ជាមួយគ្នានេះ ក្រសួងការងារបានឲ្យដឹងដែរថា តាមច្បាប់ការងារកម្មករនិយោជិតនឹងមិនអាចទទួលបានប្រាក់ឈ្នួលនោះទេ នៅពេលឈប់សម្រាកពីការងារនៅអំឡុងពេលបិទខ្ទប់នេះ។ ប៉ុន្ដែ សម្រាប់ប្រាក់ខែ ៥០% នៃខែមេសា ខាងរោងចក្រ នឹងបើកឲ្យកម្មករកម្មការិនីធម្មតា រួមជាមួយនឹងប្រាក់ឧបត្ថម្ភមួយចំនួនទៀត ប៉ុន្ដែ ការបើកប្រាក់ខែជូននេះ ត្រូវរង់ចាំដល់ផុតការបិទខ្ទប់សិន ពោលគឺនៅក្រោយថ្ងៃទី៥ខែឧសភាខាងមុខនេះ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មាន ខេមបូណូមីសថា មានរោងចក្រកាត់ដេរជាសមាជិករបស់សមាគមចំនួន ៣៦០រោងចក្រនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅត្រូវបានផ្អាកដំណើរការបណ្តោះអាសន្នក្នុងអំឡុងពេលរាជរដ្ឋាភិបាលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្រទាំងពីរ ដោយសារមានការរាតត្បាតនៃជំងឺកូវីដ-១៩។
លោក កាំង ម៉ូនីកា សង្កត់ធ្ងន់ថា ការផ្អាកដំណើរការរោងចក្រកាត់ដេរដោយសារវិធានការបិទខ្ទប់ គឺជាចំណុចល្អក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរាលដាលខ្លាំងនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ប៉ុន្តែ វាក៏ប៉ះពាល់ខ្លាំងដល់វិស័យវាយនភណ្ឌកាត់ដេរ ជាពិសេសការនាំចេញនៅក្នុងខែមេសានេះតែម្តង។
ជុំវិញនឹងរឿងនេះដែរ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា នៅក្នុងខែមេសានេះ កម្មករនឹងទទួលបានប្រាក់ឈ្នួល ៥០% និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត ប៉ុន្ដែ ត្រូវរង់ចាំដល់ផុតការបិទខ្ទប់សិន គឺក្រោយថ្ងៃទី៥ខែឧសភាខាងមុខនេះ ព្រោះតែមានការបារម្ភពីការឆ្លងកូវីដ-១៩រាលដាលកាន់តែខ្លាំង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏នឹងបន្ដផ្ដល់ការឧបត្ថម្ភស្បៀងអាហារដល់កម្មករកម្មការិនី ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ផងដែរ។
ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់បន្ថែមថា ក្រោយអាជ្ញាធរបានបែងចែកតំបន់ជា ៣កម្រិត រួមមាន តំបន់ពណ៌លឿង តំបន់លឿងទុំ និង តំបន់ក្រហមរួចមក នឹងមានរោងចក្រមួយចំនួនអាចនឹងពិចារណាបើកដំណើរការឡើងវិញដែរ ប៉ុន្តែ នៅខណ្ឌមួយចំនួនដូចជា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យជាដើម ដែលសម្បូររោងចក្រ គឺនៅតែមានចំណុចប្រឈមច្រើន និងត្រូវរង់ចាំបន្តិចសិន ។
បើតាមអ្នកនាំពាក្យក្រសួងការងារដដែលនេះ បានគូសបញ្ជាក់ទៀតថា មានរោងចក្រសរុបប្រមាណជាង ៦០% ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ដែលត្រូវបានផ្អាកដំណើរការ ក្នុងនោះ មានចំនួន ១៧រោងចក្រស្ថិតនៅតំបន់ក្បែរ និង ក្នុងតំបន់ក្រហម។ ជាមួយគ្នានោះដែរ មានកម្មករ-និយោជិត ប្រហែល១លាន២សែននាក់ត្រូវបានជាប់គាំងមិនអាចទៅធ្វើការបាន អំឡុងពេលនៃការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ក្នុងនោះ មានកម្មករកម្មការិនីរោងចក្រជាង៤០ម៉ឺននាក់ត្រូវបានប៉ះពាល់ការងារ។
សូមបញ្ជាក់ថា ដំបូងឡើយ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ១៤ថ្ងៃ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី ២៨ ខែមេសានេះ ប៉ុន្ដែ ដោយសារតែស្ថានភាពកូវីដ-១៩ នៅតែបន្ដកើនឡើង រាជរដ្ឋាភិបាលបានសម្រេចបន្ថែមរយៈពេលបិទខ្ទប់នេះ ចំនួន ៧ថ្ងៃបន្ថែមទៀត ពោលគឺការបិទខ្ទប់នឹងបន្ដរហូតដល់ថ្ងៃទី ៥ខែឧសភា៕