តែយ៉ាងណាយន្តការអនុគ្រោះពន្ធនេះ កំពុងក្លាយជាអាវុធពីរមុខ ដោយវាបានផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់ តែវាបានបង្កផលប៉ះពាល់ដល់ផលិតកម្មដំឡើងរថយន្តក្នុងស្រុក ខណៈអ្នកជំនាញ និងអ្នកវិនិយោគធំៗព្រមានថា រោងចក្រក្នុងស្រុកអាចប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ ឬអាចឈានទៅដល់ការបិទទ្វារ ប្រសិនបើគ្មានដំណោះស្រាយសមស្របទេនោះ។
លោក ងន សាំង ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន RMA Cambodia បានទទួលស្គាល់ថា យន្តការបញ្ចុះអត្រាពន្ធគយនាំចូលរថយន្តអគ្គិសនីភាគច្រើនមកនៅត្រឹម០% របស់រាជរដ្ឋាភិបាល ពិតជាបានជំរុញឱ្យការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា បានហក់ឡើងខ្ពស់ប្រាកដមែន។ ប៉ុន្តែអ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងផ្តល់ផលចំណេញដល់អ្នកប្រើប្រាស់ តែយន្តការនេះហាក់ជះផលអវិជ្ជមានដល់រោងចក្រផ្គុំ និងដំឡើងយានយន្តអគ្គិសនីក្នុងស្រុកទៅវិញ ដោយសារកំណើនអ្នកនាំចូលក្រៅផ្លូវការ ខណៈតម្លៃរថយន្តនាំចូលមានកម្រិតទាបជាងរថយន្តផលិតក្នុងស្រុក។
បើតាមការអះអាងរបស់ អ្នកជំនាញរូបនេះ ក្រុមហ៊ុនស្របច្បាប់ធំៗដូចជា Ford, Toyota និង BYD ជាដើម ហាក់កំពុងរងផលប៉ះពាល់ពីបញ្ហានេះ ដែលអាចធ្វើឱ្យពួកគេប្រឈមមុខនឹងការខាតបង់ ឬអាចឈានដល់ការបិទទ្វារជាដើម។ ទន្ទឹមនឹងនេះ លោក ស្នើឱ្យរាជរដ្ឋាភិបាលពិនិត្យលើយន្តការបញ្ចុះអត្រាពន្ធនាំចូលនេះឡើងវិញ ដើម្បីការពារដល់អ្នកផលិតក្នុងស្រុក ដែលបានបោះទុនវិនិយោគ បង្កើតការងារ និងរួមចំណែកដល់សេដ្ឋកិច្ចពិតប្រាកដ។
គួរជម្រាបថា ចាប់តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ មក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះអត្រាពន្ធគយនាំចូលរថយន្តអគ្គិសនីដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ពី១៥% មកនៅ០% និងរថយន្តអគ្គិសនីគ្រួសារប្រភេទ PHEV ពី៣៥% មកនៅត្រឹម៧% និងរថយន្តគ្រួសារប្រភេទ EV ពី៣៥% មកនៅ០%។
យោងតាមទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ មានយានយន្តអគ្គសនីចុះបញ្ជីសរុបជាង២ម៉ឺនគ្រឿង ក្នុងនោះរថយន្តមានចំនួនជាង១ម៉ឺន៥ពាន់គ្រឿង។ យ៉ាងណាមិញនៅក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៦នេះ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន៧,៦៣២គ្រឿងក្នុងនោះរថយន្តមានចំនួន៦,១៧១គ្រឿងកើនឡើងជាង១៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕