លោកជំទាវ ជា សិរី អគ្គនាយិកា ធនាគារជាតិនៃកម្ពុជា (NBC) បានថ្លែងថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) មានកើនឡើងយ៉ាងគំហុកនៅឆមាសទី១ ឆ្នាំ២០១៧នេះ ដោយសារមួយផ្នែក គឺការបង្កើតថ្មីនៃធនាគារបរទេសចំនួន២ទៀត មកពីប្រទេសបារាំង និងមកពីប្រទេសជប៉ុន។
ថ្លែងតាមរយៈអ៊ីម៉េល លោកជំទាវ ជា សិរី បានមានប្រសាសន៍ថា ធនាគារទាំងពីរនោះគឺធនាគារ BRED មកពីប្រទេសបារាំង និង Mizuho មកពីប្រទេសជប៉ុន។
យោងតាមលោកជំទាវ ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) នៅក្នុងវិស័យធនាគារបានកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ២០០០ មក។
នៅក្នុងឆមាសទីមួយនៃឆ្នាំ២០១៧ ការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យនេះមានចំនួន ៤៣៩លានដុល្លារ ពោលគឺកើនឡើង ៨៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកជំទាវ បានបន្តថា លើសពីនេះទៀត ការកើនឡើងនេះក៏ដោយសារការបញ្ចេញទុនបន្ថែមពីធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីអនុលោមតាមបទបញ្ជាថ្មីស្តីពីតម្រូវការមូលធនអប្បបរមាដែលត្រូវបានដាក់ចេញនៅឆ្នាំ២០១៦ ដែលទាមទារឲ្យស្ថាប័នទាំងនោះបង្កើនដើមទុនរបស់ខ្លួនឲ្យបានពេញលេញនៅត្រឹមខែមីនា ឆ្នាំ២០១៨។
លោកជំទាវ ជា សិរី បាននិយាយថា លំហូរមូលធនបន្តចូលក្នុងវិស័យធនាគារបង្ហាញពីសក្តានុពលដ៏អស្ចារ្យនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេស នៅក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗចំនួន ៤ ដូចជា វិស័យឧស្សាហកម្ម ទេសចរណ៍ វិស័យកសិកម្ម និងវិស័យអចលនទ្រព្យ។
ធនាគារជាតិនៃកម្ពុជាបានបង្កើនតម្រូវការដើមទុនអប្បបរមាសម្រាប់ធនាគារពី ៣៧,៥ លានដុល្លារទៅ ៧៥លានដុល្លារ។
សម្រាប់សាខាធនាគារបរទេស គឺត្រូវបង្កើនទុនអប្បបរមា ពី ១២,៥លានដុល្លារ ទៅ ៥០លានដុល្លារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើត្រូវកើនពី ២,៥លានដុល្លារ ទៅ ៣០លានដុល្លារ៕