សួនទឹកដ៏ធំ ហ្គាឌិន ស៊ីធី វ៉តធើផាកនេះ ត្រូវបានគេមើលឃើញថា ជាផលិតផលទេសចរណ៍សំខាន់មួយ សម្រាប់ជំរុញកំណើនទេសចរណ៍របស់កម្ពុជា ដែលបច្ចុប្បន្នរាជរដ្ឋាភិបាលចាត់ទុកវិស័យនេះជា «មាសបៃតង» របស់កម្ពុជា។
សួនទឹកកម្សាន្ត ហ្គាដិនស៊ីធី វ៉តធើផាក នេះ បាននិងកំពុងអភិវឌ្ឍសាងសង់នៅលើផ្ទៃដី ជិត ៧ហិកតា ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារប្រមាណជាង ១៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
បើតាម ការឲ្យដឹងពីលោកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន LYP Group បានបញ្ជាក់ឲ្យដឹងថា នៅខែសីហា ឆ្នាំនេះ សួនទឹកនេះ នឹងបើកសាកល្បងសម្រាប់ភ្ញៀវចូលទស្សនា ហើយនឹងបើកដំណើរការជាសាធារណៈតែម្ដង នៅថ្ងៃទី ៣១ ខែ ធ្នូឆ្នាំ ២០១៩ ខាងមុខនេះ។
លោកឧកញ៉ា សេង ញ៉ក់ បានឲ្យដឹងថា ដោយសារតែមើលឃើញថា នៅរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជា ខ្វះកន្លែងកម្សាន្តកម្រិតស្តង់ដារអន្តរជាតិបែបនេះហើយ ទើបក្រុមហ៊ុនលោកសម្រេចចិត្តសាងសង់សួនទឹកកម្សាន្តដ៏ធំជាងគេមួយនេះឡើង។ បើតាមការបញ្ជាក់ពីឧកញ៉ា សេង ញ៉ក់ សួនទឹកកម្សាន្ត ហ្គាឌិន ស៊ីធី វ៉តធើផាក នេះ គឺជាគម្រោងធំជាងគេទី១ក្នុងតំបន់អាស៊ាន គឺដណ្តើមតំណែងធំជាងសួនទឹកកម្សាន្ត នៅប៉ាតាយ៉ា ប្រទេសថៃ ដែលមានឈ្មោះថា Cartoon Network Waterpark រហូតដល់ទៅ ៥០ភាគរយឯណោះ។
ជាមួយគ្នានេះដែរ លោក ស៊ូរ៉ាឆេត ប៊ូនយ៉ាសីតពិឆៃ ប្រធានគ្រប់គ្រងគម្រោងសាងសង់សួនទឹក ហ្គាដិនស៊ីធី វ៉តធើផាកធ្លាប់បានបញ្ជាក់ដែរថាលក្ខណៈពិសេសរបស់សួនទឹកកម្សាន្តដ៏ធំដំបូងគេបង្អស់នៅកម្ពុជានេះ មានកន្លែងសំខាន់ៗ ដូចជា សមុទ្រសិប្បនិម្មិត ដែលមានទឹករលកកម្ពស់៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់លើភ្នំសិប្បនិម្មិតដ៏ស្រស់ស្អាត កន្លែងរំអិលទឹកខ្ពស់ ទឹករាំតាមចង្វាក់ភ្លេង កន្លែងក្មេងលេងជាច្រើន ទោង រំអិលដ៏ធំបំផុត មាន ស្ទីមកម្តៅ ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរ និងកន្លែងសំខាន់ៗផ្សេងទៀត។
គួរបញ្ជាក់ដែរថា សួនទឹកកម្សាន្តនេះ វិនិយោគសាងសង់នៅក្បែរគ្នានឹងសួនសត្វដ៏ធំជាងគេបំផុតនៅកម្ពុជា និងជាព្រៃកម្សាន្តភ្នំពេញទីមួយ ដែលមានឈ្មោះថា ភ្នំពេញ សាហ្វារី ដែលមានតម្លៃវិនិយោគប្រមាណជាង ១០លានដុល្លារអាមេរិក ដែលបានបើកដំណើរការឲ្យប្រជាជនចូលទស្សនាកម្សាន្តកាលពីឆ្នាំមុននេះ។
សួនទឹកកម្សាន្ត ហ្គាដិនស៊ីធីវ៉តធើផាកនេះ ទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុន វ៉ាយ វ៉តធើ (White Water) ដែលជាក្រុមហ៊ុនអន្តរជាតិដ៏ល្បីល្បាញនៅលើពិភពលោក ផ្នែកការសាងសង់សួនទឹកកម្សាន្តតែម្តង។ សួនទឹកកម្សាន្តនេះ សាងសង់រំលេចទៅតាមបែបរចនាបថសម័យអង្គរ ដែលមានរូបអប្សរា ដំរី បាយ័ន អង្គរវត្ត លាយឡំទៅនឹងរចនាបថសម័យទំនើបមកពីអឺរ៉ុបនិងអាមេរិក ផងដែរ។
លោកឧកញ៉ា សេង ញ៉ក់ សង្ឃឹមថា នៅពេលដែលសួនទឹកកម្សាន្តនេះសាងសង់រួចរាល់ហើយ វាមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះទេ វាក៏នឹងទាក់ទាញភ្ញៀវទេសចរពីក្រៅប្រទេសមកកម្សាន្តនៅប្រទេសកម្ពុជាយើងផងដែរ។ ហើយនៅពេលនោះ អ្នករស់នៅភ្នំពេញនិងតាមបណ្តាខេត្តនានាក្នុងប្រទេសមិនចាំបាច់ចំណាយពេលវេលា និងថវិកាច្រើនដើម្បីធ្វើដំណើរកម្សាន្តទៅក្រៅស្រុកនោះដែរ។
លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុននឹងធ្វើឲ្យកន្លែងនេះក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពោល គឺជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់រាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជា និងអន្តរជាតិ ផងដែរ៕