ការនាំចេញទំនិញស្បែកជើង

ក្រុមហ៊ុននៅកម្ពុជាដំបូងគេមួយនាំចេញទំនិញស្បែកជើងជាង៥ពាន់គូទៅកាន់ទីផ្សារចិន ក្រោមកិច្ចព្រមព្រៀង RCEP


នៅទីបំផុតកម្ពុជាមានការនាំចេញទំនិញក្រោមកិច្ចព្រៀមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុយជ្រោយថ្នាក់តំបន់(RCEP)ជាលើកដំបូងហើយ បន្ទាប់ពីកិច្ចព្រមព្រៀងបានចូលជាធរមានជិតពីរខែកន្លងមកនេះ។ ការនាំចេញទំនិញក្រោមកិច្ចព្រមព្រៀង RCEP នេះធ្វើឡើងតាមរយៈក្រុមហ៊ុនមួយដែលនាំចេញស្បែកជើងបុរសនារីទៅកាន់ប្រទេសចិន ហើយក្រុមហ៊ុននេះ ទើបតែបានទទួលបានវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ(CO) ពីក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗ។
ក្រុមហ៊ុនវីនក្រោន(ខេមបូឌា)អីនដាសស្រ្ទៀល ឯ.ក។

ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបញ្ជាក់ប្រាប់ខេមបូណូមីសថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញជូនក្រុមហ៊ុនមួយឈ្មោះ Wincrown (Cambodia) Industrial ដើម្បីនាំចេញស្បែកជើងបុរសនារីចំនួន៦ប្រភេទស្មើនឹងប្រមាណ ៥.៦០០គូទៅកាន់ទីផ្សារចិន ក្រោមកិច្ចព្រមព្រៀង RCEP។ Wincrown បានក្លាយជាក្រុមហ៊ុនដំបូងគេ ដែលបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិក្រោមកិច្ចព្រមព្រៀង RCEP បន្ទាប់ពីកិច្ចព្រមព្រៀងនេះបានចូលជាធរមានជិតពីរខែកន្លងមកនេះ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះបានគូសបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រសួងពាណិជ្ជកម្មអនុញ្ញាតឲ្យក្រុមហ៊ុននាំចេញទាំងអស់អាចនាំចេញទំនិញមុន ហើយចាំមកស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមក្រោយក៏បានដែរ។ ជាក់ស្តែងក្រុមហ៊ុនខាងលើបាននាំចេញទំនិញទៅចិនតាំងពីថ្ងៃទី៣ ខែកុម្ភៈ មកម្ល៉េះ តែក្រុមហ៊ុននេះទើបមកដាក់ពាក្យស្នើសុំ និងក្រសួងបានចេញ CO ជូននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

ដើម្បីជួយជំរុញកំណើននាំចេញក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុយជ្រោយថ្នាក់តំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ឲ្យកាន់តែល្អប្រសើរ ក្រសួងពាណិជ្ជកម្មនឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយជូនដល់ក្រុមហ៊ុនផលិត និងនាំចេញក្នុងពេលឆាប់ៗខាងមុខនេះ។ គោលបំណងនៃការផ្សព្វផ្សាយនេះ គឺដើម្បីក្រុមហ៊ុនទាំងនោះយល់ដឹងពីអត្ថប្រយោជន៍ និងនីតិវិធីផ្សេងៗក្នុងការស្នើសុំនាំចេញទំនិញក្រោមកិច្ចព្រមព្រៀងទាំងពីរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ាង ថៃ ដែលបានអះអាងថា កិច្ចព្រមព្រៀងទាំងពីរនេះមានភាពល្អប្រសើរជាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-អាស៊ាន និងអាស៊ានបូក ដែលកម្ពុជាបានអនុវត្តកន្លងមក។ 

ទោះបីខែមករា កន្លងទៅគ្មានការនាំចេញទំនិញណាមួយធ្វើឡើងក្រោមកិច្ចព្រមព្រៀងទាំងពីរក្តី តែការនាំចេញទំនិញពីកម្ពុជាទៅកាន់ប្រទេសគោលដៅ ដែលស្ថិតក្នុងកិច្ចព្រមព្រៀងទាំងពីរនៅតែបង្ហាញពីភាពវិជ្ជមានគួរឲ្យកត់សម្គាល់។ ជាក់ស្តែងនៅពេញ១ខែដើមឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជាទៅទីផ្សារគោលដៅទាំងនេះ សម្រេចបានជិត៧រយលានដុល្លារអាមេរិក កើនឡើង២៣% ដែលមានទំហំទឹកប្រាក់ជិត១៣០លានដុល្លារអាមេរិក បើធៀបនឹងខែមករា កាលពីឆ្នាំមុន។

ក្នុងនោះនាំចេញទៅទីផ្សារអាស៊ានសម្រេចបានជិត៥រយលានដុល្លារកើនឡើង៣៩%, ទីផ្សារអូស្ត្រាលីសម្រេចបានជិត១៣លានដុល្លារកើនឡើង២៧%, ចិនសម្រេចបានជិត៨២លានដុល្លារថយចុះ១២%, ជប៉ុនសម្រេចបានជាតិ៨៦លានដុល្លារថយចុះ៣%, កូរ៉េខាងត្បូងសម្រេចបានជាង១៩លានដុល្លារកើនឡើង១៧% និងនូវែលសេឡង់សម្រេចបានជាង១លានដុល្លារកើនឡើង៥១%៕

None



អត្ថបទបន្ទាប់


តើអាស៊ានអាចនឹងរងឥទ្ធិពលយ៉ាងណាខ្លះពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន?

បើមើលទៅលើភូមិសាស្ត្រនយោបាយ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនវាហាក់បីដូចជានៅឆ្ងាយពីតំបន់អាស៊ានក៏ពិតមែន ក៏ប៉ុន្តែធាតុពិតភ្លើងសង្គ្រាមនេះក៏…

រុស៊ីត្រូវបានដកចេញពីប្រព័ន្ធទូទាត់សកល SWIFT តើនឹងមានប៉ះពាល់អ្វីខ្លះ?

ស្របពេលដែលសកម្មភាពឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែននៅតែធ្វើឡើងកាន់តែក្ដៅគគុក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បានអះអាង ថា ពួកគេនឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ