គន្លឹះជោគជ័យ

គោលការណ៍​​ទាំង​​១០​​ដើម្បី​​ភាព​ជោគជ័យ​របស់ គ្រីស្តូហ្វើ ហ្កាដនើ


ឆ្លង​តាម​បទ​ពិសោធន៍​ដ៏​ល្វីង​ជូរចត់​របស់​លោក Christopher Gardner ដែល​ជា​ជន​អនាថា​គ្មាន​ផ្ទះ​សម្បែង​នាំ​កូន​តូច​ដើរ​ដេក​តាម​បង្គន់​និង​ទីសាធារណៈ តស៊ូ​រហូត​ក្លាយ​ខ្លួន​ជា​មហាសេដ្ឋី​ចិត្ត​ធម៌​ម្នាក់​លំដាប់​​ពិភពលោក មាន​គោលការណ៍​១០​យ៉ាង​ដែល​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​លោក​ស្រស់​បំព្រង​ពោរពេញ​ដោយ​ភាព​ជោគជ័យ និង​មាន​កិត្តិយស​ថ្លៃ​ថ្លា។
លោក Christopher Gardner ជា​មហាសេដ្ឋី​អាមេរិកាំង​ម្នាក់ ដែល​ធ្លាប់​ជា​ជន​អនាថា​ដេក​តាម​ផ្លូវ។
ដោយ

ខាង​ក្រោម​នេះ​គឺ​ជា​គោលការណ៍​ទាំង​១០ របស់​លោក Christopher Gardner៖

១. ប្តេជ្ញា​ចិត្ត​ចំពោះ​គម្រោង​ទី​១​ច្បាស់​លាស់ 

នរណាៗ​ក៏​មាន​ក្តី​សុបិន​នៅ​ក្នុង​ជីវិត​ដែរ ប៉ុន្តែ ប្រសិន​បើ​គេ​គ្មាន​គម្រោងការ​ច្បាស់​លាស់ ខ្លី ខ្លាំង រឹងមាំ និង​ការ​ប្តជ្ញា​ចិត្ត​ពុះពារ​សម្រេច​ឲ្យ​បាន​នោះ​ទេ លោក​អ្នក​នឹង​មិន​អាច​សម្រេច​គោលដៅ​នោះ​ទេ។ មនុស្ស​​ជោគជ័យ​តែងតែ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​គោលដៅ​របស់​ខ្លួន​ជានិច្ច។ គោលដៅ គឺ​ជា​អ្វី​ដែល​គេ​នឹក​គិត​មុន​ពេល​ចូល​គេង និង​នឹក​ឃើញ​ក្រោយ​ពី​គេ​ភ្ញាក់​ពី​គេង។

២. គ្រួសារ​ជា​អាទិភាព 

ផ្តើម​ចេញ​ពី​ក្តី​សុបិន​ដ៏​ធំធេង ប្រៀប​បាន​នឹង​វេហា​ដែល​គ្មាន​ខ្សែ​ខណ្ឌ​សីមា លោក Christopher Gardner បាន​សម្លឹង​មើល​ទៅ​កូន​របស់​គាត់​ដោយ​សេចក្តី​ពេញ​ចិត្ត ហើយ​រក្សា​គំនិត​ក្នុង​ចិត្ត​ មិន​ថា​ក្នុង​កាលៈ​ទេសៈ​​ណា​ទេ ត្រូវ​រីករាយ​ជាមួយ​គ្រួសារ​ជានិច្ច។ កន្លែង​ដែល​ត្រូវ​ទៅ គឺ​ផ្ទះ មនុស្ស​ដែល​ត្រូវ​ស្រឡាញ់​គឺ​គ្រួសារ ប្រសិន​បើ​មាន​ព្រម​ទាំង​ពីរ​យ៉ាង​ហើយ​នោះ នោះ​ហើយ​គឺ​ជា​សុភមង្គល។

៣. សម្រេច​ចិត្ត​ធ្វើ​ជា​មនុស្ស​លំដាប់​ពិភព​លោក 

ក្នុង​ន័យ​នេះ លោក​បាន​យល់​ស្រប​តាម​ទ្រឹស្តី​របស់​លោក អាប្រាហាម ម៉ាស្លូវ ដែល​បាន​លើក​ឡើង​អំពី​តម្រូវការ​របស់​មនុស្ស​ទាំង ៥​កម្រិត។ លោក គ្រីស្ត បាន​លើក​ឡើង​ថា ដើម្បី​សម្រេច​គោលដៅ​ឲ្យ​ក្លាយ​ទៅ​ជា​​មនុស្ស​ជួរ​មុខ​ក្នុង​ពិភពលោក​បាន លោក​ចំបាច់​ត្រូវតែ​លះបង់​កម្លាំង​កាយ​ចិត្ត​យ៉ាង​ពេញ​ទំហឹង តស៊ូ​ព្យាយាម​ដោយ​គ្មាន​លេស​អ្វី​ទាំង​អស់ ជា​ពិសេស គឺ​មិន​ដេក​ផ្សំ​ដួល រមួល​ផ្សំ​គ្រេច​ឡើយ។ 

៤. ឲ្យ​តម្លៃ​ខ្លួន​ឯង 

នរណាៗ​ក៏​យល់​ស្រប​ដែរ​ថា លុយ​ជា​អំណាច​ដែល​អាច​ឲ្យ​អ្នក​ធ្វើ​អ្វីៗ​ក៏​បាន តែ​អ្វី​ដែល​សំខាន់ និង​មាន​តម្លៃ​បំផុត គឺ​ខ្លួន​របស់​លោក​អ្នក​ផ្ទាល់។ អ្នក​ត្រូវ​តែ​រក្សា​តម្លៃ​ខ្លួន​របស់​អ្នក​ជា​មនុស្ស​ថ្លៃថ្នូរ ស្អាត​ស្អំ ស្មោះត្រង់ មាន​សីលធម៌ និង​គុណធម៌​ជានិច្ច បើ​ទោះ​បី​ជា​អ្នក​ស្ថិត​នៅ​ក្នុង​សភាព​ក្រីក្រ លំបាក​លំបិន​យ៉ាង​ណា​ក៏​ដោយ។ 

ក្រម​សីលធម៌ គឺ​ជា​កំណប់​ទ្រព្យ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន នៅក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ។ ប្រសិន​បើ​អ្នក​មិន​ផ្តើម​មើល​ខ្លួន​ឯង​ថា​មាន​តម្លៃ​ហើយ​នោះ តើ​ធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​ឲ្យ​ពិភព​លោក​នេះ​ឲ្យ​តម្លៃ​អ្នក​កើត?

៥. រក្សា​កម្លាំង​ជម្រុញ​ទឹក​ចិត្ត​ដល់​ក្រុម​ជានិច្ច 

ក្នុង​លោក​នេះ មិន​មាន​បុគ្គល​ណា​មួយ​អាច​សម្រេច​ជោគជ័យ​បាន​តែ​ម្នាក់​ឯង​នោះ​ទេ។ ការ​ធ្វើ​ការងារ​ជា​ក្រុម​ជា​រឿង​ចាំបាច់ ប៉ុន្តែ អ្នក​ត្រូវ​រក្សា​កម្លាំង​ចិត្ត​របស់​ក្រុម​ជានិច្ច។ អ្នក​ត្រូវ​គោរព​ឲ្យ​តម្លៃ សរសើរ​លើក​ទឹក​ចិត្ត និង​ច្បាស់​លាស់​ជាមួយ​ក្រុម។ លោក គ្រីស្ត បាន​លើក​ឡើង​ថា ការ​បាន​មក​ជួប​គ្នា គឺ​ជា​ចំណុច​ចាប់​ផ្តើម ការ​បាន​នៅ​ក្នុង​ក្រុម​ការងារ​ជាមួយ​គ្នា គឺ​ជា​ជំហាន​ឆ្ពោះ​ទៅ​មុខ ការ​បាន​រួម​កម្លាំង​ចិត្ត​ធ្វើការ​ជាមួយ​គ្នា គឺ​ជា​ភាព​ជោគជ័យ។

៦. ការ​ផ្លាស់​ប្តូរ​ជា​រឿង​សំខាន់ 

ការ​ផ្លាស់​ប្តូរ​ឥរិយាបថ វិធី​គិត និង​ទម្លាប់​អាក្រក់​ចេញ ហើយ​ងាក​មក​ប្រព្រឹត្ត​នូវ​ទង្វើ​ដែល​នាំ​ឲ្យ​រីក​ចម្រើន​ក្នុង​ជីវិត គឺ​ជា​រឿង​ដែល​លំបាក ប៉ុន្តែ អ្នក​ត្រូវ​ដឹង​ថា មនុស្ស​ជោគជ័យ​តែង​តែ​មាន​ទម្លាប់​ល្អ មាន​វិធី​គិត​ត្រឹម​ត្រូវ និង​ធ្វើ​តែ​រឿង​ណា​ដែល​នាំ​ឲ្យ​រីក​ចម្រើន​តែ​ប៉ុណ្ណោះ។ អ្នក​មិន​អាច​ផ្លាស់ប្តូរ​អនាគត​របស់​អ្នក​បាន​ឡើយ ប៉ុន្តែ អ្នក​អាច​ផ្លាស់ប្តូរ​ទម្លាប់​របស់​អ្នក​បាន ដូច្នេះ ពិត​ប្រាកដ​ណាស់​ថា ទម្លាប់​នឹង​ផ្លាស់ប្តូរ​អនាគត​របស់​​អ្នក​​បាន​​ដោយ​ស្វ័យ​ប្រវត្តិ។ 

៧. ដំណើរ​ជំហាន​កូន​ក្មេង 

ក្នុង​ជីវិត មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ចាប់​ផ្តើម​ហើយ​ដួល ប៉ុន្តែ ចូរ​កុំ​ខ្លាច​ដួល​ឡើយ ត្រូវ​ក្រោក​ឈរ ហើយ​ដើរ​ទៅ​ទៀត ត្រូវ​សម្លឹង​មើល​គោលដៅ​ឲ្យ​ច្បាស់​ ហើយ​ដើរ​ទៅ​មុខ​រហូត​ដល់​បាន​សម្រេច​គោលដៅ​របស់​ខ្លួន។ 

ភាព​ជោគជ័យ​ពិត​ប្រាកដ​មិន​មែន​អ្វី​​ដទៃ​ក្រៅ​ពី​ភាព​ក្លាហាន​ប្រឈម​មុខ​ចំពោះ​ការ​បរាជ័យ​ម្តង​ហើយ​ម្តង​ទៀត ហើយ​នៅ​តែ​បន្ត​ឆ្ពោះ​ទៅ​មុខ​ដោយ​មិន​បន្ធូរ​បន្ថយ​នូវ​សេចក្តី​ព្យាយាម​ឡើយ។ 

៨. ធ្វើ​តាម​ចំណង់​របស់​ខ្លួន 

មនុស្ស​ភាគច្រើន​តែងតែ​បារម្ភ​ចំពោះ​ការ​គិត​របស់​អ្នក​ដទៃ​ចំពោះ​ខ្លួន ហើយ​លះបង់​នូវ​ក្តី​សុបិន និង​ចំណង់​របស់​ខ្លួន​ចោល ព្រោះ​ខ្លាច​គេ​និន្ទា ចំអក​ឡក​លើយ។ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​ចង់​បាន​អ្វី ចង់​ធ្វើ​អ្វី​នៅក្នុង​ជីវិត​របស់​អ្នក? កាល​បើ​អ្នក​រក​ចម្លើយ​បាន​ហើយ ចូរ​ធ្វើ​វា​ដោយ​យក​ចិត្ត​ទុក​ដាក់ ដោយ​កុំ​ខ្វល់​ពី​អ្នក​ដទៃ​ឡើយ។ បេះដូង​របស់​អ្នក​តស៊ូ គ្មាន​ទេ​ពាក្យ​ថា ចុះ​ចាញ់។ 

៩. ធ្វើ​អ្វីៗ​ដែល​ស័ក្តិសម 

អ្នក​ត្រូវ​ធ្វើ​អ្វី​ដែល​ស័ក្តិសម​សម្រាប់​អ្នក មិន​មែន​សម្រាប់​អ្នក​ដទៃ​នោះ​ឡើយ។ 

១០. ចាប់​ផ្តើម​ពី​ចំណុច​ដែល​អ្នក​ឈរ 

ប្រសិន​បើ​អ្នក​គិត​ថា អ្នក​គ្មាន​ធនធាន គ្មាន​លុយ គ្មាន​ទំនាក់​ទំនង គ្មាន​ខ្សែ គ្មាន​បទ​ពិសោធន៍ ចូរ​អ្នក​ចងចាំ​ថា អ្នក​នៅ​តែ​ចាប់​ផ្តើម​ពី​កន្លែង​នោះ។ អ្នក​ត្រូវ​បង្កើត​គំនិត​កសាង​គ្រប់​យ៉ាង​ដើម្បី​រស់​នៅ​ក្នុង​ប្រណីត​ភាព។ មនុស្ស​ម្នាក់ៗ​ត្រូវ​ផ្តើម​ចេញ​ពី​អ្វី​ដែល​ខ្លួន​មាន ព្រមទាំង​ប្រើ​សក្តានុពល​ក្នុង​ខ្លួន​នោះ​ឲ្យ​អស់​ទើប​អាច​រក​ជោគជ័យ​បាន។

មនុស្ស​បរាជ័យ​សម្លឹង​រក​មើល​តែ​ភាព​គង់វង្ស ប៉ុន្តែ មនុស្ស​ជោគ​ជ័យ​សម្លឹង​រក​មើល​តែ​ឱកាស​ទេ។ តែ​ត្រូវ​ចងចាំ​ផង​ដែរ​ថា ភាព​ជោគជ័យ​មិន​មែន​ជា​ចំណុច​ចុង​ក្រោយ​បង្អស់​របស់​យើង​ទេ ហើយ​ភាព​បរាជ័យ​ក៏​មិន​បាន​ធ្វើ​ឲ្យ​យើង​ស្លាប់​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


២៤​​ខែ​ទៀត កម្ពុជា​នឹង​ទទួល​បាន​តំណក់​ប្រេង​លើក​ដំបូងហើយ?

ព័ត៌មាន
នៅ​ព្រឹក​ថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០១៧ អាច​ចាត់​ទុក​ថា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​ដែល​ប្រទេស​កម្ពុជា​បាន​រំកិល​ខ្លូន​កាន់​តែ​ជិត​ជាមួយ​នឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ