គណបក្សសាធារណរដ្ឋ បានសម្តែងការព្រួយបារម្ភថា ការបង្កើតរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលអាម៉េរិក អាចផ្ដល់ឱកាសឱ្យមានការតាមឃ្លាំមើលរបស់រដ្ឋាភិបាលទៅលើប្រតិបត្តិការរបស់ប្រជាជន។ ការបង្ហាញក្តីបារម្ភបែបនេះ ធ្វើឡើងក្រោយធនាគារកណ្ដាលអាម៉េរិក (Fed) កំពុងស្វែងរកលទ្ធភាពបង្កើតរូបិយប័ណ្ណឌីជីថល ហើយកាលពីឆ្នាំមុនបានចេញផ្សាយរបាយការណ៍ពីការពិនិត្យមើលគុណសម្បត្តិ និងគុណវិបត្តិនៃរូបិយប័ណ្ណនេះ ប៉ុន្តែមន្រ្តីធនាគារកណ្តាលមួយចំនួន ក៏បានច្រានចោលគំនិតនេះនៅក្នុងពេលកន្លងមកផងដែរ។
ទោះយ៉ាងណាលោក ផៅវែល បាននិយាយថា ធនាគារកណ្តាលអាម៉េរិក នឹងមិនបង្កើតរូបិយប័ណ្ណនេះឡើងដោយគ្មានការយល់ព្រមពីសភាឡើយ ដូច្នេះហើយគេមិនចាំបាញ់ព្រួយបារម្ភទេ ហើយវាក៏នឹងមិនទាន់កើតឡើងឆាប់ៗនេះដែរ។ បើតាមក្រុមអ្នកវិភាគ Atlantic Council បានឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រទេសចំនួន១៣០ ដែលតំណាងឱ្យ៩៨% នៃផលិតផលក្នុងស្រុកសរុបពិភពលោក កំពុងស្វែងរកការបង្កើតរូបិយប័ណ្ណឌីជីថលតាមមធ្យោបាយណាមួយ ហើយតួលេខនោះក៏បញ្ចូលទាំងអាម៉េរិកផងដែរ។
ពាក់ប័ន្ធនឹងសហរដ្ឋអាម៉េរិកនេះ ក្រុមហ៊ុន Goldman Sachs Group បានព្យាករថា ការលេងភាគហ៊ុននៅសហរដ្ឋអាម៉េរិកនឹងកើនឡើងដល់១ទ្រីលានដុល្លារ នៅក្នុងឆ្នាំ២០២៥ ដែលជាការកើនឡើងលើកដំបូងមិនធ្លាប់មាន ដោយសារតែប្រាក់ចំណូលបច្ចេកវិទ្យាផ្សារហ៊ុនរឹងមាំ។
ក្រុមហ៊ុននេះបានបន្ថែមថា សម្រាប់ឆ្នាំ២០២៤នេះ ធនាគាររំពឹងថា ការទិញភាគហ៊ុននៅផ្សារហ៊ុន S&P 500 នឹងកើនឡើង១៣% គឺឡើងដល់៩២៥ពាន់លានដុល្លារ និងកើនឡើង១៦% ទៀតនៅឆ្នាំ២០២៥ ដោយឡើងដល់ជាង១ទ្រីលានដុល្លារក្រោយពីបានធ្លាក់ចុះកាលពីឆ្នាំមុន។ ក្រុមហ៊ុន Goldman Sachs បានបន្ថែមថា លក្ខខណ្ឌផ្តល់ប្រាក់កម្ចីកាន់តែងាយស្រួលនៅពេលដែលធនាគារកណ្តាលកាត់បន្ថយអត្រាការប្រាក់ ក៏ដូចជាការដកចេញនូវភាពមិនច្បាស់លាស់ខាងនយោបាយ បន្ទាប់ពីការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក ក៏អាចជាការជំរុញកំណើននេះដែរ។
ក្រុមអ្នកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Goldman Sachs បានសរសេរក្នុងកំណត់ត្រាមួយថា ប្រាក់ចំណូលបច្ចេកវិទ្យានឹងកើនឡើងដោយសារការចំណាយរបស់អតិថិជនរឹងមាំ និងការកើនឡើងនូវតម្រូវការសម្រាប់ផលិតផលពាក់ព័ន្ធនឹងបញ្ញាសិប្បនិមិត្ត៕