ក្រុងសៀវរីរ៉ូដូណេក បាននិងកំពុងក្លាយជាសមរភូមិដែលកងទ័ពរុស្ស៊ីផ្តោតការវាយប្រហារខ្លាំងក្លា។ វាយប្រហារខ្លាំងក៏ដោយសារតែ វាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពីទីក្រុងម៉ូស្គូ ដើម្បីដណ្តើមយកតំបន់ភាគខាងកើតអ៊ុយក្រែនទាំងស្រុងតែម្តង ពោលគឺតំបន់ដុនបាស។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តំបន់របស់អ៊ុយក្រែនដែលរុស្ស៊ីហៅថា ដុនបាស គឺចែកចេញជាខេត្តចំនួនពីរគឺ លូកហាន់ និង ដូណេក។ បច្ចុប្បន្នរុស្ស៊ីគ្រប់គ្រងស្ទើរតែទាំងអស់ទៅហើយនៃតំបន់ខាងលើ ពោលគឺនៅសល់តែក្រុងពីរប៉ុណ្ណោះ ដែលបន្តស្ថិតក្រោមការគ្រប់គ្រង់របស់អ៊ុយក្រែន និងកំពុងមានការវាយប្រយុទ្ធគ្នាខ្លាំងក្លា។ ក្រុងទាំងពីរនោះគឺក្រុងសៀវរីរ៉ូដូណេក និងក្រុងលីសីចាន់ ដែលស្ថិតនៅក្នុងខេត្តលូកហាន់។
លេខាធិការក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានភាពនៅសៀវរីរ៉ូដូណេកគឺស្មុគស្មាញខ្លាំង កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារមិនដែលដាច់ មិនថាយប់ឬថ្ងៃនោះទេ។
នៅក្នុងសុន្ទរកថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍របស់ប្រធានាអ៊ុយក្រែនហ្សេលេនស្គី បាននិយាយថាការប្រយុទ្ធនៅតាមផ្លូវក្នុងទីក្រុងគឺសាហាវ និងពិបាកទប់ទល់ខ្លាំងណាស់។ លោកអះអាងថា សមរភូមិនេះប្រហែលជាសមរភូមិមួយដ៏លំបាកបំផុត ក្នុងចំណោមសមរភូមិនានា នៅក្នុងសង្រ្គាមមួយនេះ។
យ៉ាងក៏ដោយសេចក្តីរាយការណ៍ចុងក្រោយនាព្រឹកថ្ងៃសុក្រនេះឱ្យដឹងថា កងកម្លាំងរបស់អ៊ុយក្រែន នៅតែបន្តឈរជើង កាន់កាប់ទីតាំងរបស់ពួកគេដដែល ក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅទីក្រុងសៀវរីរ៉ូដូណេក។ លើសពីនេះពួកគេ បានដណ្តើមយកមកវិញនៅទីតាំងមួយចំនួននៅភាគខាងត្បូងនៃទីក្រុងផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ដោយឡែកបើគេនិយាយពីស្ថានការណ៍ជារួមតែម្តង ភាគីអ៊ុយក្រែនចាញ់ប្រៀបកងកម្លាំងរុស្ស៊ីបន្តិចហើយ។ កងទ័ពអ៊ុយក្រែននិយាយថា ក្តីសង្ឃឹមតែមួយគត់របស់ខ្លួនក្នុងការបង្វែរស្ថានការណ៍ក្នុងសមរភូមិមួយនេះ គឺជាការប្រើកាំភ្លើងធំបន្ថែមទៀតដើម្បីបាញ់ផ្លោងទៅកាន់កងទ័ពរុស្ស៊ីវិញ ដោយសារតែកងកាំភ្លើងដ៏ធំរបស់រុស្ស៊ីពិតជាមានឥទ្ធិពលខ្លាំងណាស់។
សូមជម្រាបថា សង្គ្រាមនៅអ៊ុយក្រែនបានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់លាននាក់ផ្សេងទៀតបានភៀសខ្លួនចេញទៅក្រៅប្រទេស។ នេះនៅមិនទាន់រាប់បញ្ចូលអ្នកដែលភៀសខ្លួនចូលផ្ទះសម្បែងនៅក្នុងប្រទេសផង។ ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេលេនស្គីបានព្រមានថាមនុស្សរាប់លាននាក់ អាចដាច់ពោះស្លាប់ដោយសារតែការបិទខ្ទប់របស់រុស្ស៊ីនៅកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន៕