ជុំវិញនឹងបញ្ហានេះដែរ ក្រុមអាជីវករលក់បន្លែ ផ្លែឈើត្រីសាច់នៅផ្សារជម្ពូវ័នបានលើកឡើងថា នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មិនសូវមានអ្នកមកទិញទំនិញនោះទេ។ មិនសូវមានអ្នកមកផ្សារទិញទំនិញ ដោយសារតែរដ្ឋាភិបាលមានវិធានការបិទខ្ទប់ ហាមឃាត់ការធ្វើដំណើរចាកចេញពីផ្ទះដែលមិនចាំបាច់ ដើម្បីទប់ស្កាត់នូវការឆ្លងមេរោគកូវីដ-១៩។
ក្រុមអាជីវករលក់បន្លែត្រីសាច់នៅផ្សារជម្ពូវ័នបាននាំគ្នារអ៊ូរទាំថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពួកគាត់មានការលក់ធ្លាក់ចុះជាងពាក់កណ្តាល ដោយសារស្ងាត់អ្នកទិញ បើធៀបនឹងពេលកន្លងមក។
បន្ថែមពីលើនេះ ក្រុមអាជីវករលក់ដូរនៅផ្សារក៏បានទទួលស្គាល់ថា ក្នុងអំឡុងពេលបិទខ្ទប់នេះតម្លៃទំនិញមួយចំនួន ពិតជាមានការឡើងថ្លៃពិតប្រាកដមែន ក៏ប៉ុន្តែការឡើងថ្លៃគឺតិចតួចប៉ុណ្ណោះ។ ក្រុមអាជីវករទាំងអស់នោះ បញ្ជាក់អះអាងទៀតថា ការលក់ឡើងថ្លៃនេះ មិនមែនជាកំហុសរបស់ពួកគេដំឡើងថ្លៃដោយខ្លួនឯងនោះទេ គឺដោយសារតែការទិញពីផ្សារបោះដុំមកក៏មានឡើងថ្លៃដែរ។
រហូតមកដល់ពេលនេះ មានរយៈពេលមួយសប្តាហ៍ហើយ ដែលរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលស្ថិតក្នុងបម្រាមបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះ និង ធ្វើដំណើរផ្តេសផ្តាសបើមិនចាំបាច់ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងមានការកើនឡើងខ្លាំង។
យ៉ាងណាមិញ នៅអំឡុងពេលបិទខ្ទប់នេះ ក៏មានផ្សារធំៗនៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានបិទជាបណ្ដោះអាសន្នផងដែរ ដូចជា ផ្សារអូរឫស្សី, ផ្សារចាស់ និង ផ្សារដើមគជាដើម ដែលសុទ្ធសឹងជាផ្សារធំៗ ផ្គត់ផ្គង់បន្លែត្រី សាច់ និង គ្រឿងបរិភោគជាច្រើនទៀត។
លើសពីនេះទៅទៀត ផ្សារមួយចំនួនទៀត នៅក្នុងខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវបានផ្អាកបណ្ដោះអាសន្នដែរ ដូចជាផ្សារ សេនជូរីផ្លាហ្សា ផ្សារត្រពាំងថ្លឹង ផ្សារទួលពង្រ និង ផ្សារឯករាជ្យ១ ជាដើម។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ៧ពាន់៤រយនាក់ អ្នកជាសះស្បើយជាង ២ពាន់៥រយនាក់ និង ស្លាប់ចំនួន ៤៩នាក់៕