ឯកឧត្តម កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយ ដែលរៀបរៀងដោយអគ្គនាយកដ្ឋានពន្ធដារ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានបញ្ជាក់ថា ពន្ធចំណេញមូលធន ២០% លើការលក់អចលនវត្ថុនេះ នឹងត្រូវប្រមូលតែក្នុងករណីប្រតិបត្តិការលក់អចលនវត្ថុណា ដែលទទួលបានប្រាក់ចំណេញតែប៉ុណ្ណោះ ប៉ុន្តែបើក្នុងករណីប្រតិបត្តិការលក់អចលនវត្ថុណា ដែលមិនទទួលបានប្រាក់ចំណេញនោះ នឹងមិនជាប់កាតព្វកិច្ចពន្ធនេះឡើយ។
ឯកឧត្តម កែន សម្បត្តិ បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលនឹងមានការលើកលែងផងដែរ ចំពោះការលក់ ឬផ្ទេរទ្រព្យមួយចំនួនដូចជាប្រភេទទ្រព្យ ដែលជាកម្មសិទ្ធិស្ថាប័នរដ្ឋ ទ្រព្យកម្មសិទ្ធិបេសកកម្មការទូតបរទេស ឬកុងស៊ុលបរទេស និង អង្គការអន្តរជាតិ ឬ ទីភ្នាក់ងារប្រតិបត្តិការបច្ចេកទេស នៃរដ្ឋាភិបាលដទៃ និង រួមជាមួយនិវាសដ្ឋានដែលជាគោលដើមរបស់អ្នកជាប់ពន្ធដែលបានកាន់កាប់ និងរស់នៅរយៈពេល៥ឆ្នាំ ក៏នឹងទទួលបានការលើកលែងពន្ធនេះដែរ ប៉ុន្ដែ លើកលែងតែសម្រាប់ការលក់អចលនវត្ថុទីមួយប៉ុណ្ណោះ មិនអាចអនុវត្តចំពោះការលក់អចលនវត្ថុទី២ ឬ ទី៣នោះទេ។
អគ្គនាយករងអគ្គនាយកដ្ឋានពន្ធដាររូបនេះបានគូសបញ្ជាក់ទៀតថា ចំពោះការផ្ទេរអចលនទ្រព្យរវាងសាច់ញាតិ ដែលមានការលើកលែងនៅក្នុងពន្ធប្រថាប់ត្រា នោះក៏នឹងទទួលបានការលើកលែងលើពន្ធលើចំណេញមូលធននេះផងដែរ។ តួយ៉ាង ដូចជា ការទទួលសិទ្ធិ ឬសិទ្ធិកាន់កាប់ពីសាច់ញាតិរវាងឪពុក- ម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ និង រវាងយាយ-តាបង្កើត និងចៅបង្កើតជាដើម។
បើតាមការពន្យល់បន្ថែមរបស់ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ការកំណត់យកអត្រាពន្ធថេរ២០ភាគរយលើប្រាក់ចំណេញមូលធននេះ មិនមានន័យថា រដ្ឋយកពន្ធ២០ភាគរយពីប្រាក់ចំណេញទាំងមូលនោះទេ ពោលគឺរដ្ឋយកតែ២០ភាគរយនៃតម្លៃអចលនទ្រព្យដែលលក់បាននោះប៉ុណ្ណោះ ដើម្បីយកគណនាគិតពន្ធ២០ភាគរយ ដែលបានកំណត់ក្នុងច្បាប់។ ក្នុងន័យនេះ ជាឧទាហរណ៍ បើអ្នកលក់ផ្ទះ១ខ្នងបានក្នុងតម្លៃ ១លានដុល្លារ នោះ នឹងរដ្ឋនឹងយកតម្លៃ ២០% នៃតម្លៃផ្ទះនោះ មកគិតពន្ធ ២០% ដែលបានកំណត់ ដូច្នេះ បើអ្នកលក់ផ្ទះនោះ បានក្នុងតម្លៃ១លានដុល្លារ នោះអ្នកនឹងត្រូវបង់ពន្ធចំណេញមូលធននេះ ៤ម៉ឺនដុល្លារ។
យ៉ាងណាក៏ដោយ អ្នកជំនាញនិង ជំនួញអចលទ្រព្យនៅតែបង្ហាញក្តីបារម្ភពីការសម្រេចគិតពន្ធលើចំណេញមូលធនអចលនទ្រព្យនេះ ដោយអះអាងថា ការសម្រេចនាពេលនេះ ជាការបន្ថែមបន្ទុកចំណាយ របស់អ្នកដែលជាប់កាតព្វកិច្ចពន្ធនេះដដែល ខណៈបញ្ហាជំងឺសកលនៅមិនទាន់ផុតរលត់នៅឡើយនោះ។
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា និង ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ី ភី អិល បានបញ្ជាក់ដែរថា នៅក្នុងកាលៈទេសៈនៃវិបត្តិជំងឺ កូវីដ-១៩ជាសកលនេះ បើសិនជាអាច រាជរដ្ឋាភិបាលកម្ពុជាគួរតែបន្ធូរបន្ថយដៃបន្តិច ឬ អាចពន្យារពេលការអនុវត្តការគិតពន្ធលើចំណេញមូលធននេះមួយរយៈពេលទៀត រង់ចាំមើលស្ថានភាពសេដ្ឋកិច្ចពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅប្រទេសមានសកម្មភាពល្អប្រសើរសិន ចាំសម្រេចចិត្តអនុវត្តទើបជាការល្អប្រសើរ។
ចំណែកឯ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជាបានគូសបញ្ជាក់ថា រដ្ឋគួតែព្យារពេលនៃការចាប់ផ្តើមអនុវត្តគិតពន្ធនេះ រហូតដល់ជំងឺកូវីដ-១៩ ផុតរលត់ទៅវិញ និងស្ថានភាពសេដ្ឋកិច្ចកម្ពុជាកាន់តែល្អឡើងវិញនោះអាចចាប់ផ្តើមគិតពន្ធប្រភេទនេះទើបជាការល្អសម្រាប់អ្នកប្រើប្រាស់។ លោកថា ការបង់ពន្ធជូនរដ្ឋ គឺជាកាតាព្វកិច្ចរបស់ពលរដ្ឋ ប៉ុន្តែក្នុងអំឡុងពេលដ៏លំបាកនេះ រដ្ឋគួរពន្យារពេលតទៅទៀត រហូតដល់សកម្មភាពសេដ្ឋកិច្ចដំណើរការល្អប្រសើរឡើងវិញ៕