បារាំងជាប្រទេសទីមួយហើយ ដែលបានប្រកាសជាសាធារណៈ លុបចោលការបញ្ជាទិញថ្នាំគ្រាប់ព្យាបាលកូវីដ១៩របស់ក្រុមហ៊ុន Merck ក្រោយកត់សម្គាល់ពីរបាយការណ៍របស់ក្រុមហ៊ុន ដែលបានចេញផ្សាយនៅខែវិច្ឆិកាឃើញថា ថ្នាំគ្រាប់របស់ក្រុមហ៊ុនអាមេរិកមួយនេះ មានប្រសិទ្ធភាពតិចជាងអ្វីដែលបានរំពឹងទុកពីមុន។ ពោលគឺថ្នាំគ្រាប់របស់ក្រុមហ៊ុន Merck អាចបន្ថយហានិភ័យនៃការធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យ និងទំនងអាចការពារពីការស្លាប់ បានតែជាង៣០%ប៉ុណ្ណោះ ខណៈដែលថ្នាំរបស់ ក្រុមហ៊ុនអាមេរិកមួយទៀត គឺPfizerមានប្រសិទ្ធភាពអាចការពារអ្នកជំងឺដែលមានហានិភ័យខ្ពស់ ពីការចូលមន្ទីរពេទ្យ និងស្លាប់ ដល់ទៅ៩០%ឯណោះ។
អ្នកនាំពាក្យក្រុមហ៊ុន Merck បានឲ្យដឹងដែរថា រដ្ឋាភិបាលបារាំងបានបញ្ចប់គម្រោងបញ្ជាទិញជាមួយក្រុមហ៊ុន តាំងតែពីខែមុនមកម្ល៉េះ ហើយក៏ជាពេលដែលបារាំងមិនបានអនុម័តឲ្យប្រើប្រាស់ថ្នាំរបស់ក្រុមហ៊ុន Merck ដូចគ្នាដែរ គ្រាន់តែក្រុងបារីសទើបបានប្រកាសជាសាធារណៈនៅពេលនេះប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រុមហ៊ុន Merck សន្យាថា នឹងបន្តធ្វើការជាមួយភ្នាក់ងារឱសថអឺរ៉ុប ដើម្បីអភិវឌ្ឍថ្នាំប្រភេទនេះ ឲ្យបានល្អប្រសើរថែមទៀត។
គួររំឭកថា បារាំងដំបូងឡើយបានកម្មង់ទិញថ្នាំគ្រាប់ព្យាបាលកូវីដ១៩ពីក្រុមហ៊ុន Merck ចំនួន ៥ម៉ឺនកញ្ចប់ ប៉ុន្តែរដ្ឋមន្ត្រីសុខាភិបាលបារាំងបានអះអាងហើយថា ការលុបចោលនេះ នឹងមិនធ្វើឲ្យភាគីណាមួយត្រូវខាតបង់ប្រាក់ ឬត្រូវបានសំណងអ្វីឡើយ។
គួរជម្រាបថា បច្ចុប្បន្នក្រុមហ៊ុន Merck មានកិច្ចព្រមព្រៀងផ្គត់ផ្គង់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ជាមួយប្រទេសជាង ៣០ ខណៈដែល ១២ប្រទេសត្រូវបានគេដឹកជញ្ជូនថ្នាំទៅរួចរាល់ហើយ។
ស្របពេលដែលថ្នាំវ៉ាក់សាំងត្រូវបានគេប្រើជាយុទ្ធសាស្ត្រចម្បង និងសំខាន់បំផុតមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩, ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនធំៗចំនួនពីរគឺ Merck និង Pfizer កំពុងចូលមកផ្លាស់ប្តូរស្ថានការណ៍ ដោយបានរួមចំណែកកាត់បន្ថយឱកាសរបស់អ្នកជំងឺ មិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់រហូតចូលមន្ទីរពេទ្យ ឬទំនងអាចការពារមិនឲ្យបាត់បង់ជីវិតបានផងដែរ៕