Advertisement
ផ្ទះ​តម្លៃ​ថោក​និង​សមរម្យ

គម្រោង​ផ្ទះ​តម្លៃ​ថោក​របស់​ឧកញ៉ា សៀ ឫទ្ធី នឹង​បើក​លក់​ផ្លូវការ​នៅ​ចុង​ខែ​នេះ​ហើយ!


នៅទី​បំផុត​ទៅ គម្រោង​លំនៅដ្ឋាន​សាធារណៈ​សម្រាប់​អ្នក​ចំណូល​ទាប​និង​មធ្យម​របស់​ក្រុមហ៊ុន WorldBridge Group ដែល​ប្រជាពលរដ្ឋ​ជាច្រើន ពិសេស មន្ត្រី​រាជការ​បាន​និង​កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​​នោះ ត្រៀមនឹង​បើក​លក់​ជា​ផ្លូវការ​នៅ​ចុង​ខែ​មករា ឆ្នាំ​២០១៨​នេះ​ហើយ ខណៈ​ដែល​គម្រោង​នេះ បច្ចុប្បន្ន បាន​និង​កំពុង​សាងសង់​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន។
ផ្ទះគំរូពិតនៃគម្រោងផ្ទះតម្លៃសមរម្យ
ដោយ
Advertisement

លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន WorldBridge Group បាន​បង្ហើប​ប្រាប់ ខេមបូណូមីស ថា គម្រោង​លំនៅដ្ឋាន​សាធារណៈ​តម្លៃ​សមរម្យ​នេះ ត្រៀម​នឹង​បើក​ឲ្យ​អតិថិជន​អាច​កក់​ប្រាក់ និង​ជាវ ចាប់​ពី​ថ្ងៃ​ទី​២៨-​២៩ ខែ​មករា​នេះ ត​ទៅ​ហើយ ខណៈ​ដែល​គម្រោង​នេះ​ទទួល​បាន​ច្បាប់​រួចរាល់​ហើយ ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ហើយ​ក៏​កំពុង​រង់ចាំ​នូវ​ច្បាប់​មួយ​ទៀត ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ លោក​ឧកញ៉ា​បាន​គូស​បញ្ជាក់​ថា នៅ​សប្ដាហ៍​ក្រោយ​នេះ ខាង​ក្រុមហ៊ុន​នឹង​ទទួល​បាន​ច្បាប់​នេះ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ហើយ។

ឆ្លើយតប​ទៅ​នឹង​ការ​រង់ចាំ​យ៉ាង​អន្ទះសា​របស់​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ទិញ​កាល​ពី​ពេល​កន្លង​ទៅ លោក​ឧកញ៉ា សៀ ឫទ្ធី បាន​ប្រកាស​ឲ្យ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ទិញ​ទាំង​អស់ មេត្តា​ត្រៀមខ្លួន​និង​ឯកសារ​បញ្ជាក់ ឲ្យ​បាន​រួចរាល់​ដើម្បី​បន្ត​ទៅ​ធ្វើការ​កក់ប្រាក់​និង​ជាវ​ផ្ទះ​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្លួន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​មករា​នេះ ពោល​គឺ​អាច​នៅ​ថ្ងៃ​ទី​២៨ ឬ ២៩ ខែ​មករា ឆ្នាំ​២០១៨ នេះ​ត​ទៅ។ 

លោក​ឧកញ៉ា សៀ ឫទ្ធី បន្ថែម​ថា គម្រោង​នេះ​នឹង​មិន​មាន​ការ​ប្រែប្រួល​ទីតាំង តម្លៃ និង​គុណភាព សោភ័ណ​ភាព​ផ្ទះ​នោះ​ទេ ពោល​គឺ​ក្នុង​ជំហាន​ទី១​នៃ​គម្រោង​នេះ នឹង​ត្រូវ​ចំណាយ​ប្រាក់​សាងសង់​ប្រមាណ​ជា ៦០​លាន​ដុល្លារ​អាមេរិក ដោយ​ធ្វើការ​សាងសង់​នៅ​លើ​ផ្ទៃ​ដី​២៤​ហិកតា មាន​ចំនួន ២២៩៧​ផ្ទះ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២១ ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ប្រមាណ ៨​គីឡូម៉ែត្រ ពី​ទីក្រុង​តាខ្មៅ។

អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ដ៏​ល្បី​ឈ្មោះ​រូប​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា ការ​សាងសង់​សំណង់​លំនៅដ្ឋាន​នេះ គឺ​ប្រើប្រាស់​ពេល​វេលា​លឿន​ណាស់ ហើយ​បច្ចុប្បន្ន ខាង​ក្រុមហ៊ុន​បាន​​និង​កំពុង​សាងសង់​នូវ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​​បាន​​រួចរាល់។ 

បើ​​តាម​ការ​អះអាង​​ពី​លោក​​ឧកញ៉ា សៀ ឫទ្ធី មិន​​ឲ្យ​​កន្លងហួសពីឆ្នាំ​២០១៨ នេះ​ទេ លំនៅដ្ឋាន​មួយ​ចំនួន​នឹង​សាងសង់​រួច​រាល់ ដើម្បី​ប្រគល់​ជូន​អតិថិជន​ជា​បណ្ដើរៗ។ 

គួរ​ជម្រាប​ដែរ​ថា បើ​តាម​ការ​ធ្លាប់​អះអាង​ពី​លោក​ឧកញ៉ា សៀ ឫទ្ធី បាន​ឲ្យ​ដឹង​ថា ដើម្បី​មាន​សិទ្ធិ​ទទួល​បាន​ផ្ទះ​តម្លៃ​សមរម្យ​នេះ ពលរដ្ឋ​ខ្មែរ ពិសេស មន្រ្តី​រាជការ​ត្រូវ​តែ​បំពេញ​លក្ខខណ្ឌ​សំខាន់ៗ​មួយ​ចំនួន ដូចជា៖

  1. ជា​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​និង​មធ្យម ក្រោម ៥០០​ដុល្លារ ជា​បុគ្គល​ដែល​រៀបការ​ហើយ ទិញ​ហើយ​មិន​នៅ​មិន​អាច​យក​ទៅ​ជួល​និង​លក់​បន្ដ លុះត្រា​តែ​៥​ឆ្នាំ​ក្រោយ ទើប​អាច​ជួល​និង​លក់​បន្ដ​បាន។ 
  2. មិន​អនុញ្ញាត​ឲ្យ​អ្នក​មាន​លុយ​ទិញ​ទុក​សម្រាប់​ធ្វើ​អាជីវកម្ម​នោះ​ទេ។ 
  3. រាល់ការ​ទទួល​ទិញ​លក់​និង​កក់ ក្រុមហ៊ុន​និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​អ្នក​ពិនិត្យ​ដោយ​ផ្ទាល់។ 
  4. តម្លៃ​ផ្ទះ​ចាប់​ពី ២​ម៉ឺន ៥​ពាន់​ដុល្លារ ទៅ ៣​ម៉ឺន​ដុល្លារ អាស័្រយ​ទៅ​តាម​ប្រភេទ​ផ្ទះ​និង​ទំហំ។

ក្រៅពី​គម្រោង​លំនៅដ្ឋាន​សាធារណៈ​តម្លៃ​សមរម្យ​នេះ ក្រុមហ៊ុន​លោក​ឧកញ៉ា សៀ ឫទ្ធី ក៏​បាន​និង​កំពុង​អភិវឌ្ឍ​នូវ​គម្រោង​លំនៅដ្ឋាន​ដ៏​ប្រណីត​បែប​ រីស៊ត ថ្មី​មួយ​ទៀត នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ​ពី​គល់​ស្ពាន​ព្រះ​មុនីវង្ស។ 

គម្រោង​នេះ​ទៀត​សោត ត្រូវ​បាន​ឧកញ៉ា សៀ ឫទ្ធី បង្ហើប​ឲ្យ​ដឹង​ថា នឹង​ប្រកាស​បើក​លក់​ផ្លូវការ និង​បុកគ្រឹះ​សាងសង់ នៅ​សប្ដាហ៍​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​ហើយ ខណៈ​ដែល​តម្លៃ​ក៏​មិន​ធម្មតា​ដែរ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ចំណូល​មធ្យម​និង​ខ្ពស់​កំពុង​ចាប់​ផ្ដើម​ចាយ​លុយ​លើ​ស្រា​ប្រណីត​និង​ម្ហូប​ថ្លៃៗ

ព័ត៌មាន
បច្ចុប្បន្ន ស្រា​ប្រណីត​និង​ម្ហូប​ថ្លៃៗ​នៅក្នុង​ទីផ្សារ​កម្ពុជា​បាន​និង​កំពុង​មាន​ការ​ពេញ​និយម​គួរ​ឲ្យ​កត់​សម្គាល់​ពី​សំណាក់​ប្រជាជន​ដែ...

ជា សុខលាង៖ ជោគជ័យក្នុងមុខជំនួញ ត្រូវអនុវត្តច្រើនជាងទ្រឹស្តី

ព័ត៌មាន
ក្នុងវ័យត្រឹមតែ៣៤ឆ្នាំ អ្នកស្រី ជា សុខលាង បានក្លាយជាអ្នកជំនួញវ័យក្មេង ដែលក្តោបក្តាប់ជំនួញជាច្រើននៅកម្ពុជា។
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ