តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ក្នុងរយៈពេល ៣ខែកន្លងមកនេះ បានហក់ឡើងថ្លៃជាបន្តបន្ទាប់ ក្នុងនោះប្រេងសាំងធម្មតាបានឡើងថ្លៃបន្ថែមក្នុងរង្វង់ ៤០០រៀលក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូតឡើងក្នុងរង្វង់ ៣០០រៀលក្នុង១លីត្រ។ តម្លៃប្រេងឥន្ធនៈឡើងថ្លៃនេះដែរ នៅតែជាប្រធានបទក្តៅដដែលៗ ដែលត្រូវបានប្រជាពលមួយចំនួនលើកមកជជែកដេញដោល និង ចោទជាសំណួរ ដោយដាក់បន្ទុកមកលើរាជរដ្ឋាភិបាលកម្ពុជាថាជាអ្នកដំឡើងថ្លៃ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមុខចេញមកអះអះអាងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ជកម្មពុំមានសិទ្ធិកំណត់ ឬ ដំឡើងថ្លៃប្រេងឥន្ធនៈនៅកម្ពុជានោះទេ ពោលគឺក្រសួងគ្រាន់តែជាអ្នកជួយសម្របសម្រួលនីតិវិធីដល់វិស័យឯកជនតែប៉ុណ្ណោះ។ ហើយការឡើងចុះតម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា គឺវាអាស្រ័យលើតម្លៃកើនឡើង ឬ ធ្លាក់ចុះ ប្រេងឆៅនៅលើទីផ្សារអន្តរជាតិប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបានពន្យល់ថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបានហក់ឡើងថ្លៃ គឺបន្ទាប់ពីមានការឡើងថ្លៃតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ។ ការឡើងថ្លៃ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ គឺបន្ទាប់ពីប្រទេសធំៗមួយចំនួនលើពិភពលោកបានអនុញ្ញាតឲ្យអាជីវកម្មបើកដំណើរការឡើងវិញ ដែលធ្វើឲ្យតម្រូវការប្រេងឥន្ធនៈមានការកើនឡើង ស្របពេលមានការកាត់បន្ថយផលិតកម្មប្រេងពីប្រទេសផលិតប្រេងធំៗមួយចំនួនលើសកលលោក។
ឯកឧត្តម ប៉ែន សុវិជាតិ បានបង្ហាញជំនឿយ៉ាងមុតមាំថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងចាប់ផ្តើមធ្លាក់ចុះនៅអំឡុងខែសីហា ឆ្នាំ២០២១ នេះ។ កត្តាដែលធ្វើឲ្យ ឯកឧត្តម មានការជឿជាក់បែបនេះ ក្រោយប្រទេសផលិតប្រេងធំៗលើសកលលោក ដែលជាសមាជិករបស់អង្គការ OPEC បានអះអាងក្នុងកិច្ចប្រជុំកន្លងមកថា ពួកគេនឹងបង្កើនផលិតកម្មប្រេងឡើងវិញ ក្រោយកាត់បន្ថយការផលិតអស់មួយរយៈពេលកន្លងមកនេះ។
បច្ចុប្បន្នតម្លៃប្រេងសាំងធម្មតាលក់ចេញនៅថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែសីហា ក្នុងតម្លៃ ៤.០៥០រៀលក្នុង១លីត្រ រីឯប្រេងម៉ាស៊ូត ៣.៦០០រៀលក្នុង១លីត្រ ខណៈកាលពីដើមខែឧសភា ឆ្នាំ២០២១ ប្រេងសាំងធម្មតាលក់ចេញក្នុងតម្លៃ៣,៧៥០រៀលក្នុង១លីត្រ និង ប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ៣,៣០០រៀលក្នុង១លីត្រ៕