ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា បានគូសបញ្ជាក់ថា ក្រុមហ៊ុន រីចហ្វាម បានសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការអភិវឌ្ឍដំណាំឈើហូបផ្លែនៅកម្ពុជា ពិសេសការដាំដុះដំណាំស្វាយ ឱ្យត្រូវនឹងស្ដង់ដារដើម្បីនាំចេញ។ បើតាមឧកញ៉ា ហ៊ុន ឡាក់ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីបច្ចេកទេសដាំដុះស្វាយកែវរមៀត របស់ចម្ការស្វាយជម្ពូព្រឹក និងមានបំណងជំរុញការនាំចេញផ្លែស្វាយកែរមៀត ទៅទីផ្សារអឺរ៉ុប នាពេលខាងមុខ ពិសេសទីផ្សារអាល្លឺម៉ង់តែម្ដង។
ពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់ឯកអគ្គរាជទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ទៅកាន់ចម្ការស្វាយរីចហ្វាម នេះដែរ ត្រូវបានបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរីចហ្វាមអេស៊ា និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ឃើញថា វាជាសញ្ញាវិជ្ជមានសម្រាប់អ្នករកស៊ីក្នុងវិស័យកសិកម្ម ពិសេសកសិករដាំស្វាយ ដែលធ្លាប់ដាំដុះតាមបែបប្រពៃណីប្ដូរមកដាំតាមលក្ខណៈបច្ចេកទេសវិញ។ បណ្ឌិត ម៉ី កល្យាណ បានសង្កត់ធ្ងន់ថា ការចូលរួមរបស់បណ្ដាភាគីដែលពាក់ព័ន្ធ គឺជាជំហាន ដែលឈានទៅដោះស្រាយបញ្ហារបស់កសិករ ពិសេសបញ្ហាទីផ្សារ។
ដោយឡែក ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃនាយកដ្ឋានកសិកម្ម បានគូសបញ្ជាក់ថា ផលិតកម្មដំណាំស្វាយនាពេលរយៈពេលចុងក្រោយនេះ ហាក់កាន់តែមានសន្ទុះខ្លាំងគួរឱ្យកត់សម្គាល់ ពិសេសការនាំចេញផ្លែស្វាយទៅទាន់ទីផ្សារបរទេស ដែលកន្លងមកកម្ពុជា អាចនាំចេញផ្លែស្វាយទៅតាមប្រទេសជិតខាងប៉ុណ្ណោះ ខណៈថ្មីៗនេះកម្ពុជា អាចនាំចេញផ្លែស្វាយដោយខ្លួនឯងទៅកាន់ទីផ្សារប្រទេសចិន។ ឯកឧត្តម ងិន ឆាយ បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា ផ្លែស្វាយកម្ពុជា នឹងកាន់តែមានទីផ្សារក្រោយកម្ពុជា និងអាចនាំចេញផ្លែស្វាយទៅកាន់ប្រទេសអាល្លឺម៉ង់ នាពេលឆាប់ៗ ខាងមុខ ពិសេសជួយជំរុញការនាំចេញផ្លែស្វាយកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់។
បើតាមឧកញ៉ា ហ៊ុន ឡាក់ អ្នកជំនាញក្នុងការដាំដុះស្វាយ ដើម្បីដាំស្វាយ ឱ្យត្រូវនឹងស្ដង់ដារខ្ពស់សម្រាប់នាំចេញ កសិករត្រូវរៀបចំប្រព័ន្ធស្រោចស្រពឱ្យបានត្រឹមត្រូវ,ការមើលថែ,ការកំណត់ពេលវេលាការវេចខ្ចប់ និងប្រមូលផល ជាដើម ពិសេសម្ចាស់ចម្ការស្វាយត្រូវចុះបញ្ជីចម្ការស្វាយជាមួយក្រសួងកសិកម្ម ដើម្បីអនុវត្តកសិកម្មល្អ(CamGAP)។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅឆ្នាំ២០២១ កម្ពុជា បាននាំចេញផ្លែស្វាយស្រស់ ជាង២៤ម៉ឺនតោន ទៅកាន់ទីផ្សារសំខាន់ៗ ដូចជា វៀតណាម,ថៃ,ចិន,កូរ៉េខាងត្បូង ជាដើម។ ខណៈបច្ចុប្បន្ន កម្ពុជា មានផ្ទៃដីដាំដុះស្វាយសរុបជាង ១០ម៉ឺនហិកតា និងទទួលបានទិន្នផលប្រមាណជិត២លានតោន ក្នុងមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃនាយកដ្ឋានកសិកម្ម៕