងអាហារវៀតណាម។
ជាមួយនឹងដីសណ្ដទន្លេមេគង្គ បច្ចុប្បន្ន ផ្ទៃដីដាំដុះស្រូវរបស់វៀតណាមមាន ១,៥ លានហិកតា ដែលមានទិន្នផល អង្ករប្រមាណ ៥,៥លានតោន។ លោក Xuan បាននិយាយថា «ដំណោះស្រាយល្អបំផុត គឺបម្រុងទុក អង្ករ ១,៥លានតោនបានហើយ ហើយអនុញ្ញាតឲ្យនាំចេញ ៤លានតោន សម្រាប់កសិករទទួលបានអត្ថប្រយោជន៍ច្រើនជាងនេះ»។
ដោយសារតែ មានការបញ្ជាទិញមានការកើនឡើងពីប្រទេសចិន ហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី តម្លៃអង្ករ ដែលទិញពីកសិករ គឺមានការឡើងថ្លៃខ្ពស់ ដែលបានធ្វើឲ្យកសិករអាចរកប្រាក់ចំណេញបានខ្ពស់ជាងមុន ដែលមានតម្លៃបច្ចុប្បន្ន ២៥៨ ដុល្លារអាមេរិក ក្នុងមួយតោន។
ទោះយ៉ាងណា ការព្យួរការនាំចេញអង្ករ អាចនឹងបណ្ដាលឲ្យតម្លៃអង្ករធ្លាក់ចុះ មកនៅប្រហែល ១៧២ ដុល្លារអាមេរិក ក្នុងមួយតោន ដែលវាធ្វើឲ្យកសិកររងទុក្ខខាតបង់ធ្ងន់ធ្ងរណាស់។
លោក Xuan បានគូសបញ្ជាក់ថា «ដូច្នេះហើយ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលអាចនឹងពិចារណាដោយប្រុងប្រយ័ត្ន បន្ដការនាំចេញឡើងវិញបានទាន់ពេលវេលា»។ លោកបន្ថែមទៀតថា ផលិតកម្មស្បៀងអាហាររបស់វៀតណាម គឺដំណើរការល្អ ហើយការបម្រុងទុក អង្ករ ១,៥លានតោន គឺនឹងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់រហូតដល់ខែឧសភា មិថុនាឯណោះ។
ក្រសួងឧស្សហាកម្ម និងពាណិជ្ជកម្មវៀតណាម និយាយថា ពួកគេនឹងរាយការណ៍ពីមតិយោបល់របស់អ្នកជំនាញ និងម្ចាស់អាជីវកម្មទាំងអស់ ទៅកាន់នាយករដ្ឋមន្ត្រី។
បើតាមរបាយការណ៍ពីក្រសួងកសិកម្មវៀតណាម ការនាំចេញអង្កររបស់វៀតណាម គិតត្រឹមថ្ងៃទី ១៥ ខែមីនាកន្លងទៅនេះ គឺសម្រេចបាន ១,៣លានតោន មានតម្លៃជាទឹកប្រាក់ ៦០២ លានដុល្លារអាមេរិក មានបរិមាណកំណើន ២៦,៥% និងតម្លៃកើន ៣៤,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វៀតណាម ត្រូវបានព្យាករថា នឹងនាំចេញអង្ករ ៦,៥លានតោន ទៅ៦,៧លានតោន នៅឆ្នាំនេះ។
អគ្គនាយកដ្ឋានគយវៀតណាម កាលពីថ្ងៃអង្គារទី ២៤ មីនា បានដាក់ចេញនូវការសម្រេចបន្ទាន់មួយ ដើម្បីព្យួរការនាំចេញអង្ករ ដើម្បីធានាសន្ដិសុខស្បៀងអាហារ ខណៈដែលមានការរីករាលដាលនៃមេរោគ Covid-19។
ភ្លាមៗនោះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានស្នើដល់រដ្ឋាភិបាល អនុញ្ញាតឲ្យបន្ដនាំចេញអង្ករឡើងវិញដែរ ប៉ុន្ដែ មិនមានការយល់ព្រមនោះឡើយ។
ប្រទេសវៀតណាម គឺជាអ្នកនាំចេញអង្ករធំបំផុតទី៣ លើពិភពលោក បន្ទាប់ពីឥណ្ឌា និងថៃ ដោយកាលពីឆ្នាំមុន វៀតណាម នាំចេញអង្ករបាន ៦,៣៧ លានតោន មានតម្លៃជាទឹកប្រាក៉ ២,៨១ ពាន់លានដុល្លារអាមេរិក ក្នុងនោះទីផ្សារកំពូលរបស់វៀតណាម មានដូចជា ហ្វីលីពីន, កូដឌីវ័រ, ម៉ាឡេស៊ី និងប្រទេសចិន៕