នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលមានចំនួនដប់ទំព័រ ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មក្រុមប្រទេស G7 នៅទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា G7 មិនពេញចិត្តសោះឡើយចំពោះសកម្មភាពយកផ្នែកសេដ្ឋកិច្ចធ្វើជាអាវុធ តែគួរងាកទៅកសាងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មសេរី និងយុត្តិធម៌ ព្រមទាំងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ទោះបីរបាយការណ៍នេះមិនបញ្ជាក់ថាជាប្រទេសណាក៏ដោយ តែគេអាចដឹងយ៉ាងច្បាស់ថា គឺជាប្រទេសចិន។
គួររំលឹកថា ប្រទេសចិនបានផ្អាកការនាំចូលគ្រឿងសមុទ្ររបស់ជប៉ុន កាលពីពីរខែមុន បន្ទាប់ពីជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មចេញពីរោងកច្រហ្វូគូស៊ីម៉ារបស់ខ្លួនចូលទៅក្នុងសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិក បានហៅការបិទការនាំចូលរបស់ចិននេះជាអំពើមិនយុត្តិធម៌ ខណៈដែលប្រទេសរុស្ស៊ីបានប្រកាសការរឹតបន្តឹងស្រដៀងគ្នានេះដែរ កាលពីដើមខែតុលានេះ។
យ៉ាងណាមិញឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 នេះ ស្ថានទូតចិនប្រចាំនៅប្រទេសជប៉ុន បាននិយាយដោយពណ៌នាការអំពាវនាវរបស់ G7 ថា ជាការបង្ខិតបង្ខំសេដ្ឋកិច្ច និងបានជំរុញឱ្យ G7 មិនត្រូវប្រកាន់ខ្ជាប់នូវស្តង់ដាពីរ ប៉ុន្តែត្រូវចាត់វិធានការជាក់ស្តែង ដើម្បីរក្សាសណ្តាប់ធ្នាប់ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ។
ចិនបានចោទប្រទេស G7 ថាកំពុងធ្វើឱ្យខូច និងរំខាងដល់សន្តិសុខ និងស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មរបស់ពិភពលោក។ ក្រៅបីបញ្ហានេះ ក្រុមប្រទេស G7 ដែលមានប្រទេសជប៉ុន សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង អ៊ីតាលី និងកាណាដាបានបង្ហាញការព្រួយបារម្ភរួមគ្នាអំពីចំណាត់ការរឹតបន្តឹងការនាំចេញសារធាតុរ៉ែសំខាន់ៗផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីពាណិជ្ជកម្ម G7 ក៏បានថ្កោលទោសការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនពីសំណាក់ទីក្រុងម៉ូស្គូដែរ ដោយថា ការសម្រេចចិត្តចាកចេញដោយឯកតោភាគីពីកិច្ចព្រមព្រៀងសមុទ្រខ្មៅជាមួយអ៊ុយក្រែន គឺជារឿងដែលមិនអាចទទួលយកបានឡើយ។
យ៉ាងណាក៏ដោយ កិច្ចប្រជុំកាលពីថ្ងៃអាទិត្យនេះ មិនដូចកិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 កាលពីពីរសប្តាហ៍មុននោះទេ ដែលបានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសការវាយប្រហារភេរវកម្មលើអ៊ីស្រាអែលដោយក្រុមហាម៉ាស៕