វិស័យកសិកម្ម

ដំឡូងមីស្រស់នៅតំបន់មួយចំនួនធ្លាក់ថ្លៃមកនៅត្រឹមជាង ១០០រៀល ក្នុង១គីឡូក្រាម តើមកពីមូលហេតុអ្វី?


បច្ចុប្បន្នដំឡូងមីស្រស់នៅតាមតំបន់មួយចំនួនបានធ្លាក់ថ្លៃមកនៅត្រឹមជាង១០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម តែតំបន់ខ្លះអាចលក់បានចន្លោះពី៣០០រៀលទៅ៤០០រៀលក្នុងមួយគីឡូក្រាម។ ការធ្លាក់ចុះតម្លៃដំឡូងមីនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និងប្រធានសមាគមកសិករដំឡូងមីខ្មែរអះអាងថា មិនមែនកើតឡើងតែនៅកម្ពុជា នោះទេ សូម្បីប្រទេសក្បែរខាងកម្ពុជាក៏ជួបបញ្ហាធ្លាក់ថ្លៃនេះដូចគ្នាដែរ។ តើមានកត្តាអ្វី ធ្វើឱ្យតម្លៃដំឡូងមីស្រស់នៅតំបន់ខ្លះធ្លាក់ថ្លៃមកនៅត្រឹមជាង១០០រៀលក្នុង១គីឡូក្រាមយ៉ាងដូច្នេះ?
វិស័យកសិកម្ម
ដោយ

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ទីផ្សារដំឡូងមីស្រស់នៅតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប ជាដើម បានធ្លាក់ថ្លៃខ្លាំងមកនៅត្រឹមជាង១០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ។ ការធ្លាក់ថ្លៃនេះ ត្រូវបានប្រធានសមាគមកសិករដំឡូងមីខ្មែរ រូបនេះអះអាងថា គឺដោយសារចម្ការដំឡូងមីមួយចំនួននៅក្នុងតំបន់ទាំងនោះ បានរងផលប៉ះពាល់ពីការឡើងកម្ដៅខ្លាំង ដែលបង្កឡើងដោយបាតុភូតអែលនីណូ ជាហេតុធ្វើឱ្យដំឡូងជាច្រើនបាត់បង់គុណភាព ធ្លាក់កម្រិតជាតិម្សៅខ្លាំង និងឈានដល់រលួយទៀតផង ដែលធ្វើឱ្យរោងចក្រពិបាកក្នុងការទិញយកទៅកែច្នៃ។

តែយ៉ាងណា ប្រធានសមាគមកសិករដំឡូងមីខ្មែររូបនេះអះអាងថា ការធ្លាក់ថ្លៃដំឡូងមីស្រស់នេះ មិនមែនកើតឡើងនៅទូទាំងតំបន់នោះទេ ពោលគឺនៅតំបន់ខ្លះដូចជានៅខេត្តកំពង់ចាម និងខេត្តស្ទឹងត្រែងជាដើម អាចលក់បានចន្លោះពី៣០០ ទៅ៤០០រៀល ក្នុង១គីឡូក្រាម ព្រោះដំឡូងមីនៅក្នុងតំបន់ទាំងនេះ នៅមានគុណភាពល្អ និងមានជាតិម្សៅខ្ពស់។

បើតាមលោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរលើកឡើងថា ការឡើងកម្ដៅដោយសារបាតុភូតអែលនីណូនាពេលកន្លងទៅ បានបង្កផលប៉ះពាល់ដល់ចម្ការដំឡូងមីរាប់ម៉ឺនហិកតា ហើយក្នុងនោះចម្ការខ្លះត្រូវបានភ្ជូរចោលទាំងស្រុងក៏មាន។

​ជុំវិញការធ្លាក់ចុះតម្លៃដំឡូងមីនេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ថ្លៃដំឡូងមីតែងតែឡើងចុះទៅតាមរដូវកាល តែជាមធ្យមថ្លៃក្នុងឆ្នាំ២០២៤នេះល្អជាងឆ្នាំកន្លងទៅ លើកលែងតែសម្រាប់អ្នកដកលក់ក្នុងអំឡុងពេលនេះ ដែលភាគច្រើនជាដំឡូងមីមានបញ្ហាខាងផ្នែកស្តង់ដាគុណភាព មើមដំឡូងស្វិត និងបាត់បង់កម្រិតជាតិម្សៅ ដោយបានធ្លាក់ចុះពីរង្វង់២៥%-២៩% មកនៅត្រឹមតែ១៥% ឬក្រោមនេះ។

បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ បញ្ហាធ្លាក់ចុះជាតិម្សៅនេះបណ្តាលមកពីកត្តាអាកាសធាតុក្តៅខ្លាំងក្នុងពេលកន្លងមក ដែលបានធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់ដំណាំជាច្រើនប្រភេទរួមទាំងដំឡូងមី ហើយមិនមែនតែកម្ពុជានោះទេ សូម្បីដំឡូងមីនៅក្នុងប្រទេសជិតខាង ក៏ធ្លាក់ចុះគុណភាពដោយសារមូលហេតុស្រដៀងគ្នានេះដែរ។

យ៉ាងណាក៏ដោយ ឯកឧត្តម ឃឹម ហ្វីណង់ បានអះអាងថា ថ្លៃដំឡូងមីស្ងួតមិនសូវមានបញ្ហានោះទេ ជាពិសេសដំឡូងដែលមានគុណភាពត្រូវតាមស្តង់ដា។ ម្យ៉ាងទៀត បច្ចុប្បន្នដំឡូងមីមួយភាគធំត្រូវបានប្រមូលផលរួចហើយនៅសល់តិចតួចប៉ុណ្ណោះ ហើយរដូវនេះក៏មិនសមស្របសម្រាប់ដកដំឡូងមីលក់នោះដែរ។

ពាក់ព័ន្ធនឹងតម្លៃដំឡូងមីស្រស់នេះដែរ រោងចក្រកែច្នៃ និងប្រមូលទិញដំឡូងមីស្រស់ TWPC នៅក្នុងខេត្តឧត្តរមានជ័យបានលើកឡើងថា តម្លៃដំឡូងមីស្រស់ត្រូវបានទិញចូលតាមកម្រិតជាតិម្សៅរបស់វា។ ក្នុងនោះកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ រោងចក្រនេះទិញចូលដំឡូងមីស្រស់ ដែលមានភាគរយម្សៅពី៨ដល់១១% ក្នុងតម្លៃ១២០រៀលក្នុង១គីឡូក្រាម និងភាគរយម្សៅខ្ពស់ពី២៤ដល់២៧% ទិញចូលក្នុងតម្លៃ២៧០រៀលក្នុង១គីឡូក្រាម ពោលគឺតម្លៃដំឡូងមីស្រស់អាស្រ័យលើកម្រិតជាតិម្សៅប៉ុណ្ណោះ។

បើយោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរយៈពេល៥ខែឆ្នាំ២០២៤នេះ កម្ពុជា បាននាំចេញដំឡូងមីស្រស់ជិត១លាន៦សែនតោន មានការកើនឡើងយ៉ាងគំហុកបើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានត្រឹមតែជាង២៥ម៉ឺនតោនប៉ុណ្ណោះ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


តើទំនាក់ទំនងការទូតកម្ពុជា-ចិននឹងមានការប្រែប្រួលយ៉ាងណា ក្រោយចិនតែងតាំងអតីតអ្នកនាំពាក្យក្រសួងការបរទេសចិនជាឯកអគ្គរដ្ឋចិនប្រចាំនៅកម្ពុជា?

លោក Wang Wenbin អតីតអ្នកនាំពាក្យក្រសួងការបរទេស ត្រូវបានរដ្ឋាភិបាលចិន តែងតាំងឱ្យធ្វើជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា ជំនួសលោក វ៉ាង វិន…

ប្រធានសមាគមទេសចរណ៍ ចាត់ទុកការផ្តល់បដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរមកដល់ដំបូង គឺជាចំណុចស្លាប់រស់នៃវិស័យទេសចរណ៍

កម្ពុជា និងឥណ្ឌានឹងបើកដំណើរការជើងហោះហើរត្រង់រវាងគ្នានៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ដែលនឹងជំរុញឱ្យមានភ្ញៀវទេសរចឥណ្ឌាកាន់តែច្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ