មនុស្សទាំង ០៤នាក់ គឺស្ថិតក្នុងគ្រួសារតែមួយ មានលំនៅនៅរាជធានីភ្នំពេញ ដែលបុរសជាឪពុកមានអាយុ ៦២ឆ្នាំ ស្ត្រីជាម្ដាយ អាយុ៦១ឆ្នាំ និងកូនប្រុសអាយុ ៣៩ឆ្នាំ និងកូនស្រីអាយុ ៣៧ឆ្នាំ ត្រូវបានធ្វើតេស្ត និងរកឃើញថា វិជ្ជមានវីរុសកូវីដ១៩។
ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រុមគ្រួសារនេះបានធ្វើដំណើរទៅប្រទេសបារាំង ហើយពេលត្រឡប់មកវិញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ បុរសជាកូនអាយុ ៣៩ឆ្នាំ ក៏ស្រាប់តែមានបញ្ហាសុខភាពបន្តិចបន្តួច រីឯក្រុមគ្រួសារគាត់ ០៣នាក់ បានវិលត្រឡប់មកផ្ទះវិញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក៏មានបញ្ហាសុខភាពតិចតួចដែរ។
បច្ចុប្បន្ន អ្នកជំងឺទាំង ០៤នាក់នេះ កំពុងដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។
ជាសរុប គិតត្រឹមថ្ងៃទី២៨ មីនា ២០២០នេះ ករណីវិជ្ជមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស មានចំនួន ១០២នាក់ ក្នុងនេះ ស្រី ២៧នាក់ និងប្រុស ៧៥នាក់។ ករណីព្យាបាលជាសះស្បើយ មានចំនួន ១៣នាក់ ក្នុងនោះរួមមាន បុរសជនជាតិខ្មែរ ១១នាក់ បុរសជនជាតិចិន ០១នាក់ និងស្ត្រីជនជាតិអង់គ្លេស ០១នាក់៕