សួនកម្សាន្ត ដាយណូរស័រ ជូរ៉ាស់ស៊ិក ដ៏ថ្មីសន្លាងដំបូងគេមួយនេះ ជាការបោះទុនវិនិយោគអភិវឌ្ឍន៍សាងសង់ឡើងដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ដោយមានការបោះទុនវិនិយោគរួមគ្នាជាមួយនឹងដៃគូវិនិយោគមកពីប្រទេសថៃ។
សួនកម្សាន្ត ដាយណូស័រ មួយនេះស្ថិតនៅមិនឆ្ងាយពីមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ សន្និបាត និងពិព័រណ៍ដ៏ធំនិងលំដាប់ប្រណីតមួយទៀត ដែលមានឈ្មោះថា ឌឹ ព្រេមៀរ សែនសុខ សេនធ័រ ដែលទើបតែសម្ពោធកាលពីព្រឹកថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១៨ ហើយក៏ស្ថិតនៅក្បែរផ្សារទំនើប អ៊ីអនទី២ និងជិតផ្សារលក់ទំនិញបោះដុំ ម៉ាក្រូ ផងដែរ។
លក្ខណៈពិសេសរបស់សួនកម្សាន្ត ដាយណូរស័រ ជូរ៉ាស់ស៊ិក នេះ ចែកចេញជាបីទីតាំងសំខាន់ៗ មានដូចជា ទី១ កន្លែង ដាយណូរស័រ ដើរ និងជិះលេងកម្សាន្តមានចំនួន ៤០ ដាយណូស័រ ទី២ កន្លែងសួនវង្វេង ទី៣ កន្លែងទឹកជ្រោះធ្លាក់ និងមានកន្លែងកម្សាន្តផ្សេងៗទៀត។ សម្រាប់សំបុត្រចូលទស្សនាកម្សាន្ត មានតម្លៃចាប់ពី ២ដុល្លារ សម្រាប់ក្មេង និង ៥ដុល្លារសម្រាប់មនុស្សពេញវ័យ។
តំបន់ខណ្ឌសែនសុខ កំពុងក្លាយជាចំណុចផ្ទាំងស៊ីបសម្រាប់ការវិនិយោគ!
អ្នកជំនាញអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា សុទ្ធតែបានចាត់ទុកតំបន់ខណ្ឌសែនសុខ ជាតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពល និងទាក់ទាញខ្លាំងបំផុតក្នុងការវិនិយោគសាងសង់លំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម។ ជាក់ស្តែង តំបន់នេះ បច្ចុប្បន្ន ប្រជុំទៅដោយសាលារៀអន្តរជាតិ មណ្ឌលសុខភាព ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍ សណ្ឋាគារ និងផ្សារលក់ទំនិញបោះដុំ និងលក់រាយជាច្រើន។
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន វើលប្រ៊ីដ គ្រុប ដែលជាអ្នកជំនួញល្បីល្បាញមួយរូប នៅក្នុងវិស័យអចលនទ្រព្យនិងសំណង់ និង ឡូជីស្ទីក បានមានប្រសាសន៍ថា កម្ពុជា បច្ចុប្បន្ន អាចនិយាយបានថា ជាតារាកំពុងរះចែងចាំង រះដោយសារតែកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចល្អ គួបផ្សំនឹងកម្លាំងយុវជនវ័យក្មេងច្រើន។
លោកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់ទៀតថា វិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា ជាពិសេស នៅក្នុងរាជធានីភ្នំពេញតែម្ដង ហាក់គ្មានសញ្ញាថមថយឡើយ បើទោះបីជាវិស័យនេះមានសន្ទុះលូតលាស់ជាច្រើនឆ្នាំមកហើយក្ដី។
ជាក់ស្ដែង ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ វិស័យសំណង់និងអចលនទ្រព្យ គឺបន្តរីកលូតលាស់ឥតឈប់ឈរ ដោយក្នុងនោះ គេឃើញសំណង់បុរី ខុនដូ អគារពាណិជ្ជកម្ម ផ្ទះល្វែង វីឡា ជាដើម រីកស្គុសស្គាយគ្រប់ប្រភេទ។
ដោយឡែកលោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា តម្លៃអចលនទ្រព្យនៅតំបន់ខណ្ឌសែនសុខ បានចាប់ផ្តើមកក្រើកកើនឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ២០១០ ហើយក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះវិញ គឺបានកើនឡើងយ៉ាងគំហុក ពោលគឺកើនឡើង ១ ទ្វេជា ១០ ឯណោះ ហើយការអភិវឌ្ឍ ក៏លើសពីការរំពឹងទុក ដែលតម្លៃទីផ្សារបច្ចុប្បន្ន មួយម៉ែត្រការ៉េ ចាប់ពី ១ពាន់ ទៅ ២ពាន់ដុល្លារឡើងទៅ៕