លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ខេមបូណូមីសថា គ្រាប់ស្វាយចន្ទីស្ងួតប្រភេទសាច់លេខ២ បានហក់ឡើងថ្លៃដល់៨ពាន់រៀល ក្នុង១គីឡូក្រាម ដែលជាតម្លៃមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។
ការឡើងថ្លៃនេះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារកសិករជាសមាជិករបស់សមាគមបានរួមគ្នាហាលគ្រាប់ស្វាយចន្ទីទុកកាលពីខែកុម្ភៈ ដែលជាពេលគ្រាប់ស្វាយចន្ទីសើមមានតម្លៃថោករហូតដល់៣៥០០រៀល ក្នុង១គីឡូក្រាម។ ការរួមគ្នានេះបានធ្វើឱ្យចរន្តគ្រាប់ស្វាយចន្ទីសើមធ្លាក់ចុះលើទីផ្សាររហូតដល់៣២% ហើយធ្វើឱ្យតម្លៃមានការកើនឡើងជាបន្តបន្ទាប់ នឹងអាចមានការកើនឡើងបន្តទៀតនាពេលខាងមុខ។ បើតាមការអះអាងរបស់លោក អួន ស៊ីឡុត មានកត្តាដែលធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាមានការប្រែប្រួលខ្លាំង គឺបន្ទាប់ពីកម្ពុជាបានទប់ស្កាត់ការលក់ចេញគ្រាប់ស្វាយចន្ទីក្នុងតម្លៃថោក គួបផ្សំបាតុភូតអែលនីណូធ្វើឱ្យទិន្នផលស្វាយចន្ទីនៅលើពិភពលោកធ្លាក់ចុះប្រមាណ៣០%។
បើតាមលោក អួន ស៊ីឡុត បច្ចុប្បន្នកម្ពុជានៅសល់គ្រាប់ស្វាយចន្ទីស្ងួតប្រមាណ២០ម៉ឺនតោន ហើយក្នុងចំណោមនេះ គឺមានជាង១០ម៉ឺនតោនទុកផ្គត់ផ្គង់ឱ្យការកែច្នៃក្នុងស្រុក។ យ៉ាងណាមិញ លោក បានសម្ដែងការសោកស្ដាយចំពោះលទ្ធភាពរបស់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក ដែលពុំមានទុនបង្វិលគ្រប់គ្រាន់សម្រាប់ទិញគ្រាប់ស្វាយចន្ទីក្នុងអំឡុងពេលតម្លៃធ្លាក់ចុះ ដើម្បីជួយដល់កសិករនាពេលកន្លងមក។
បើយោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានចំនួន៧១ម៉ឺន៦ពាន់តោន ក្នុងនោះបាននាំចេញទៅប្រទេសវៀតណាមចំនួន៦៦ម៉ឺន៧ពាន់តោន ស្មើទឹកប្រាក់ប្រមាណ៨៥១លានដុល្លារ៕
អត្ថបទ៖ បូ ដូឡា