តាមសារព័ត៌មានក្នុងស្រុករបស់វៀតណាម បានឲ្យដឹងថា យ៉ាងហោចណាស់ មានយីហោអាជីវកម្ម Franchise បរទេស ២០៦ យីហោ ផ្សេងគ្នា ត្រូវបានរដ្ឋាភិបាល វៀតណាមផ្ដល់សិទ្ធិឲ្យចូលរកស៊ីយ៉ាងគគ្រឹកគគ្រេងនៅក្នុងទីផ្សារនៃប្រទេសវៀតណាម។
ម្ចាស់យីហោ Franchise (Franchisor) ធំៗភាគច្រើន ត្រូវបានដឹងថា មកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អូស្ត្រាលី កូរ៉េខាងត្បូង សាំងហ្គាពួរ ថៃ ជប៉ុន ហុងកុង តៃវ៉ាន់ កាណាដា និងភីលីពីនជាដើម។
លោកស្រី Nguyễn Phi Vân ប្រធានអាជីវកម្មលក់រាយ និង Franchise នៅអាស៊ី និងជាស្ថាបនិក និងអ្នកគ្រប់គ្រង សមាគមអាជីវកម្ម Franchise ពិភពលោក បាននិយាយថា ប្រទេសវៀតណាម ត្រូវបានសមាគមអាជីវកម្ម Franchise អន្តរជាតិ ចាត់ចំណាត់ថ្នាក់ទី ៨ នៃទីផ្សារសក្ដានុពលទាំង១២ សម្រាប់ការពង្រីកខ្លួនជាអន្តរជាតិ របស់អាជីវកម្ម Franchise។
លោកស្រី Nguyễn Phi Vân បានបន្ថែមទៀតថា វិស័យដែលមានសក្ដានុពលខ្លាំងសម្រាប់អាជីវកម្ម Franchise នៅវៀតណាម ត្រូវបានគេដឹងថា មានដូចជា ចំណីអាហារ និងភេសជ្ជៈ ការអប់រំ សុខភាព សេវាកម្មពាណិជ្ជកម្ម ម៉ូដ ការថែទាំសម្រស់ ការកម្សាន្ដ អាជីវកម្មថែទាំកុមារ និងហាងលក់រាយជាដើម។
វៀតណាម នៅតែបន្តធ្វើខ្លួន ជាគោលដៅ សម្រាប់យីហោអាជីវកម្មអន្តរជាតិ ពិសេសគឺ យីហោនៅក្នុងតំបន់ ហើយបើតាម ការព្យាករពី ប្រធាន អាជីវកម្មលក់រាយ និង Franchise នៅអាស៊ី ដដែលរូបនេះ និន្នាការនេះ អាចនឹងនៅតែបន្តនៅក្នុងរយៈពេល ៣ឆ្នាំខាងមុខទៀត។
ជាមួយគ្នានេះដែរ យីហោអាជីកម្មក្នុងស្រុករបស់វៀតណាម ក៏បានចាប់ផ្ដើមអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីពង្រីកវិសាលភាពទៅកាន់ទីផ្សារពិភពលោក ផងដែរ។
អាជីវកម្ម Franchise ឬហៅថា ការទិញលក់សិទ្ធិធ្វើអាជីវកម្មបន្ត បានចាប់កំណើតឡើងក្នុងទឹកដីវៀតណាម ជាលើកដំបូង តាំងពីទស្សវត្សរ៍ឆ្នាំ ១៩៩០ មកម្លេះ ដោយមានការហូរចូលមកនូវភោជនីយដ្ឋានបែបអាហារ Fast Food ដូចជា KFC, Lotteria និង Jollibee ជាដើម។ ប៉ុន្ដែ បើក្រឡេកទៅមើលនៅក្នុងតំបន់វិញ ឃើញថា អាជីវកម្ម Franchise នេះ បានចាប់ផ្ដើមឡើង នៅប្រទេសម៉ាឡេស៊ី សាំងហ្គាពួរ និងថៃ តាំងតែពីទស្សវត្សរ៍ឆ្នាំ ១៩៨០ មកម្លេះ។
មានអាជីវកម្ម ក្នុងស្រុកវៀតណាមជាច្រើន បច្ចុប្បន្ននេះ ចាប់ផ្ដើមស្វែងរកឱកាសអាជីវកម្មតាមរយៈការទិញលក់សិទ្ធិបន្ត ឬហៅថា Franchise នេះ។ ប៉ុន្ដែ បើតាមអ្នកជំនាញ បានឲ្យដឹងថា ទីផ្សារអាជីវកម្ម Franchise នេះ ហាក់នៅក្មេងខ្ចីនៅឡើយ ហើយម្ចាស់អាជីវកម្មក្នុងស្រុក មិនសូវជាបានយល់ដឹងស៊ីជម្រៅនៅឡើយទេ។
ទោះយ៉ាងណា មិនមែនមានតែយីហោ Franchise ពីបរទេសនោះទេ ដែលបានហូរចូលទៅកាន់ទីផ្សារវៀតណាម ប៉ុន្ដែ ក៏មានយីហោ Franchise ក្នុងស្រុករបស់វៀតណាមមួយចំនួនក៏បានពង្រីកខ្លួនក្នុងទីផ្សារក្នុងតំបន់ផងដែរ។ តួយ៉ាង នៅកម្ពុជា ក៏មានយីហោអាជីវកម្ម Franchise របស់វៀតណាម មួយចំនួន បាននិងកំពុងមានប្រតិបត្តិការផងដែរ៕