ការរឹតត្បិត ប្រសិនបើសេចក្ដីព្រាងច្បាប់ថ្មីត្រូវបានអនុម័ត នឹងមានន័យថា ជនបរទេសដែលវិនិយោគលើគម្រោងអចលនទ្រព្យនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសវៀតណាម អាចកាន់កាប់ជាកម្មសិទ្ធិលើអចលនទ្រព្យបានតែ ៣០%ប៉ុណ្ណោះ។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអនឡាញវៀតណាម VN Express។
ការដាក់ពិដានលើការកាន់កាប់ជាកម្មសិទ្ធិលើអចលនទ្រព្យពីសំណាក់ជនបរទេសនេះ គឺដូចគ្នានឹងពិដានដែលមានស្រាប់និងអនុវត្តទូទាំងប្រទេសផងដែរ។
ច្បាប់ស្ដីពីអង្គភាពសេដ្ឋកិច្ចនិងរដ្ឋបាលពិសេស ដែលកំពុងស្ថិតនៅក្នុងសេចក្ដីព្រាងនៅឡើយ នឹងអនុញ្ញាតឲ្យបរទេសអាចជួលអចលនទ្រព្យនៅក្នុងតំបន់វិនិយោគថ្មីៗ បានរយៈពេល ៩៩ឆ្នាំ ខណៈដែលការជួលនៅតំបន់ផ្សេងពីនេះនៅក្នុងប្រទេសវៀតណាម ច្បាប់អនុញ្ញាតត្រឹមតែ ៥០ឆ្នាំប៉ុណ្ណោះ។
ប៉ុន្តែ ច្បាប់ថ្មីនេះចែងរឹតត្បិតលើកម្មសិទ្ធិករបរទេស ដោយអនុញ្ញាតឲ្យជនបរទេសអាចទិញអគារអាផាតមិន ឬគម្រោងរមណីយដ្ឋាននៅតាមតំបន់សេដ្ឋកិច្ចពិសេស បានតែ ៣០ភាគរយប៉ុណ្ណោះ។
គួររំឭកថា វៀតណាមកំពុងត្រៀមរៀបចំសេចក្ដីសម្រេចចុងក្រោយដើម្បីផ្ដល់ការលើកទឹកចិត្តមួយចំនួន ដល់តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ គឺតំបន់សេដ្ឋកិច្ចពិសេស វ៉ាន់ ដន នៅខេត្តកាងនិញ ភាគខាងជើង តំបន់សេដ្ឋកិច្ចពិសេស វ៉ាន់ ភុង នៅខេត្តខាញ់ហួ និងតំបន់សេដ្ឋកិច្ចពិសេស កោះភូកុក (កោះត្រល់)។
រដ្ឋាភិបាលវៀតណាមគ្រោងប្រែក្លាយតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ ឲ្យក្លាយជាតំបន់ទាក់ទាញវិនិយោគ ដូចគ្នាទៅនឹងសិង្ហបុរី និងហុងកុង ដែលនៅតាមតំបន់ទាំងនេះ កាស៊ីណូត្រូវបានអនុញ្ញាតឲ្យបើកដំណើរការរួចស្រេចទៅហើយ៕