រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ពិឆៃ ឈុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បានថ្លែងក្នុងសិក្ខាសាលាធុរកិច្ចមួយថា ការនាំចេញមានចំណែកគ្របដណ្ដប់រហូតដល់ទៅ៧០%នៃសេដ្ឋកិច្ចថៃ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយនោះ គឺវិស័យផលិតកម្មរបស់ថៃ មិនអាចបំពេញតម្រូវការទីផ្សារបាននោះទេ។ រដ្ឋមន្ត្រីរូបនេះទទួលស្គាល់ថា ប្រទេសថៃ ប្រកួតប្រជែងមិនឈ្នះគេនោះទេ ព្រោះប្រទេសនេះមិនអាចសម្របខ្លួនឱ្យបានទាន់ពេលវេលា។
សេដ្ឋកិច្ចរបស់ថៃ សម្រេចបានកំណើន២,៣% ក្នុងត្រីមាសទី២ ដើមឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយកើនឡើងពី១,៦% ក្នុងត្រីមាសទី១។ ទោះជាយ៉ាងណា កំណើនប្រចាំត្រីមាសធៀបនឹងត្រីមាសបានធ្លាក់ចុះមកនៅត្រឹម០,៨% ក្នុងត្រីមាសទី២ បើធៀបនឹងកំណើន១,២% ក្នុងត្រីមាសទី១។
ក្រសួងហិរញ្ញវត្ថុថៃ បានព្យាករថា សេដ្ឋកិច្ចថៃ នឹងសម្រេចបានកំណើនក្នុងរង្វង់២,៧% នៅឆ្នាំ២០២៤ នេះ បន្ទាប់ពីសម្រេចបានកំណើន១,៩% កាលពីឆ្នាំមុនដែលជាកំណើនទាបជាងបណ្ដាប្រទេសក្នុងតំបន់។
មានការរំពឹងទុកយ៉ាងទូលំទួលាយថា នៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃពុធ ទី២១ ខែសីហា នេះ ធនាគារកណ្តាលថៃ នឹងរក្សាទុកអត្រាការប្រាក់គោលដ៏សំខាន់របស់ខ្លួនឱ្យនៅដដែលដោយគ្មានការផ្លាស់ប្តូរក្នុងរង្វង់២,៥០% ដែលជាអត្រាខ្ពស់បំផុតក្នុងពេលជាង១ទសវត្សរ៍មកនេះ។
ទោះជាយ៉ាងណា ស្ថានភាពមិនប្រាកដប្រជាជុំវិញកម្មវិធីចែកលុយដល់ពលរដ្ឋចំនួន១៤ពាន់លានដុល្លារអាម៉េរិក របស់រដ្ឋាភិបាលថៃ អាចនឹងជំរុញឱ្យមានការដាក់សម្ពាធជាថ្មីឱ្យធនាគារកណ្ដាលថៃ បញ្ចុះអត្រាការប្រាក់៕
ដោយ: តែម សុខុម