លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ បានគូសបញ្ជាក់ថា អស់រយៈពេលជាងមួយខែមកហើយដែលតម្លៃដំឡូងមីស្រស់នៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ ដោយគិតមកទល់ពេលនេះតម្លៃដំឡូងមីស្រស់ នៅតំបន់ខេត្តឧត្តរមានជ័យ សម្រាប់លក់ទៅប្រទេសថៃ មានតម្លៃត្រឹមតែជាង២០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ខណៈដំឡូងមីស្រស់តំបន់ខេត្តកំពង់ចាម ដែលលក់ទៅឱ្យប្រទេសវៀតណាម ក៏បានធ្លាក់ថ្លៃមកនៅត្រឹមជាង៤០០រៀល ក្នុងមួយគីឡូផងដែរ។
បើតាមប្រធានសមាគមរូបនេះ កត្តាដែលធ្វើឱ្យតម្លៃដំឡូមី មានការធ្លាក់ចុះ គឺដោយសារបញ្ហាអាកាសធាតុក្តៅខ្លាំង មិនមានទឹកស្រោចស្រពគ្រប់គ្រាន់ ដែលធ្វើឱ្យទិន្នផលធ្លាក់ចុះ និងដំឡូងមីស្វិតមើម និងមានកម្រិតជាតិម្សៅតិចជាដើម។ ហើយកត្តាមួយទៀតនោះ គឺការធ្លាក់ចុះតម្រូវការ។ តែយ៉ាងណាប្រធានសមាគមរូបនេះ អះអាងថា តម្លៃដំឡូងមីធ្លាក់ចុះនេះ មិនមែនសម្រាប់តែកម្ពុជា នោះទេ សូម្បីប្រទេសជិតខាងកម្ពុជា ក៏ជួបបញ្ហានេះដូចគ្នាដែរ។
លោក អិល ឈិញ បានចាត់ទុកតម្លៃដំឡូងមី ដែលធ្លាក់ចុះមកនៅត្រឹមជាង២០០រៀល ក្នុង១គីឡូក្រាមនេះជាតម្លៃមួយដែលមិនអាចទទួលយកបាននោះទេ សម្រាប់ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ននេះ ស្របពេលដែលការចំណាយផ្សេងៗនៅតែខ្ពស់នៅឡើយ តួយ៉ាងដូចជាប្រេងឥន្ធនៈ និងជីថ្នាំជាដើម។
ប្រធានសមាគមដំឡូងមីខ្មែររូបនេះ ក៏បានបង្ហាញការព្រួយបារម្ភចំពោះការគំរាមកំហែងពីបញ្ហាអាកាសធាតុដែលក្តៅខ្លាំងនាពេលបច្ចុប្បន្ននេះ ដែលវាមិនត្រឹមតែប៉ះពាល់ដល់ទិន្នផលដំឡូមីនោះទេ តែវាក៏បានធ្វើឱ្យដើមពូជដែលបានត្រៀមសម្រាប់ដាំបន្តទៀតងាប់ទៅវិញអស់ផងដែរ។
សូមជម្រាបថា នៅក្នុងឆ្នាំ២០២៣ ការនាំចេញដំឡូងមីស្រស់កម្ពុជា សម្រេចបានជិត២លានតោន កើនឡើងជាង២៦% ខណៈការនាំចេញចំណិតដំឡូងមីក្រៀម សម្រេចបានជាង១លាន២សែនតោន ថយចុះជាង៣៧% បើធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕