តាមរបាយការណ៍បានបញ្ជាក់ទៀតថា នៅខែមករា ឆ្នាំ២០២១ ចំណូលពន្ធ ៣ប្រភេទនៅតែរក្សាបានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះ ពន្ធលើប្រាក់ចំណូលបានកើនឡើងជាង៧%, អាករពិសេសកើនជាង៥,៥% និងពន្ធលើប្រាក់បៀវត្សកើនឡើងជាង១០%។
សម្រាប់ពេញមួយឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារមានកាតព្វកិច្ចប្រមូលចំណូលពន្ធអាករ ប្រមាណជាង២ពាន់២រយលានដុល្លារ ទៅតាមផែនការច្បាប់ហិរញ្ញវត្ថុដែលបានកំណត់។
កាលពីឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជិត២ពាន់៣រយលានដុល្លារអាមេរិក កើនឡើងជិត៤% ធៀបនឹងឆ្នាំ២០១៩។
តាមច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា នៅឆ្នាំ២០២១ ប្រាក់ចំណូលដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានធៀបទៅនឹងតាមផែនការច្បាប់ហិរញ្ញវត្ថុ ត្រូវបានរំពឹងថានឹងមានការធ្លាក់ចុះ១៥%។
ការថយចុះនៃចំណូលដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានគេកត់សម្គាល់ឃើញថា ដោយសារតែបញ្ហាមេរោគរាតត្បាតកូវីដ-១៩ បានបង្កឲ្យមានផលប៉ះពាល់ជាច្រើនដល់ដំណើរការអាជីវកម្មក្នុងស្រុក ពិសេសអាជីវកម្មនៅក្នុងវិស័យទេសចរណ៍តែម្ដង ដែលវាក៏ជាមូលហេតុមួយធ្វើឲ្យរដ្ឋបាត់បង់ចំណូលពន្ធទៅតាមនោះដែរ៕