លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា និងជាអគ្គនាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ការបង្កើតប្រព័ន្ធរាយការណ៍ឥណទានសម្រាប់ក្រុមហ៊ុននេះ ពិតណាស់នឹងផ្តល់ព័ត៌មានអំពីក្រុមហ៊ុនបានលំអិតជាងមុនសម្រាប់អ្នកផ្តល់កម្ចី ដោយវានឹងចំណាយពេលវេលាតិចចំពោះប្រតិបត្តិការផ្តល់កម្ចីតែម្តង។
អគ្គនាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានបញ្ជាក់ទៀតថា «ដូចដែលយើងបានដឹងស្រាប់ហើយ តាំងពីមានការិយាល័យឥណទានមកគុណភាពឥណទាននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ គឺមានគុណភាពល្អ ដោយចំណាយពេលតិច និងធ្វើការសម្រេចចិត្តបានត្រូវជាងមុន»។
លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិការិយាល័យឥណទានកម្ពុជាបានឲ្យដឹងថា ប្រព័ន្ធរាយការណ៍ឥណទានក្រុមហ៊ុននេះ ត្រូវបានធនាគារជាតិផ្តល់ការអនុញ្ញាតរួចហើយ ហើយយ៉ាងយូរ ប្រព័ន្ធថ្មីនេះ នឹងអាចដាក់ឲ្យដំណើរការបាននៅចុងខែនេះ ឬដើមខែក្រោយជាមួយនឹងធនាគារប្រមាណ៥០ នឹងប្រើប្រាស់ប្រព័ន្ធនេះ។
នាយកប្រតិបត្តិការិយាល័យឥណទានកម្ពុជា បញ្ជាក់ឲ្យដឹងទៀតថា សម្រាប់ទីផ្សារទាំងមូលប្រព័ន្ធនេះ នឹងត្រូវបានធនាគារពិភពលោកផ្តល់ចំណាត់ថ្នាក់ពិន្ទុ កើនឡើង១ពិន្ទុបន្ថែមទៀត ដែលជាក់ស្តែងនៅឆ្នាំ ២០១៩នេះចំណាត់ថ្នាក់ឥណទានកម្ពុជាជាប់លេខទី ២២ ធៀបនឹង ១៩៨ប្រទេស ដូច្នេះ ជាការរំពឹងទុក បន្ទាប់ពីដាក់ឲ្យដំណើរការប្រព័ន្ធនេះហើយ ចំណាត់ថ្នាក់កម្ពុជានឹងកាន់តែល្អជាងមុនបន្ថែមទៀត។
ជាទូទៅស្ថាប័ន ធនាគារ និង ហិរញ្ញវត្ថុកន្លងមកធ្លាប់បានផ្តល់ឥណទានសម្រាប់ក្រុមហ៊ុនបានមួយចំនួនដែរ ប៉ុន្តែមិនទាន់បានកត់ត្រានៅក្នុងប្រព័ន្ធនៅឡើយទេ ប៉ុន្តែឥណទានឯកត្តបុគ្គល មានការកត់ត្រារួចហើយ ដោយគិតមកដល់ពេលនេះ មានអតិថិជនជាង ៥លាននាក់ ក្នុងនោះ អតិថិជន ដែលកំពុងមានសកម្មភាពក្នុងការខ្ចីឥណទានមានប្រមាណជាង ៣លាននាក់ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ការិយាល័យឥណទានកម្ពុជា។
តាមការព្យាករណ៍ការិយាល័យឥណទានកម្ពុជាមាន ក្រុមហ៊ុនប្រមាណ ជាង ១០០ក្រុមហ៊ុន ស្មើនឹងជាង ៣ពាន់គណនេយ្យបានកត់ត្រានៅក្នុងប្រព័ន្ធ និង បើគិតជាផលបត្រឥណទានអាចមានទំហំធំ ធៀបនឹងឥណទានឯកត្តបុគ្គល៕