មន្ត្រីជាន់ខ្ពស់ក្រុមហ៊ុន Viettel ត្រូវបានសារព័ត៌មាន VN Express ដកស្រង់សម្ដីផ្សាយថា ការផ្សាយផ្លូវការនៃបណ្ដាញ 5G នៅក្នុងទីក្រុងហូជីមិញ គឺជាសមិទ្ធផលដ៏សំខាន់មួយ នៅក្នុងយុទ្ធសាស្ត្ររបស់ Viettel ក្នុងការធ្វើឲ្យវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងៗគេនៅលើពិភពលោក ដែលធ្វើពាណិជ្ជកម្មសេវាកម្ម 5G។
ក្រុមហ៊ុន Viettel នឹងប្រើប្រាស់ស្ថានីយមូលដ្ឋានទាំង ១០ ដើម្បីពិនិត្យនិងវាយតម្លៃសេវាកម្ម 5G នៅមុនពេលចាប់ផ្ដើមធ្វើពាណិជ្ជកម្មសេវានេះ នៅឆ្នាំក្រោយ។
Viettel គឺជាក្រុមហ៊ុនទូរគមនាគមន៍ដែលគ្រប់គ្រងដោយយោធាវៀតណាម។ ក្រុមហ៊ុននេះបានដំឡើងស្ថានីយ 5G ដំបូងគេបង្អស់មួយ នៅក្នុងរដ្ឋធានី ហាណូយ កាលពីដើមឆ្នានេះ និងបានធ្វើការហៅទូរស័ព្ទចេញដោយប្រើបណ្ដាញ 5G ជាលើកដំបូងបង្អស់ កាលពីខែឧសភា កន្លងទៅ។ Viettel ជាក្រុមហ៊ុនទីមួយ នៅក្នុងប្រទេសវៀតណាម ដែលបានទទួលការអនុញ្ញាតឲ្យសាកល្បងសេវា 5G មុនគេ កាលពីខែមករា ហើយបន្ទាប់មក ក្រុមហ៊ុនមួយទៀត ឈ្មោះ MobiFone ក៏បានទទួលអាជ្ញាប័ណ្ណផងដែរ។
កាលពីខែវិច្ឆិកា ឆ្នាំទៅមិញ រដ្ឋមន្ត្រីព័ត៌មានវៀតណាម លោក Nguyen Manh Hung បាននិយាយថា វៀតណាមនឹងធ្វើតេស្តសេវាបណ្ដាញ 5G នៅឆ្នាំ២០១៩ និងធានាការផ្សាយគ្របដណ្ដប់ទូទាំងប្រទេស នៅឆ្នាំ២០២០។
5G ត្រូវគេនិយាយថា ផ្ដល់ល្បឿនលឿនជាង 4G ដល់ទៅ ១០០ដង និងប្រើប្រាស់ជាចម្បងសម្រាប់ទូរស័ព្ទស្មាតហ្វូន និងឧបករណ៍ស្រដៀងគ្នានេះដទៃទៀត។ 5G ក៏ត្រូវគេរំពឹងផងដែរថា នឹងគាំទ្រដល់កម្មវិធី Apps ថ្មីៗ ដូចជា ការវះកាត់វេជ្ជសាស្ត្រពីចម្ងាយ និងការបើកបរដោយស្វ័យប្រវត្តិ៕