សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ដែលជាបងធំរបស់សហភាពអឺរ៉ុប បានដាំក្បាលចុះក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយសារតែកត្តាធំៗជាច្រើនរួមមានទាំងវិបត្តិកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន និងការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក។ ស្របពេលមានបញ្ហាប្រឈមទាំងក្នុង និងក្រៅស្រុករដ្ឋាភិបាលចម្រុះត្រីភាគីរបស់អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កុល (Olaf Scholz) បានបរាជ័យក្នុងការស្វែងរកច្រកចេញលើបញ្ហាសំខាន់ៗដោយសារតែការបែកបាក់ផ្ទៃក្នុង។
ស្ថានការណ៍នេះបានវិវត្តកាន់តែអាក្រក់កាលពីយប់ថ្ងៃពុធ នៅពេលលោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្កុល បានប្រកាសថា លោកនឹងបណ្តេញរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ គ្រីស្ទៀន លីនន័រ (Christian Lindner) ចេញពីតំណែង។ ចំណាត់ការនេះបានបង្ហាញពីការដួលរលំរដ្ឋាភិបាលចម្រុះរបស់អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្កុល ព្រោះរដ្ឋាភិបាលចម្រុះនេះពឹងផ្អែកផ្នែកសេដ្ឋកិច្ចខ្លាំងលើគណបក្សប្រជាធិបតេយ្យសេរីនិយម (FDP) របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក គ្រីស្ទៀន លីនន័រ និងធ្វើឲ្យរដ្ឋាភិបាលត្រីភាគីនេះបាត់បង់សំឡេងភាគច្រើននៅក្នុងសភា។
សូមបញ្ជាក់ថា ការដួលរលំរដ្ឋាភិបាលចម្រុះនេះ បានកើតមានឡើង បន្ទាប់ពីមានជម្លោះផ្ទៃក្នុងជាច្រើនសប្តាហ៍មកហើយជុំវិញវិធីជំរុញសេដ្ឋកិច្ចអាល្លឺម៉ង់ ដែលកំពុងត្រដាបត្រដួស។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg នៅថ្ងៃសុក្រ ទី៨ ខែតុលា នេះបានឱ្យដឹងថា ការឈ្នះឆ្នោតរបស់លោក ដូណាល់ ត្រាំ បានជួយលុបបំបាត់ឧបសគ្គរយៈពេលខ្លីសម្រាប់ការលក់ភាគហ៊ុនថ្មីៗនៅអឺរ៉ុប ប៉ុន្តែភាពមិនច្បាស់លាស់ជុំវិញបញ្ហាពន្ធគយ និងគោលនយោបាយផ្សេងទៀតបង្កឱ្យមានការព្រួយបារម្ភអំពីទស្សនវិស័យសេដ្ឋកិច្ចរយៈពេលវែងរបស់តំបន់អឺរ៉ុប ៕
ដោយ: តែម សុខុម