យើងផ្ដើមនិយាយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងថៃ និងស្រីលង្កាជាមុនសិន។ កិច្ចព្រមព្រៀងដែលកំពុងដំណើរការចរចានេះ ត្រូវបានលោកស្រី អូរ៉ាម៉ុន ស៊ុបថាវីថុម (Auramon Supthaweethum) អគ្គនាយិកា នៃនាយកដ្ឋានចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ បានអះអាងថា គឺមានការហុចផលប្រយោជន៍ជាពិសេសក្នុងក្របខណ្ឌទីតាំងសម្រាប់ប្រទេសថៃ ដ្បិតថា ស្រីលង្កា គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូង ដែលមានទំនាក់ទំនងជាមួយនឹងឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ ហើយប្រទេសនេះ ក៏មានកំណើនសេដ្ឋកិច្ចលូតលាស់ល្អផងដែរ។
ដោយឡែក សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុបវិញ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសថៃ ក្នុងក្របខណ្ឌការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព ខណៈដែលសមាគមនេះ គឺរួមមានបញ្ចូលប្រទេសដូចជា អៀងឡង់ លីចតេនស្ទីន ន័រវេស និងប្រទេសស្វីសជាដើម។ ប្រទេសថៃ បានព្រមព្រៀងបើកកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុបតាំងពីខែមិថុនាឆ្នាំ២០២២មកម្ល៉េះ។
នៅក្នុងឆ្នាំ២០២២ សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី ១៤របស់ប្រទេសថៃ ហើយគិតត្រឹមរយៈពេល៥ឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មរវាងភាគីទាំងពីរ ជាមធ្យម គឺមានប្រមាណជិត១០ពាន់លានដុល្លារក្នុងមួយឆ្នាំ។
គួររំឭកបន្ដិចថា ក្រៅតែមានបើកការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុបហើយនោះ ប្រទេសថៃកាលពីខែមីនាឆ្នាំនេះ ក៏ទើបតែបានប្រកាសបើកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយនឹងសហភាពអឺរ៉ុបឡើងវិញផងដែរ ក្រោយពីបានផ្អាកជិតឆ្នាំ១០ឆ្នាំមកនេះ។ បើតាមមន្ត្រីជាន់ខ្ពស់របស់ថៃ ការចរចាលើកិច្ចព្រមព្រៀងនេះ នឹងអាចចាប់ផ្ដើមជុំដំបូងនៅក្នុងខែកញ្ញាខាងមុខ នៅក្នុងទីក្រុងព្រុចសែល។
រីឯ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងថៃ និងអេមីរ៉ាតអារាប់រួមវិញ ត្រូវបានអ្នកស្រី អូរ៉ាម៉ុន អគ្គនានាយិកា នៃនាយកដ្ឋានចរចាពាណិជ្ជកម្មរបស់ថៃ អះអាងថា គឺជាកិច្ចព្រមព្រៀងលើកដំបូងមួយ ដែលប្រទេសថៃនឹងមានធ្វើជាមួយនឹងតំបន់មជ្ឈិមបូព៌ា។ ប្រទេសថៃ និងអេមីរ៉ាតអារ៉ាប់រួម នឹងបើការចរចាលើកិច្ចព្រមព្រៀងនេះ នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានគោលបំណងនឹងបញ្ចប់កិច្ចចរចាឲ្យបាននៅត្រឹមរយៈពេល៦ខែ។
អេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី ៦របស់ថៃ និងជាដៃគូពាណិជ្ជកម្មកំពូលមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសពីរនេះសម្រេចបានដល់ជិត២១ពាន់លានដុល្លារ កើនឡើងប្រហែល៧៤% ធៀបនឹងឆ្នាំ២០២១។ ប៉ុន្ដែ ថៃមានឱនភាពពាណិជ្ជកម្មជាមួយអេមីរ៉ាតអារ៉ាប់រួមដល់ទៅប្រមាណ ១៤ពាន់លានដុល្លារឯណោះ៕