ការធ្វើដំណើរតាមផ្លូវអាកាសចាប់ផ្ដើមមានសម្ទុះងើបឡើងវិញជាបណ្ដើរៗហើយ ដែលផ្ដល់នូវក្ដីសង្ឃឹមខ្ពស់ចំពោះក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោក បើទោះបីជា បច្ចុប្បន្នទីផ្សារចិន ដែលជាទីផ្សារទេសចរណ៍ និងការធ្វើដំណើរដ៏ធំរបស់ពិភពលោកកំពុងស្ថិតនៅក្នុងការបិទខ្ទប់ក៏ដោយ។ ប៉ុន្ដែ តម្រូវការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងស្រុករបស់ប្រទេសចិន នៅមួយរយៈចុងក្រោយនេះ ត្រូវបានគេមើលឃើញថា កំពុងមានការស្ទុះងើបឡើងវិញគួរឲ្យកត់សម្គាល់ដែរ។ តួយ៉ាង តាមទិន្នន័យ ពីស្ថាប័ន Refinitiv Eikon ដែលជាស្ថាប័នស្រាវជ្រាវទីផ្សារបានឲ្យដឹងថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនចម្រាញ់ប្រេងសម្រាប់យន្ដហោះ មានការកើនឡើងជាងទ្វេដងនៅក្នុងរយៈពេល២ខែចុងក្រោយនេះ ពោលគឺមានផលចំណេញកើនដល់ទៅ ៣០ដុល្លារសម្រាប់ប្រេងយន្ដហោះមួយធុងបារ៉ែល។ នេះបើយោងតាមទីផ្សារតម្លៃប្រេងឆៅនៅទីក្រុងឌូបៃ ដោយបច្ចុប្បន្នប្រេងចាក់យន្ដហោះនៅទីផ្សារឌូបៃអារ៉ាប់រួមនេះ មានតម្លៃជិត១៦០ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល។
ទោះយ៉ាងណា បញ្ហាបិទខ្ទប់នៅទីក្រុងសៀងហៃ ដែលកំពុងចូលដល់សប្ដាហ៍ទី៤ និងបទបញ្ជាឲ្យមានការធ្វើតេស្ដកូវីដ១៩ទ្រង់ទ្រាយធំនៅទីក្រុងប៉េកាំង បានធ្វើឲ្យមានក្ដីបារម្ភថា រដ្ឋធានីរបស់ប្រទេសចិន អាចនឹងត្រូវបានបិទខ្ទប់ដូចទៅនឹងទីក្រុងសៀងហៃដែរ ដែលវាអាចនឹងបង្កផលប៉ះពាល់ដល់ការធ្វើដំណើរនៅក្នុងប្រទេសចិន។
ទោះយ៉ាងណា តាមតួលេខពីក្រុមហ៊ុនវិភាគព័ត៌មានទាក់ទងនឹងការធ្វើដំណើរពិភពលោក OAG បានឲ្យដឹងដែរថា ក្រុមហ៊ុនអាកាសចរណ៍សកលលោកនៅមួយសប្ដាហ៍ចុងក្រោយនេះ បានបន្ថែមការកក់សម្រាប់ទទួលអ្នកដំណើរតាមយន្ដហោះដល់ ២លាន៥កៅអីបន្ថែមទៀត ដោយក្នុងនោះ មានជិតពាក់កណ្ដាល គឺជាការធ្វើដំណើរនៅក្នុងប្រទេសចិន។
ជាមួយគ្នានេះ សកម្មភាពអាកាសចរណ៍នៅក្នុងតំបន់អាស៊ីភាគខាងជើងវិញ បានកើនឡើងជាង១០% កាលពីសប្ដាហ៍មុន ប៉ុន្ដែ វានៅតែមានទាបជាងប្រហែល៣៦% បើធៀបនឹងកាលពីឆ្នាំ២០១៩ ដែលមិនទាន់មានកូវីដ១៩រាតត្បាត។
បើមើលទៅលើសកម្មភាព អាកាសចរណ៍ទាំងការធ្វើដំណើរក្នុងស្រុក និងអន្តរជាតិ នៅទូទាំងពិភពលោក កាលពីសប្ដាហ៍មុននេះ បានកើនឡើង៣,៣% ធៀបនឹង១សប្ដាហ៍កន្លងទៅ ដោយក្រុមហ៊ុនអាកាសចរណ៍បានបន្ថែមកៅអីសម្រាប់ទទួលដឹកអ្នកដំណើរដល់ទៅ ជាង៨៨លានកៅអី ប៉ុន្ដែ វានៅតែមានទាបជាង២០% ធៀបនឹងឆ្នាំ២០១៩។ នេះបើតាម ទិន្នន័យពីក្រុមហ៊ុន វិភាគព័ត៌មានទាក់ទងនឹងការធ្វើដំណើរពិភពលោក OAG ដោយក្រុមហ៊ុននេះ បានអះអាងទៀតថា គេត្រូវការពេលវេលាយូរ និងជំរុញកំណើនកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឲ្យការធ្វើដំណើរអាចវិលទៅរកការពង្រីកចំនួនកៅអីសម្រាប់ទទួលអ្នកដំណើរតាមផ្លូវយន្ដហោះឲ្យបានដល់ជាង ១០០លានកៅអីនៅក្នុងមួយសប្ដាហ៍ ដូចអំឡុងឆ្នាំ២០១៩៕