ក្រុមអ្នកជំនាញក្នុងវិស័យកសិកម្មបញ្ជាក់ថា ការកើនឡើងការនាំចេញនេះ ដោយសារមានការបញ្ជាទិញច្រើនពីប្រទេសថៃ រួមផ្សំកសិផលដំឡូងមី គឺជាមុខទំនិញមួយដែលកំពុងមានតម្រូវការទីផ្សារសម្រាប់បម្រើក្នុងឧស្សាហកម្មកែច្នៃនៅបរទេសផងដែរ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ទីផ្សារនាំចេញដំឡូងមីនៅរយៈពេលចុងក្រោយនេះ គឺមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយមើលឃើញថា មានតម្រូវការបញ្ជាទិញច្រើនពីខាងប្រទេសថៃ ខណៈបច្ចុប្បន្ននៅប្រទេសថៃមានការកាប់ចោលនូវដាំដំឡូងមីនេះច្រើនផងដែរ ដើម្បីដាំដុះដំណាំផ្សេង។ លោក បន្ថែមថា ស្របពេលដែលកម្ពុជាមានផ្ទៃដីសម្រាប់ដាំដុះដំណាំដំឡូមីនេះច្រើនផង និងមានតម្រូវការបញ្ជាទិញច្រើនពីប្រទេសថៃច្រើនផង ទើបធ្វើឲ្យមានទីផ្សារនាំចេញកើនឡើង។ លោក ប៉ាង វណ្ណាសេដ្ឋ បញ្ជាក់ឲ្យដឹងដែរថា ចំពោះតម្លៃដំឡូងមីនៅពេលបច្ចុប្បន្នវិញ ក៏មានតម្លៃខ្ពស់គួរសមផងដែរ ដោយដំឡូងមីស្រស់មានតម្លៃប្រមាណជិត ៣០០រៀលក្នុងមួយគីឡូក្រាម ដោយឡែកចំពោះចំណិតដំឡូងមីក្រៀមវិញមានតម្លៃប្រមាណ ៧០០ រៀលក្នុងមួយគីឡូក្រាម។
ពាក់ព័ន្ធនឹងការកើនឡើងទីផ្សារនាំចេញដំឡូងមីនេះដែរ បើតាម ឯកឧត្តម ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា កសិផលដំឡូងមី គឺជាមុខទំនិញមួយប្រភេទ ដែលកំពុងមានតម្រូវការទីផ្សារសម្រាប់បម្រើក្នុងឧស្សាហកម្មកែច្នៃនៅបរទេស។ ឯកឧត្តម បន្ថែមថា កម្ពុជាកំពុងចាប់យកឱកាសនេះ ដើម្បីផលិតនិងនាំចេញកសិផលដំឡូងមីនេះ ដែលជាកត្តាមួយអាចស្រូបយកចំណូលរូបិយវត្ថុបរទេសចូលមកកម្ពុជាវិញផងដែរ។
សូមបញ្ជាក់ថា នៅរយៈពេល៧ខែ ឆ្នាំ២០២២នេះ ការនាំចេញដំឡូងមីស្រស់កម្ពុជាសម្រេចបានចំនួនជាង ៨៤ម៉ឺនតោន កើនឡើងចំនួន ១០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួនជាង ៥សែន៤ម៉ឺនតោន និងប្រទេសថៃចំនួនជាង ៣សែនតោន ខណៈការនាំចេញចំណិតដំឡូងមីក្រៀម សម្រេចបានជាង ១លាន៥សែនតោន កើនឡើងជាង ២៥% ក្នុងនោះនាំចេញទៅប្រទេសថៃចំនួនជាង ១លាន១សែនតោន និងប្រទេសវៀតណាមចំនួនជាង ៤សែនតោន ដោយឡែកចំពោះការនាំចេញម្សៅដំឡូងមីមានចំនួនជាង ៥ម៉ឺនតោន កើនឡើងចំនួន ១០០%ផងដែរ ក្នុងនោះ ភាគច្រើនបំផុតនាំចេញទៅកាន់ប្រទេសចិន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕