នៅខែក្រោយនេះដែរ AirAsia ក៏នឹងចាប់ផ្ដើមផ្ដល់សេវាកម្មតាក់ស៊ីដោយប្រើ App ផងដែរ ខណៈដែលជំងឺរាតត្បាតកូវីដ-១៩នៅតែបន្តប៉ះពាល់ខ្លាំងទៅលើវិស័យធ្វើដំណើរតាមយន្តហោះ ។
លោក តូនី ហ្វ៊ែរណង់ដេស (Tony Fernandes) បាននិយាយនៅឯវេទិកាសេដ្ឋកិច្ចយុវជន ឆ្នាំ២០២១ ថា «យន្តហោះតាក់ស៊ីនឹងមានអ្នកបើកបរម្នាក់ និងកៅអីអ្នកដំណើរសម្រាប់៤នាក់ ។ នៅពេលនេះ ក្រុមការងាររបស់ AirAsia កំពុងធ្វើការងារលើសេវាកម្មថ្មីនេះ ។»
លោក ហ្វ៊ែរណង់ដេស និយាយថា សេវាកម្មយន្តហោះតាក់ស៊ីនេះអាចនឹងចាប់ផ្ដើមដំណើរការក្នុងពេល ១៨ខែទៀត ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន AirAsia ដែលបច្ចុប្បន្នកំពុងធ្វើការសាកល្បងសេវាដឹកជញ្ជូនអីវ៉ាន់តាមដ្រូន ដោយសហការជាមួយមជ្ឈមណ្ឌលច្នៃប្រឌិតនិងនវានុវត្តន៍សាកលម៉ាឡេស៊ី (MaGIC) នឹងចាប់ផ្ដើមផ្ដល់សេវាដឹកជញ្ជូនទំនិញតាមដ្រូនមុនដំបូងគេ នៅដំណាច់ឆ្នាំនេះ ដែរ ។
ខណៈដែលខិតខំប្រឹងប្រែងរើខ្លួនពីវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ-១៩ លោក ហ្វ៊ែរណង់ដេស បាននិយាយថា ក្រុមហ៊ុនរបស់លោកបានចាប់យកឱកាសនេះដើម្បីពន្លឿនការអភិវឌ្ឍផ្នែកឌីជីថលរបស់ខ្លួនឲ្យបានកាន់តែលឿន ។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុន AirAsia បានរកស៊ីខាត ៥ត្រីមាសជាប់គ្នាហើយ និងបានស្វះស្វែងកៀរគរមូលនិធិជាង ៦០០លានដុល្លារអាមេរិក ពីកម្ចីធនាគារនិងអ្នកវិនិយោគិន ។ កាលពីខែមុន សាខារបស់ខ្លួននៅប្រទេសជប៉ុន ដែល AirAsia កាន់កាប់ភាគហ៊ុន ៣៣% បានបញ្ឈប់ប្រតិបត្តិការកាលពីខែតុលា ឆ្នាំ២០២០ និងបានប្រកាសក្ស័យធន ៕